ភ្នំពេញៈ លោកចៅ វាសនា អតីត​ចៅសង្កាត់រង​ទី​ ២ ក្រុង​ប៉ោយប៉ែត កូតា​គណបក្ស​ សម រង្ស៊ី កាលពី​ម្សិលមិញ​បាន​ស្នើសុំ​តុលាការ​កំពូល​ឲ្យ​ដោះលែង​រូបលោក​ពាក់ព័ន្ធ​នឹង​ការចូលរួម​ធ្វើ​បាតុកម្ម​បំផ្លាញ​ស្នាក់ការ​គយ​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ឆ្នាំ​ ២០១៥ ជា​បទ​ចោទ​ដែល​លោក​បាន​បដិសេធ ខណៈ​លោក​ត្រូវ​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ​។

លោក ចៅ វាសនា អាយុ​ ៥៥ ​ឆ្នាំ​បាន​ឆ្លើយ​នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ពី​ម្សិលមិញ​ថា ក្នុង​ឋានៈ​លោក​គឺជា​អតីត​ចៅសង្កាត់រង​ទី​ ២ ក្រុង​ប៉ោយប៉ែត​ដែល​កាល​នោះ​មាន​តួនាទី​ទទួល​ខុសត្រូវ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​ដោយ​មាន​ចេញ​លិខិត​បង្គាប់ការ​ពី​លោក​ចៅសង្កាត់​ប៉ោយប៉ែត​ផង​។

លុះ​កាល​នៅ​ថ្ងៃទី​ ២៥ ខែ​ឧសភា ឆ្នាំ​ ២០១៥ ​ស្រាប់តែ​មាន​ក្រុមកម្មករ អូស​រទេះ​ផ្ទុះ​ការតវ៉ា​នៅ​មុខ​ការិយាល័យ​គយ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ លោក​បន្ត​ថា នៅពេល​នោះ​មាន​ក្រុមកម្មករ​អូស​រទេះ​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ហើយ​លោក​ក្នុង​តួនាទី​ជា​ចៅសង្កាត់រង​បាន​ទៅ​អង្កេត​មើល​ក្នុង​នាម​អាជ្ញាធរ​ដែនដី​។ ពេល​លោក​កំពុង​ឈរ​អង្កេត​មើល​នោះ​ស្រាប់​តែមាន​បុរស​កម្មករ អូស​រទេះ​ម្នាក់​ឈ្មោះ​ ម៉ៅ ស៊ុន ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​វាយ​រហូត​សន្លប់ ហើយ​ត្រូវ​ក្រុមកម្មករ​ដូចគ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។ បន្ទាប់មក​មាន​សំឡេង​ស្រែកថា លោក ម៉ៅ ស៊ុន បាន​ស្លាប់​ហើយ​។

លោក​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ឮ​សម្រែក​បែបនេះ ខ្ញុំ​គ្រាន់តែ​ស្រែក​បន្ទរ​ថា ខ្ញុំ​សោកស្តាយ ម៉េច​ក៏​ធ្វើបាប​ប្រជាជន​ខ្ញុំ គឺ​ខ្ញុំ​គ្រាន់តែ​ស្រែក​ប៉ុណ្ណឹង​ទេ​»​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ ខណៈ​ចៅក្រម​សួរថា ពេល​លោក​ទៅ​ទីតាំង​បាតុកម្ម​នោះ តើ​លោក​មាន​បាន​ទទួលបញ្ជា​ពី​លោក​ចៅសង្កាត់​ប៉ោយប៉ែត​ទេ​? លោក វាសនា ប្រាប់​ចៅក្រម​ថា​ក្នុង​នាម​លោក​ជា​ចៅសង្កាត់រង​ទី​ ២ ​ហើយ​លោក​មាន​លិខិត​បង្គាប់ការ​ពី​លោក​ចៅសង្កាត់​រួចហើយ​នោះ​គឺ​លោក​មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​ចៅសង្កាត់​ទៀត​ទេ ហើយ​រាល់​កិច្ចការ​ដែល​លោក​បាន​ចុះទៅ​កន្លែង​ណាមួយ​ពេល​ត្រឡប់​មកវិញ​គឺ​លោក​តែងតែ​ធ្វើ​របាយការណ៍​ជូន​លោក​ចៅសង្កាត់​ជានិច្ច ហើយ​លោក​ចៅសង្កាត់​ក៏​មិន​ដែល​មាន​ប្រតិកម្ម​អ្វី​ដែរ​។

