ភ្នំពេញៈ ខណៈ​ដែល​បាតុកម្ម​ប្រឆាំង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា បាន​និង​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការវិល​ត្រឡប់​មក​វិញ​នូវ​វត្តមាន​ក្រុម​អ្នក​នយោបាយ​របស់​ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ចុង​ខែ​ក្រោយ​នេះ​។

ថ្លែង​នៅ​មុខ​បាតុករ​រាប់ពាន់​នាក់​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជិត​ស្ថានទូត​ជប៉ុន​ដែល​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​សុំ​ឲ្យ​ជប៉ុន​ផ្អាក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​នោះ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​លោកស្រី​ មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា​ញត្តិ​ដែល​មាន​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ពលករ​ខ្មែរ​រាប់ម៉ឺន​នាក់​មកពី​សហរដ្ឋអាមេរិក ប្រទេស​កូរ៉េ និង​ពលករ​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​ដង្ហែ​ទៅ​ស្ថានទូត​ជប៉ុន​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ការផ្តល់​ជំនួយ​ដល់ គ.ជ.ប.​ សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ថ្ងៃទី​ ២៩ កក្កដា​។

លោកស្រី​បាន​បញ្ជាក់​ថា ការបោះឆ្នោត​មួយ​ដែល​មិនមាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​ចូលរួម​ប្រកួត​នឹង​មិន​ត្រូវ​បាន​ទទួលស្គាល់​ទូលំទូលាយ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ ដើម្បី​​បើក​ផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​ ឬ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ ដែល​លោកស្រី​ចាត់ទុក​ថា​ជា​ផ្លូវ​ច្បាប់​ដែល​អនុវត្ត​ដោយ​តុលាការ​អយុតិ្តធម៌​នៃ​របប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ត្រូវតែ​ទាមទារ​ឲ្យ​មាន​ការ​វិលត្រឡប់​ទៅវិញ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ផុត​ពី​កណ្តាប់​ដៃ​នៃ​តុលាការ​អយុត្តិធម៌​នៃ​លោក​ ហ៊ុន សែន គឺ​យើង​ត្រូវ​តែ​អាច​ត្រឡប់​ទៅ​ប្រទេស​ជាតិ​វិញ​កុំ​ឲ្យ​មាន​ការ​ចាប់ចង​។ ឲ្យ​បញ្ចប់​ជា​ដាច់ខាត​នូវ​ច្បាប់​ណា​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​អយុត្តិធម៌​នៃ​របប​លោក​ ហ៊ុន សែន ចាប់ចង​អ្នក​ស្នេហា​ជាតិ​បង្ខំ​ឲ្យ​អ្នក​ស្នេហាជាតិ​និរទេស​ខ្លួន​។ យើង​ទាមទារ​ឲ្យ​មាន​ការ​វិលត្រឡប់​ទៅវិញ ហើយ​យើង​នឹង​វិល​ត្រឡប់​ទៅវិញ តែ​យើង​មិន​វិល​ត្រឡប់​ទៅវិញ​ឲ្យ​គេ​ចាប់ចង​ទេ​»​។

បើ​ទោះបី​បាតុកម្ម​ត្រូវ​បាន​ធ្វើជា​ហូរហែ​នៅ​ប្រទេស​បារាំង អាមេរិក នូវែលសេឡង់ និង​ជប៉ុន​កន្លង​មក​ក៏ដោយ ប៉ុន្តែ​លោកស្រី​ មូរ សុខហួរ អះអាង​ថា​បាតុកម្ម​នឹង​នៅ​តែ​បន្ត​ធ្វើ​ទៀត​មិន​ឈប់​ឡើយ រហូត​ទាល់​តែមាន​ដំណោះស្រាយ​សម្រាប់​នយោបាយ​នៅ​កម្ពុជា​។ លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ជា​ពលរដ្ឋ​ខ្មែរ​យើង​មាន​ជម្រើស ហើយ​ជម្រើស​យើង​ច្បាស់​ណាស់ យើង​មិន​ផ្តល់​ឲ្យ​លោក​ ហ៊ុន សែន មាន​ភាព​ស្រប​ច្បាប់​នូវ​ការបោះឆ្នោត​មួយ​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ មិន​សេរី​ទេ​»​។

លោកស្រី​បញ្ជាក់​ថា​៖ «​ដូច្នេះ​យើង​ត្រូវ​តែ​ទាមទារ​ឲ្យ​បាន​នូវ​ការបោះឆ្នោត​មួយ​ដែល​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​អត់​ស្លាប់​ទេ​។ សូម​ឲ្យ​លោក​ ហ៊ុន សែន គោរព​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ពាក់កណ្តាល​នគរ​ដែល​បាន​គាំទ្រ​ឲ្យ​ជ្រើសរើស​យក​អ្នក​ដឹកនាំ​ពិតប្រាកដ​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​»​។

