The Phnom Penh Post Search

Search form

អតីត​ថ្នាក់​ដឹកនាំ​ CNRP ៦០% ​ឈរ​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​​គណបក្ស​ឆន្ទៈ​ខ្មែរ

Content image - Phnom Penh Post
លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​កូនប្រុស​របស់​លោក គង់ គាំ។ រូបថត Twitter

អតីត​ថ្នាក់​ដឹកនាំ​ CNRP ៦០% ​ឈរ​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​​គណបក្ស​ឆន្ទៈ​ខ្មែរ

ភ្នំពេញៈ យ៉ាង​ហោចណាស់​មាន​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ ៦០ ភាគរយ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ និង​បម្រុង​នៅក្នុង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​បាន​បង្កើត​ថ្មីៗ ហើយ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ក្នុង​ការចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​កូនប្រុស​របស់​លោក គង់ គាំ ជា​អ្នក​នយោបាយ​ជើង​ចាស់​ម្នាក់​នៅក្នុង​ជួរ​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​យក​សន្លឹកឆ្នោត​ពី​អ្នក​ដែល​ធ្លាប់​បោះឆ្នោត​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ៣ ​លាន​នាក់​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៣​។ គណបក្ស​នេះ​បាន​ជំទាស់​ទៅ​នឹង​ចលនា​នៃ​គណបក្ស​ប្រឆាំង​មួយ​ក្រុម​ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ទៅ​បោះឆ្នោត ហើយ​បាន​ចាត់​ទុក​ថា​ចលនា​នេះ​គឺជា​ការប្រគល់​អំណាច​ទៅ​ឲ្យ​គណបក្ស​ដែល​កំពុង​កាន់​រដ្ឋាភិបាល​។

យោង​តាម​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​អតីតមន្ត្រី​ថ្នាក់​កណ្ដាល និង​ថ្នាក់មូលដ្ឋាន​ជាច្រើន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅក្នុង​គណបក្ស​នេះ​នៅ​គ្រប់​មណ្ឌល​រាជធានី/ខេត្ត​ទាំង​ ២៥​។ បេក្ខជន​សំខាន់ៗ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រួមមាន​ដូចជា​លោក​ ហ៊ីង យឿន អតីត​អគ្គលេខាធិការង​ព្រឹទ្ធសភា​ឈរ​នៅ​មណ្ឌល​ព្រៃវែង​, លោក​ អ៊ី មុយលី អតីត​ជំទប់​ទី ១ ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ឈរ​នៅ​មណ្ឌល​ស្វាយរៀង​, លោក​ ផល ស៊ីថុន អតីត​ចៅសង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ​ឈរ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ ខណៈ​ឯ​លោក តុល ប្រាសាទ អតីត​លេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កណ្ដាល​ឈរ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​ជាដើម​។

ថ្នាក់ដឹកនាំ​គណបក្ស​នេះ​អះអាង​កាលពី​ម្សិលមិញ​ថា​ក្នុង​ចំណោម​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ និង​បម្រុង​របស់​ខ្លួន​ចំនួន ២៦១ នាក់​ដែល​ប្រមែប្រមូល​ត្រឹម​តែ ១៤ ថ្ងៃ​ក្រោយ​ការបង្កើត​គណបក្ស​ជា​ផ្លូវការ​កាលពី​ចុង​ខែ​មេសា​មាន​ ៦០ ​ភាគរយ ហើយ​បេក្ខជន​ទាំង​នោះ​ជា​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​តួនាទី​ចាប់ពី​សកម្មជន ចលនា​យុវជន មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា​ស្រុក​/​ខណ្ឌ រហូត​ដល់​សមាជិ​ក្រុមប្រឹក្សា​ខេត្ត​ជាដើម​។

លោក​ ស៊ីថុន អគ្គលេខាធិការរង​គណបក្ស​ឆន្ទៈ​ខ្មែរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​បទសម្ភាស​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា បើ​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​នោះ​នឹង​គ្មាន​ទេ​គណបក្ស​ឆន្ទៈ​ខ្មែរ​។

លោក​បាន​ប្រៀបធៀប​យុទ្ធនាការ​ឃោសនា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​បោះឆ្នោត​គឺជា​ការ​ហុច​ប្រយោជន៍​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន យ៉ាង​ងាយស្រួល​។