លោក​បន្តថា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ប៉ោយប៉ែត​នោះ ស្រឡាញ់​រាប់អាន​លោក​ច្រើនណាស់​។ លោក ចៅ វាសនា និយាយ​ថា​៖ «​សូម​តុលាការ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​រឿងនេះ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ ខ្ញុំ​សូម​តុលាការ​ដោះលែង​ខ្ញុំ ដើម្បី​ខ្ញុំ​បាន​ចេញ​ទៅ​រកស៊ី​ចិញ្ចឹម​គ្រួសារ​»​។

លោក វ៉េង ប៊ុនធឿន តំណាង ព្រះរាជអាជ្ញា បាន​សន្និដ្ឋាន​ថា​ក្នុង​សំណុំ​រឿង និង​តាម​ការសិក្សា​លើ​អង្គហេតុ​គឺ​លោក​យល់ឃើញ​ថា​ជន​ជាប់ចោទ ចៅ វាសនា ​បើ​យោងតាម​ដើមបណ្តឹង​របស់​មន្ត្រី​គយ​បាន​បង្ហាញ​ថា ជនជាប់ចោទ នៅពេល​នោះ​បាន​ដឹកនាំ​ក្រុម​បាតុករ​ហើយ​គាត់​បាន​និយាយ​ថា​គាត់​ជា​ចៅសង្កាត់រង​ទី​ ២ ​ទៀត​ដែល​ធ្វើ​ឲ្យ​ក្រុមកម្មករ​ជឿ​។

ម្យ៉ាង​ពេល​នោះ​គេ​ឮ​សំឡេង​ជនជាប់ចោទ​ស្រែក​ថា​លោក ម៉ៅ ស៊ុន ស្លាប់​ហើយ​ដែល​រឹតតែ​ធ្វើឲ្យ​ក្រុម​កម្មករ​ផ្ទុះ​កំហឹង ហើយ​បាន​​សម្រុក​ចូល​វាយកម្ទេច​ការិយាល័គយ និង​ទ្រព្យសម្បត្តិ​ក្នុង​នោះ​ផង​។ ចំពោះ​នៅ​តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ច្រឡំ​ចោទ​តាម​មាត្រា​ ២៩ ដូច្នេះ​សុំ​កែ​មក​មាត្រា​ ២៨ នៃ​ក្រមព្រហ្មទណ្ឌ​វិញ​។

លោក​ថា​៖ «​តាំងពី​សមត្ថកិច្ច​ចាប់ខ្លួន​គាត់​មក​គឺ​នៅ​តំបន់​ក្រុង​ប៉ោយប៉ែត​នោះ​មាន​សន្តិសុខ​ស្ងប់ស្ងាត់​ល្អ​ណាស់​។ ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​»​។

លោក ជូង ជូងី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក ចៅ វាសនា សន្និដ្ឋាន​ថា​លោក​ ចៅ វាសនា ជា​ចៅសង្កាត់រង​នៅ​សង្កាត់​ប៉ោយប៉ែត ហើយ​គាត់​ត្រូវ​បាន​លោក​ចៅសង្កាត់​ប៉ោយប៉ែត​ចេញ​លិខិតបញ្ជាក់​ឲ្យ​គាត់​ទទួល​ភារកិច្ច​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​។ ដូច្នេះ​ពេល​ណា​ដែល​កើតមាន​ហេតុការណ៍​នៅក្នុង​​មូលដ្ឋាន គឺ​គាត់​តែងតែ​ចុះ​ទៅ​អន្តរាគមន៍​ដែល​គាត់​មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​លោកចៅ​សង្កាត់​ទៀត​ទេ​។

