ព្រះសីហនុៈ អតីតចៅសង្កាត់លេខ ១ ក្នុងខេត្តព្រះសីហនុដែលជាអតីតគណបក្សសង្គ្រោះជាតិ និងឪពុកក្មេកត្រូវបានជាប់ឃុំ បណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ដោយសារជាប់ចោទពីបទរំលោភយកដីព្រៃហាមឃាត់របស់រដ្ឋដែលមានចែងនៅក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
លោក អ៊ុក ចេត្តនី អតីតចៅសង្កាត់លេខ ១ នៃខេត្តព្រះសីហនុ និងលោក សំ ស៊ុន ត្រូវជាឪពុកក្មេកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុបានចេញដីកាឃុំខ្លួនអ្នកទាំង ២ កាលពីថ្ងៃទី ១៩ ខែមិថុនាដោយចោទប្រកាន់ថាបានរំលោភយកដីព្រៃហាមឃាត់របស់រដ្ឋតាមមាត្រា ៥៦ និង ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
កម្លាំងយោធាប្រចាំការនៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុចាប់ខ្លួនបុរសជាជនសង្ស័យទាំង ២ កាលពីរសៀលថ្ងៃទី ១៨ ខែមិថុនា ខណៈកំពុងកាប់ឆ្ការព្រៃដាំដំណាំនៅលើទីតាំងដីមួយកន្លែងដែលគ្រួសារអ្នកទាំង ២ បានទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុកាលពីឆ្នាំ ២០០៧។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុបានអះអាងថាជនសង្ស័យទាំង ២ ត្រូវតុលាការចោទពីបទកាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិតាមមាត្រា ៥៦ ចំណុច ៤ និង ៦២ ចំណុច ១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
អ្នកស្រី សំ ភ័ក្ត្រ ដែលជាភរិយាលោក អ៊ុក ចេត្តនី បានឲ្យដឹងថាការចាប់ខ្លួនស្វាមី និងឪពុកគឺអយុត្តិធម៌បំផុត ព្រោះមានពលរដ្ឋមួយចំនួនទៀតដែលបានទៅកាប់ឆ្ការព្រៃ ដើម្បីដាំដំណាំនៅលើដីនៅតំបន់នោះដូចគ្នាដែរតែមិនត្រូវបានចាប់ខ្លួននោះទេ។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើគេរកឃើញថាពួកគាត់ប្រព្រឹត្តខុស អាជ្ញាធរគួរតែចេញលិខិតព្រមាន ឬធ្វើកិច្ចសន្យាឈប់ធ្វើបែបនេះទៀត ព្រោះទីតាំងដីនោះមិនបានដាក់ស្លាកសញ្ញា ឬពន្យល់ពលរដ្ឋឲ្យបានដឹងពីដីរបស់រដ្ឋដែរ ហើយខ្ញុំក៏បានទិញបន្តពីអ្នកភូមិផ្សេងទៀតចាំបាច់អ្វីដល់យកទៅដាក់គុកតែម្ដង»។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានអះអាងថា បុគ្គលណាដែលបំពានអនុក្រឹត្យស្ដីពីការការពារដីព្រៃតំបន់នោះនឹងត្រូវទទួលទោសតាមច្បាប់។
លោកថ្លែងថា៖ «ដីព្រៃតំបន់ហ្នឹងគឺជាតំបន់ការពាររបស់រដ្ឋ ហើយមន្ត្រីរបស់យើងដើរល្បាតជាប្រចាំ។ អ៊ីចឹងបើសិនមានការរំលោភបំពានបែបនេះគឺយើងអនុវត្តច្បាប់ហើយ»។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុបានអះអាងថាលោកស្រីកំពុងតែតាមឃ្លាំមើលសំណុំរឿងដែលបានកើតឡើងនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់ទាន់បានសិក្សាពីដីនេះទេ ប៉ុន្ដែតុលាការបានសម្រេចឃុំខ្លួនពួកគាត់ហាក់ដូចជាលឿនពេក តុលាការគួរអនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំ ហើយធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាងនេះ ព្រោះរឿងនេះមើលទៅមានភាពមិនប្រក្រតីច្រើន»៕