ភ្នំពេញៈ អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​លោក គង់ បូរ៉ា ដែល​ស្ថិត​ក្នុង​ចំណោម​អតីតមន្ត្រី​ជាន់ខ្ពស់ ១១៨ ​នាក់​ របស់​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​លោក​បាន​ចូលរួម​រស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​។

ការតែងតាំង​នេះ​កើតមាន​ឡើង បន្ទាប់ពី​លោក គង់ បូរ៉ា ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា​សមាជិក​គណបក្ស​ប្រជាជន​កាល​ថ្ងៃទី​ ១០ ខែ​ តុលា ឆ្នាំ​ ២០១៩ នាទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។

បើ​យោងតាម​ព្រះរាជក្រឹត្យ​ដែល​ចុះ​ថ្ងៃទី​ ២៦ ខែ​ តុលា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ព្រៃវែង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​មាន​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹងធ្វើ​ការសម្រេច​បែងចែក​ភារកិច្ច​ជូន​លោក គង់ បូរ៉ា បន្ទាប់ពី​លោក​ត្រូវ​បាន​តែងតាំង​។

លោក​បាន​បញ្ជាក់ថា​៖ «​លិខិត​ហ្នឹង​គឺ​ផ្លូវការ​ហើយ​ពិធី​ប្រកាស​ក្រសួង​នឹង​រៀបចំ​ក្រោយ​ទៀត​។ គណបក្ស​ណាក៏ដោយ ហើយ​អ្នកណា​ក៏ដោយ ដែល​ចង់​ចូល​គណបក្ស​ប្រជាជន យើង​ស្វាគមន៍​។ យើង​មិនមាន​ការរើសអើង​ដោយសារ​តែ​គោលការណ៍ គណបក្ស​ប្រជាជន​យើង​បង្រួបបង្រួម​កម្លាំង​ស្នេហា​ជាតិ​ទាំងអស់​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ ហើយ​បើ​គាត់​គ្រប់​លក្ខណសម្បត្តិ​យើង​បញ្ចូល​គាត់​»​។

លោក គង់ បូរ៉ា បាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​រូបលោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​បំផុត បន្ទាប់ពី​ទទួល​បាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ មូលហេតុ​ដោយសារ​តែ​ខ្ញុំ​មិន​ចង់​មានឈ្មោះ​នៅក្នុង​គណបក្ស​សង្គ្រោះជាតិ​ដែល​បច្ចុប្បន្ន​គណបក្ស​នេះ ដែល​ជា​ពិសេស​លោក​ សម រង្ស៊ី បាន​ប្រើប្រាស់​បដិវត្តន៍​ពណ៌​ដើម្បី​បង្ក​ភាពវឹកវរ​ និង​ចលាចល​ដូច្នេះ​ហើយ​មាន​តែ​ការចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ដែល​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។

ប្អូនប្រុស​លោក គង់ បូរ៉ា គឺ​លោក​ គង់ មុនីកា ដោយ​មាន​ការជួយ​គាំទ្រ​ពី​លោក គង់ គាំ ជា​ឪពុក​របស់​លោក​ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ឆន្ទៈ​ខ្មែរ​។

នៅពេល​ដែល​សួរថា ហេតុអ្វី​បាន​ជា​លោក​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្អូនប្រុស​របស់​លោក លោក បូរ៉ា ថ្លែងថា​៖ «​ខ្ញុំ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​គឺជា​ជម្រើស​ និង​វប្បធម៌​ថ្មី​សម្រាប់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ចង់​ចូលរួម​ជាមួយ​កម្លាំង​អ្នកស្នេហាជាតិ ដែល​មាន​នៅក្នុង​គណបក្ស​ប្រជាជន​។ យើង​មិនមាន​ទេ (​ទំនាស់​ជាមួយ​ប្អូន​) ​ដោយសារ​តែ​គ្រួសារ​ខ្ញុំ តែងតែ​បើក​ទូលាយ ជាពិសេស​លោកឪពុក​របស់​ខ្ញុំ​។ មិន​មាន​ការគាបសង្កត់​ណាមួយ​ផ្នែក​ផ្លូវចិត្ត​នោះទេ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​បាន​ពិនិត្យ​ និង​យល់ច្បាស់​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​របស់គេ​មាន​ស្រទាប់​យុវជន​ជាច្រើន​ និង​ធនធាន​គ្រប់​ខេត្ត និង​រចនាសម្ព័ន្ធ​របស់​គេ​គ្រប់គ្រាន់​។ និយាយ​រួម​គេ​មាន​លទ្ធភាព​នឹង​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាមួយ​នឹង​គណបក្ស​ដទៃ​ផ្សេងទៀត​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វាគមន៍​ការ​ដែល​លោក បូរ៉ា ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ លោក​ថ្លែងថា ការចាកចេញ​របស់​ បូរ៉ា អាច​ធ្វើឲ្យ​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ចោទប្រកាន់​ថា លោក​ បូរ៉ា អាច​លក់ខ្លួន​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​​ការសម្រេចចិត្ត​របស់​បុគ្គល ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​មើលឃើញ​ថា ការដើរចេញ​របស់​លោក​ (​បូរ៉ា​) គឺជា​ការដើរចេញ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។ សម្រាប់​ប្រទេស​ កម្ពុជា ​ដែល​មិនទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ ហើយ​វា​អាច​ឆ្លុះបញ្ចាំង​បុគ្គល​មួយ​មាន​ជំហរ​មិន​ច្បាស់លាស់​»៕