លោក​ថ្លែង​ថា​៖ «​បើ​ឆន្ទៈ​ពលរដ្ឋ​ធ្លាប់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជា​ដេក​ផ្ទះ​ឈ្នះ​ស្អាត គេ​នឹង​ឈ្នះ គេ​ដឹកនាំ​ ៥​ ​​ឆ្នាំ​ទៀត អ៊ីចឹង​ចាំ​ ៥ ​ឆ្នាំ​ទៀត​ទៅ​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​ គង់ មុនីកា អះអាង​ថា​គណបក្ស​ឆន្ទៈ​ខ្មែរ​កំពុង​តែ​ដំឡើង​ស្លាក​សញ្ញា​គណបក្ស ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​ជាដើម​ដែល​មាន​ក្រុម​មេខ្យល់​នៅ​ទូទាំង​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​ពី​គណបក្ស ពិសេស​កៀរគរ​រក​អតីត​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ពង្រីក​សកម្មជន​របស់​យើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​តាម​ស្រុក តាម​ឃុំ ដើម្បី​ឲ្យ​ពួកគាត់​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​គណបក្ស និង​គោលបំណង​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​រៀបចំ​រចនាសម្ព័ន្ធ​ខ្លះ​ឈាន​ទៅ​ពង្រីក​ខ្លួន​បន្ថែម​ទៀត​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ គង់ គាំ ឪពុក​របស់​លោក គង់ មុនីកា ដែល​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏គួរ​ឲ្យ​គោរព​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ប៉ុន្តែ​លោក​បាន​អះអាង​ថា​៖ «​ខ្ញុំ​មើល​មិន​ឃើញ​ថា មាន​កម្លាំង​ណា​មួយ​ដែល​អាច​ទៅ​ជំនួស CNRP បាន​ទេ បើ​ទោះបី​ជា​គាត់​មាន​សមាជិក​ប៉ុន្មាន​ភាគរយ​ក៏ដោយ តែ​ពួកគេ​ជា​មន្ត្រី​មូលដ្ឋាន​ដែល​យក​ទៅ​ឈរ​ដល់​ថ្នាក់​តំណាងរាស្ត្រ ដោយ​ពួក​ខ្ញុំ ១១៨ នាក់​មិន​ទាំង​ដឹងផង តែ​គាត់​អាច​ធ្វើ​កើត ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការទាញ​យក​សំឡេង​ឆ្នោត​ទេ​»​។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​បាន​អះអាង​ថា​គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​អាច​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ឬ​ក្នុង​អាណត្តិ​នេះ​បាន​ទេ ដោយសារ​តែ​ពលរដ្ឋ​នៅ​មិន​ទាន់​ស្គាល់​គណបក្ស​នេះ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​ហាក់​មាន​សុទិដ្ឋិនិយម​ថា​គណបក្ស​មួយ​នេះ​អាច​នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​។

លោក​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេលនេះ​យើង​ដូចជា​អត់​ឃើញ​មាន​សមាសភាព​ជាក់ស្ដែង​ច្បាស់លាស់​ទេ ទាំង​រចនាសម្ព័ន្ធ​អំណាច សឹង​តែ​ថា ដូច​ខ្យល់​អ៊ីចឹង​។ ខ្ញុំ​យល់​ថា​គណបក្ស​នេះ​មិន​អាច​ជំនួស​សង្គ្រោះ​ជាតិ​បាន​ទេ ទោះបី​ជា​ក្នុង​អាណត្តិ​នេះ ឬ​អាណត្តិ​ក្រោយ​ទៀត​ក៏​ទី​ ១,​ទី​ ២ គណបក្ស​នេះ​ទៀត​សោត​គឺ​ប្រជាពលរដ្ឋ លោក​មិន​ទាន់​ស្គាល់​ទៅ​ទៀត​មិន​ដឹង​ថា ឈ្នះឆ្នោត​តាមរបៀប​ណា​កុំ​ថា​ឡើយ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច បើ​បាន​កៅអី​អាច​ថា​បាន​ខ្លះ​»​។

ប៉ុន្តែ​លោក មុនីកា បាន​អះអាង​ថា​គណបក្ស​ឆន្ទៈ​ខ្មែរ​មិនមែន​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដើម្បី​លម្អ​លទ្ធិប្រជាធិបតេយ្យ​ទេ​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​ឈាន​ទៅ​គ្រប់គ្រង​អំណាច ហើយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដែល​ជា​គោលបំណង​ចុង​ក្រោយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​ ២០១៧៕

អត្ថបទគួរចាប់អារម្មណ៍