ត្រង់​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​សាធារណៈ​សួរ​ថា មាន​ភាពចាំបាច់​ទេ ត្រូវ​សុំ​លិខិត​​បេសកកម្ម ហើយ​បើ​ពេល​ទៅ​បំពេញ​ការងារ​ទាល់តែ​សុំ​ការអនុញ្ញាត​ពី​ចៅសង្កាត់​បែប​នេះ​គឺ​ច្បាប់​គ្មាន​ន័យ​ទេ​។

លោក​បន្តថា​តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ចោទ​លោក​ ចៅ វាសនា ២ បទ​ចោទ​ទី​ ១ គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​សមគំនិត​ក្នុង​អំពើ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​តាម​មាត្រា ៤៩៤,៤៩៥,៤១០,៤១២,៤១៣ និង មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ​ជា​មូលដ្ឋាន​ក្នុង​ការចោទប្រកាន់​។ ប៉ុន្តែ​ការចោទ​តាម​មាត្រា ៤៩៥,៤១០,៤១២,៤១៣ មិន​ត្រឹមត្រូវ​ទេ ព្រោះ​គ្មាន​អ្វី​សំអាង​ថា​លោក​ ចៅ ​វាសនា បាន​ប្រព្រឹត្ត​ខុស​។

លោក បន្ត​ថា​ក្នុង​រឿងក្តី​នេះ​តុលាការ​បាន​ចោទ​មនុស្ស ៧ ​នាក់​ទៀត​ ក្នុង​បទសមគំនិត តែ​តុលាការ​មិនទាន់​ហៅ​ពួកគេ ដើម្បី​បាន​ឆ្លើយ​ក្នុង​តុលាការ​ទេ គឺ​សុទ្ធតែ​ជំនុំជម្រះ​ និង​ប្រកាស​សាលក្រម​កំបាំង​មុខ​អ្នក​ទាំង​ ៧ ​នាក់​ទាំងអស់​។ ដូច្នេះ​ពួកគាត់​មាន​សិទ្ធិ​ប្តឹង​ជំទាស់​នឹង​សាលក្រម​នេះ ហើយ​តុលាការ​មិនអាច​សន្និដ្ឋាន​ថា ពួកគាត់​ប្រព្រឹត្ត​ទេ កាលណា​ពួកគាត់​មិនទាន់​​មាន​សាលក្រម​ស្ថាពរ​។

លោក​ ជូង ជូងី បញ្ជាក់ថា៖ «​រឿងនេះ​គ្មាន​ភ័ស្តុតាង និង​សាក្សី​ច្បាស់លាស់​ខ្ញុំ​សុំ​តុលាការ​ដោះលែង​គាត់​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា​សាលដីកា​ប្រកាស​នៅ​ថ្ងៃទី​ ២ ​ខែ​តុលា​។

លោក​ ចៅ វាសនា ត្រូវ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា ឆ្នាំ​ ២០១៨ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ការខូចខាត​ការិយាល័យ​គយ​ ១ ​ម៉ឺន​ដុល្លារ​សង​លោក​ គង់ សាអែម ជា​មន្ត្រី​គយ​ ៥០០ ​ដុល្លារ​ថ្លៃ​ព្យាបាល ម្ចាស់​រថយន្ត​ ៨​ ​គ្រឿង​មាន​ពី​ ៣០០ ​ដល់​ ៧០០ ​ដុល្លារ​ផង​។ ដោយ​មិន​សុខចិត្ត​លោក​ វាសនា បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​ ១៣ មីនា ឆ្នាំ ២០១៩ តម្កល់​សាលក្រម​របស់​សាលាដំបូង​ឲ្យ​នៅ​ដដែល​៕