ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយទៅដល់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន ៧ រូប បន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ ដោយទ្រង់បានត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឱ្យឈ្មោះបុគ្គលចំនួន ៧ រូបផ្សេងៗគ្នា ដែលត្រូវបានហាមឃាត់ក្នុងការធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំតាមអំណាចសាលដីកា ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល។
ព្រះរាជក្រឹត្យបានបន្តថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តន៍ព្រះរាជក្រឹត្យនេះចាប់តាំងពីថ្ងៃឡាយព្រះហស្ថលេខាតទៅ»។
បុគ្គលចំនួន ៧ រូប ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា, លោក ជុំ ច័ន្ទដាវិន, លោក ទួតឃឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និងលោកស្រី យ៉ង់ ផាន់ណេត៕