ភ្នំពេញៈ អតីតមន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​​ភ្នំពេញ​ កាលពី​ម្សិលមិញ ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន និង​ជាប់​បណ្ដឹង​ពី​បទប្លន់​យកប្រាក់​ជាង​ ៣ ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ ជាវ វិបុល អនុប្រធាន​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អតីតមន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម្នាក់​នោះ​ឈ្មោះ ភិន រតនៈ អាយុ​ ៣៧ ​ឆ្នាំ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ មករា ឆ្នាំ​ ២០២០ ក្រោយពី​អង្គភាព​សាមី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ​។

លោក វិបុល ថ្លែង​ប្រាប់ថា​៖ «​ពាក់ព័ន្ធ​បទល្មើស​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់​គាត់​ហើយ​គេ​ប្រគល់​ឲ្យ​ខ្ញុំ​​ឥឡូវ​សមត្ថកិច្ច​ខ្ញុំ​បញ្ជូន​គាត់​បន្តទៅ​តុលាការ​ហើយ​»​។

លោក វ៉ាន់ កុសល នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ៦ មករា ថា​ជនសង្ស័យ​នោះ​ជា​មន្ត្រី​បម្រើការ​នៅក្នុង​អង្គភាព​គ្រឿងញៀន​ពិតមែន ប៉ុន្តែ​ដោយសារ​ជន​ម្នាក់នេះ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​របស់​អង្គភាព​ និង​មាន​កំហុសឆ្គង​ច្រើនលើក​ច្រើនសា​ផង​នោះ​ក៏ត្រូវ​អង្គភាព​សម្រេច​បណ្តេញចេញ​ពី​ការងារ ដូច្នេះ​ជន​រូបនេះ​មិនមែន​ជា​មន្ត្រី​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទៀតឡើយ​។

លោក កុសល បាន​អះអាង​ថា​ឈ្មោះ​ ភិន រតនៈ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ និង​ពាក់ព័ន្ធ​សំណុំរឿង​ករណី​គំរាម​ប្លន់​ប្រជាពលរដ្ឋ​ម្នាក់​។ ប៉ុន្តែ​បទល្មើស​នេះ​លោក​មិនអាច​ទៅ​ជ្រៀតជ្រែក​សមត្ថកិច្ច​ព្រហ្មទណ្ឌ​បានទេ ហើយ​បើតាម​ចម្លើយ​របស់​ជន​ម្នាក់នេះ​គឺថា​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ពិតប្រាកដ​មែន​។ ជន​ម្នាក់នេះ​ត្រូវ​បាន​អង្គភាព​បណ្តេញចេញ​ជិត​ ១ ​ឆ្នាំ​មកហើយ​។

លោក កុសល ថ្លែងថា​៖ «​មូលហេតុ​ដែល​អង្គភាព​បញ្ឈប់​គាត់​ដោយសារ​គាត់​ប្រព្រឹត្ត​ខុស​វិន័យ​ច្រើន​មិន​គោរព​តាម​ការចាត់​តាំងពី​អង្គភាព​។ អ៊ីចឹង​ថ្នាក់លើ​បញ្ឈប់​គាត់​។ រឿង​ជក់​គ្រឿងញៀន​អី​នោះ ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ខ្ញុំ​សួរ​គាត់ ហើយ​ធ្វើតេស្ត​ទៅ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ពិតមែន តែ​បទល្មើស​ផ្សេង​ខ្ញុំ​ក្ដាប់​មិនបាន​ទេ​»​។

បើ​យោងតាម​ពាក្យបណ្តឹង​គឺ​ជនរងគ្រោះ​ឈ្មោះ អ៊ុំ រិទ្ធី អាយុ ៣៦ ​ឆ្នាំ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​សង្កាត់​សំរោងក្រោម​នៅ​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០១៩​។ ពាក្យបណ្ដឹង​នោះបាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ១៧ ធ្នូ ឆ្នាំ ២០១៩ គាត់​កំពុងតែ​ដេក​លើ​គ្រែ មុខផ្ទះ ក្នុងភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ជន​ឈ្មោះ ភិន រតនៈ ចុះ​ពី​លើ​ឡាន​ ១ ​គ្រឿង​ដៃ​កាន់​អាវុធខ្លី បាញ់​គំរាម​ឡើង​លើ​ ១ ​គ្រាប់​រួច​កូនចៅ​របស់​ឈ្មោះ ភិន រតនៈ មក​លូក​យកលុយ​ក្នុង​ហោប៉ៅ​របស់គាត់​អស់​ ៣២០០ ​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​ ២៨០០០០ ​រៀល​រួមទាំង​ទូរស័ព្ទដៃ​ម៉ាក​សាំសុង​ ១ ​គ្រឿង​ដែលមាន​លេខ​ស៊ីម ០៩៦ ៥៥៥ ៧៤ ៩៩ ហើយ​បាន​ជិះ​រថយន្ត​ទៅ​បាត់​៕