ភ្នំពេញៈ លោក ជាម ចន្នី អតីត​តំណាង​រាស្រ្ត អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្ត​កំពង់​ចាម បាន​ទទួល​មរណ​ភាព​ហើយ​ នៅ​រសៀល ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ ២០១៨ នៅ​គេហ​ដ្ឋាន​របស់​លោក ក្នុង​សង្កាត់ ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ជំងឺ​ ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។ នេះ​បើ​តាម លោក មុត ចន្ថា នាយ​កខុទ្ទ​កា​ល័យ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា​។

លោក អ៊ូ ​ច័ន្ទ​រ័ត្ន អតីត​តំណាង​រាស្ត្រ​ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុស្ដិ៍​ម្សិល​មិញ​ថា ​តាម​ការ​ផ្សព្វ​ផ្សាយ​សារ​រំលែក​ទុក្ខ​​របស់​លោក ​មុត ​ចន្ថា ​ មរណ​ភាព​ របស់​លោក ​ជាម​ ចន្នី ​គឺ​ជា​ព័ត៌​មាន​ពិត​ហើយ​។

លោក​បញ្ជាក់​ថា​៖​«ឯក​ឧត្ដម​ ជាម​ ចន្នី ​មាន​ជន្នាយុ ​៥៨ ​ចូល​ ៥៩​ ឆ្នាំ​ហើយ ​នេះ​បើ​តាម​ខ្ញុំ​ចាំ​។ ​ គាត់​មាន​ជំងឺ​​ដុំ​សាច់ ក្នុង​ខួរ​ក្បាល ហើយ​គាត់​ធ្លាប់​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ពីរដង​រួច​មក​ហើយ​»។

លោក ច័ន្ទរ័ត្ន បាន​ឲ្យ​ដឹង​ថា ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​របស់​លោក ចន្នី រហូត​ឈាន​ទៅ​វះកាត់​ដល់​ប្រទេស​ថៃ​នេះ គឺ​ជា​ជំងឺ​​ដូច​ជាជំងឺ​​មហា​រីក​ដែរ​។

លោក​បានបញ្ជាក់ថា​៖«​មួយ​រយៈ​ក្រោយ​នេះ គាត់​ត្អូញ​ថា ឈឺ​ក្នុង​​ពោះ​ ពេល​ទៅ​ពិនិត្យ​មើល​ ដុំ​សាច់​នេះ បាន​រាលដាល​ទៅ​ដុះ​ដល់​ក្នុង​ពោះ​វៀន​​ថែម​ទៀត ហើយ​ថា ​នឹង​ទៅ​វះ​កាត់​ពោះ​វៀន​ថែម​ទៀត​ តែឥឡូវ​មិន​ទាន់​បាន​ទៅ​វះ​ផង​»។

បើ​តាម​លោក ច័ន្ទ​រ័ត្ន លោក ជាម ចន្នី ជា​តំណាង​រាស្ត្រ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ ដែល​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ដ​ យ៉ាង​សកម្ម​នៅ​ក្នុង​មូល​ដ្ឋាន​ និង​ជា​តំណាង​រាស្រ្ដ​ម្នាក់​ ហ៊ាន​ថា ហ៊ាន​និយាយ​ ហ៊ាន​ធ្វើកិច្ច​ការ​ងារ​ជា​ច្រើន​ក្នុង​តួនា​ទីជា​តំណាង​រាស្រ្ដ​នេះ​។

លោក​ឲ្យ​ដឹង​ថា៖«​លោក​(ចន្នី)មាន​ប្រជា​ប្រិយ​ភាព​ជា​មួយ​ប្រជា​ពលរដ្ឋ​​នៅ​មូល​ដ្ឋាន​ និង​សកម្ម​ជន​​គាំ​ទ្រ ​បាន​ចូល​ចិត្ដ ​និង​គាំទ្រ​គាត់​ច្រើន​។ លោក​​ក៏ធ្លាប់​ជាប់​ពន្ធនា​គារ​ម្ដង​ផង​ដែរ​ កាល​ពី​អា​ណត្ដិ​ទី ២ ​ដែល​លោក​ចូល​រួម​ក្នុង​គណ​បក្ស​ជាតិ​ខ្មែរ​»។