ឆ្លើយតប​នឹង​បក្ស​ចំនួន​ ១៩ ​ដែល​ចូលរួម​ប្រកួត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី​ថា​៖ «​ទោះបី​ជា​មាន​គណបក្ស​រាប់​រយ​ក៏ដោយ ក៏​ប៉ុន្តែ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​តំណាង​នៃ​ពាក់កណ្តាល​នគរ យើង​មិន​អាច​ទទួល​យក​បាន​ថា ជា​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​»​។

លោកស្រី​ មូរ សុខហួរ ថ្លែង​ថា​ញត្តិ​ដែល​មាន​ឈ្មោះ​ពលរដ្ឋ ឬ​ពលករ​រាប់ពាន់​នៅ​កូរ៉េ នៅ​អាមេរិក​រាប់ពាន់​ឈ្មោះ​ទៀត និង ពលករ​នៅ​ប្រទេស​ថៃ​ក៏​នាំ​ញត្តិ​ទៅ​ជប៉ុន​ដែរ គឺ​រាប់ម៉ឺន​នាក់​ដើម្បី​ជម្រាប​ជប៉ុន​ថា​ «​សូម​ដក​ខ្លួន​ចេញ​ពី​ គ.ជ.ប.។ យើង​គោរព​ប្រទេស​ជប៉ុន រដ្ឋាភិបាល​ជប៉ុន ដូច្នេះ​ហើយ​បាន​យើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ យើង​សូម​ទទូច​ឲ្យ​ប្រទេស​ជប៉ុន​ដក​ជំនួយ​ពី​ គ.ជ.ប ដែល​ពេល​នេះ គ.ជ.ប គឺ​នៅក្នុង​កណ្តាប់ដៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​»​។

ប៉ុន្តែ​បើ​តាម​ការអះអាង​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​ ឡុង ឌីម៉ង់ ដែល​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹងថា ចំនួន​ពលករ​ខ្មែរ​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ក្រុង​សេអ៊ូល​ថ្ងៃទី​ ២៤ កក្កដា គឺ​មាន​ប្រមាណ​ជាង​ ១០០០ ​នាក់​ដែល​មិន​ដល់​ ២% ​ផង ដែល​ចំនួន​នេះ​មិន​អាច​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ៦ ​ម៉ឺ​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នោះ​ទេ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន ចាត់ទុក​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ថា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ ហើយ​ថា​បាតុករ​ប្រមាណ​ ២ ​ពាន់​នាក់​ធ្វើ​បាតុកម្ម​នេះ​គឺ​តិច​បំផុត​បើ​ធៀប​នឹង​ចំនួន​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​រាប់ម៉ឺន​នាក់​នោះ ដូច្នេះ​វា​មិន​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​សំឡេង​ភាគច្រើន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។

លោក​ សុខ ឥសាន បញ្ជាក់​ថា​៖ «​នេះ​គ្រាន់​តែ​ជា​ល្បិច​ទុច្ចរិត ដែល​យក​សំឡេង ដើម្បី​ធ្វើ​ម៉េច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ធ្វើ​តាម​ការទាមទារ​របស់​ខ្លួន ប៉ុន្តែ​ជាការយល់​ច្រឡំ​ធំ​ហើយ ដែល​ចាត់​ទុក​ប្រទេស​ជប៉ុន​នៅ​ទន់ជ្រាយ ទោរទន់​ទៅ​តាម​ការទាមទារ​នោះ​វា​អត់​ផ្លូវ​នោះ​ទេ​។ គេ​មិន​អាច​យក​ឯករាជភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​គេ​មួយ​ទៅ​ដោះដូរ​ជាមួយ​នឹង​ក្រុម​បាតុករ​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ​បាន​ទេ​»​។

លោក​បន្ថែម​ថា​៖ «​ចង់​មកវិញ អាហ្នឹង​គាត់ ​[​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​]​មក​វិញ​បាន​តើ​។ គាត់​មាន​បញ្ហា​អី ដែល​សកម្មភាព​ចូល​ទៅ​ក្នុង​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​អាហ្នឹង​មាន​ពិរុទ្ធភាព អាហ្នឹង​តុលាការ គេ​ចាត់​នីតិវិធី​ស្រប​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ហើយ​។ បើសិន​ណា​អត់​មាន​ពិរុទ្ធភាព​ទេ​ចូល​មក​ធ្វើ​ប្រជាជន​ធម្មតា​សិន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ អាហ្នឹង​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​»​។

មន្ត្រី​ជាន់ខ្ពស់​ ១១៨ ​រូប​នៃ​បក្សប្រឆាំង​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ ក្រោយ​​បក្ស​នេះ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយ​មេបក្ស​លោក​ កឹម សុខា ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់ជាតិ​ដែល​មជ្ឈដ្ឋាន​​ជាច្រើន​ចាត់ទុក​ជា​រឿង​នយោបាយ​៕