លោក មុត ចន្ថា បាន​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​លើ​ហ្វេ​សប៊ុក​របស់​លោក​​ដោយ​អម​ជា​មួយ​រូប​ថត​របស់​លោក​ជាម ចន្នី​ជា​ច្រើន​សន្លឹក​ថា​ លោក​ពិត​ជា​មាន​សេច​ក្ដី​ក្ដុក​ក្ដួល​ និង​រន្ធត់​ណាស់ ដោយ​ទទួល​ដំណឹង​ថា លោក ជាម​ ចន្នី តំណាង​រាស្រ្ដ នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់​ចាម បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ​ទី២៥ ខែ​តុលា​ ឆ្នាំ ២០១៨​ នេះ​។

លោក​​សរសេរ​បន្ត​​ថា​៖​«​យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ និង​អាឡោះ​អាល័យ​បំផុត ​ចំពោះ​ការ​បាត់​បង់​នូវ​ ឯក​ឧត្ដម​ ជាម ចន្នី ដែល​ជា​អ្នក​ស្នេហា​ជាតិ ​មាតុ​ភូមិ​ ដែល​ស្ទើរ​តែ​ពេញ​មួយ​ជិវិត​របស់​ ឯក​ឧត្ដម​ បាន​ពលិកម្ម​យ៉ាង​ធំ​ធេង​ ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ​មាតុ​ភូមិ​ ពីការ​ឈ្លាន​ពាន​របស់​បរទេស​ និង​បុព្វ​ហេតុ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​»។

បើ​តាម​ការ​បញ្ជាក់ របស់​លោក មុត ចន្ថា ក្នុង​បុព្វហេតុ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ លោក​​ចន្នី បាន​ប្រ​ឈម​នឹង​ការ​គំរាមកំហែង គ្រប់​បែប​យ៉ាង និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​រឿង​រៀប​ចំ​កង​ទ័ព​នៅ​ក្នុង​រដ្ឋាភិបាល​ស្រមោល​​។

លោក​​ ចន្នា បន្ដ​ថា៖«ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​ពុំ​បាន​រាថយ​ឡើយ​ ព្រោះ​លោក​មាន​បំណង​ប្រា​ថ្នា ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ សេរី​ភាព​ពេញ​បរិបូរណ៍ យុត្ដិ​ធម៌ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​។ ការ​បាត់​បង់​  ឯក​ឧត្ដម​ ជាម ចន្នី គឺជា​ការ​បាត់​បង់​ធន​ធាន​មនុស្ស​ និង​ជាអ្នក​ស្នេហា​ជាតិ​ប្រ​កប​ដោយ​ឧត្ដម​គតិ​ម្នាក់​»។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋ​សភា​កម្ពុជា ​បាន​ថ្លែង​ថា ចំពោះ​តំណាង​រាស្រ្ដ​ដែល​ចេញ​ពី​តំណែង​ហើយ​បែប​នេះ ​តាម​ច្បាប់ ​ស្ថា​ប័ន​រដ្ឋ​សភា ​មិន​មាន​កាតព្វ​កិច្ច​ ដើម្បី​រៀប​ចំ​​ពិធី​បុណ្យ​អ្វី​សម្រាប់​គាត់​ទៀត​នោះ​ទេ​។

លោក​បន្ដ​ថា​៖«ប៉ុន្ដែ​បើ​មាន​តំណាង​រាស្រ្ដ ឬក៏មាន​បង​ប្អូន​ណា ​គាត់​ចង់​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​សព ​ក៏​យើង​មិន​ថា​ ​អ្វី​ដែរ​។ ​ប៉ុន្ដែ​តាម​ច្បាប់​ យើង​អត់​មាន​​ត្រូវ​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​តំ​ណាង​រាស្រ្ដ​ ដែល​ចេញ​ពីតំណែង​ហើយ​ទេ​»។

លោក​បញ្ជាក់​​ថា៖​«​តាម​ដែល​ធ្លាប់​រាប់​អាន​គ្នា ធ្លាប់​ស្គាល់​ រាក់ទាក់ ​ជា​មួយ​នឹង​គ្នា​ចឹង ​យើង​អាច​នឹង​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ តាម​មនោ​សញ្ចេត​នា​ដែរ​។ ​តែ​បើ​តាម​ច្បាប់​ យើង​ (រដ្ឋ​សភា)​ មិន​មាន​កំណត់​ឲ្យ​ធ្វើ​បុណ្យ​ធ្វើ​ទាន​អ្វីទេ ចំពោះ​អ្នក​តំណាង​រាស្រ្ដ​ដែល​ចេញ​ពី​តំណែង​ហើយ​»៕