ភ្នំពេញៈ អតីត​នាយក​អង្គការ​សុវណ្ណ​កុមារ​លោក​ សុធា អរុណ បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា លោក​បាន​រំលោភបំពាន​ធ្វើ​ទារុណកម្ម​លើ​កុមារ យាយី​ផ្លូវភេទ និង​ក្លែងបន្លំ​ប្រាក់​អង្គការ​ជាង​ ១ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​ពេល​លោក​នៅ​ជា​នាយក​អង្គការ​។ លោក​អះអាង​ថា ការ​ចោទ​នេះ​គឺ​មាន​ជន​នៅ​ពី​ក្រោយខ្នង​ឃុបឃិត​គ្នា ដើម្បី​ដណ្តើម​អង្គការ​នេះ​។

ការអះអាង​បែប​នេះ​បន្ទាប់ពី​អង្គការ សុវណ្ណកុមារ (Sovann Komar) ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ស្ថិតក្នុង​ភូមិ​ផ្សារតាកុយ សង្កាត់​វាលស្បូវ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​ប្តឹង​លោក សុធា អរុណ និង​អតីត​បុគ្គលិក​នៅ​អង្គការ​សុវណ្ណកុមារ​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ ជុំវិញ​បទរំលោភ​បំពាន​លើ​កុមារ​ធ្ងន់ធ្ងរ និង​បទ​ក្លែងបន្លំ​ប្រាក់​របស់​អង្គការ​ប្រមាណ​ ១,៤ ​លាន​ដុល្លារ​។

លោក​ សុធា អរុណ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ៨ ​មិថុនា​ ថា​លោក​បាន​បង្កើត​អង្គការ​ជិត​ ២០ ​ឆ្នាំ ជាមួយ​សហស្ថាបនិក​ចំនួន​ ៣ ​នាក់​ទៀត​ដែល​ជា​ជនជាតិ​បរទេស​រស់នៅ​សហរដ្ឋអាមេរិក​។

លោក​បន្តថា អង្គការ​នេះ​បាន​ដំណើរការ​ដោយ​រលូន ដោយ​អាច​ចិញ្ចឹម​កុមារកំព្រា​ប្រមាណ​ ១០០ ​នាក់ និង​បុគ្គលិក​ចំនួន​ ៣០ ​នាក់​ដោយ​ចំណាយ​ប្រាក់​ប្រមាណ​ ៤ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ខែ​។ ប៉ុន្តែ​ក្រោយមក​អង្គការ​ក៏​ចាប់ផ្តើម​មាន​បញ្ហា​រកាំរកូស​ផ្ទៃក្នុង​រហូត​មាន​ការ​បណ្តេញ​បុគ្គលិក​ជិត​ ២០ ​នាក់ ​រួមទាំង​លោក​ចេញ​ពី​អង្គការ បន្ទាប់ពី​សហ​ស្ថាបនិក​ម្នាក់​ដែល​ជនជាតិ​អាមេរិក​បាន​ស្លាប់​ទៅ​។

លោក​បញ្ជាក់ថា​៖ «​ដល់​ពេល​សហស្ថាបនិក​ ១ ​នាក់​ស្លាប់​ទៅ​នៅ​សល់​តែ​ខ្ញុំ ២ ​នាក់​ប្អូនប្រុស​របស់គាត់​។ ស្រាប់តែ​លេចចេញ​បុគ្គល​ម្នាក់ទៀត​ដែល​មិនមែន​ជា​ប្អូនប្រុស​ហ្នឹង​ចេញមក គាត់​ថា​គាត់​មក​គ្រប់គ្រង​អង្គការ​សុវណ្ណកុមារ​នេះ​បន្ត​ពី​ខ្មោច​។ ដល់ពេល​អ៊ីចឹង យើង​ភាំង​ដែរ ប៉ុន្តែ​យើង​ទុកចិត្ត​ខាង​ហ្នឹង ក៏​បន្ត​ធ្វើការ​ជាមួយ​គ្នា​។ ដល់ពេល​ឆ្នាំ​ ២០១៨ ហ្នឹង ក៏​តម្រូវ​ឲ្យ​ខ្ញុំ ដូរ​មេធាវី ដែល​ធ្លាប់​ការពារ​ប្រមាណ​ ១៦ ​ឆ្នាំ​មកហើយ ក៏​ដាក់​មេធាវី​ថ្មី​មក​»​។

លោក​បន្តថា​៖ «​ដល់ពេលនេះ​មាន​រឿង​រហូត​មក គេ​ចោទ​ថា​យើង​កិបកេង​លុយ​គេ អ៊ីចឹង​ហើយ​យើង​បាន​ស្នើសុំ​ថា យើង​គួរតែ​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​សិន​ទៅ​។ ប៉ុន្តែ​ភាគី​ផ្សេងទៀត មិន​ព្រម​ដោយ​យក​តែ​សម្តី​បុគ្គលិក​ម្នាក់ ២ ​នាក់​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ថ្នាក់ដឹកនាំ​មក​សំអាង​។ គេ​ចោទ​ខ្ញុំ​ថា ធ្វើឲ្យ​បាត់​លុយ​រាប់លាន បាត់​រាប់លាន​យ៉ាងម៉េច បើ​ការចាយលុយ​លុះត្រា​មាន​ការយល់ព្រម​ពី​សមាជិក​ដល់​ទៅ ៣ ​នាក់​»​។

លោក Kara Heide សមាជិក​ក្រុមប្រឹក្សា សុវណ្ណកុមារ ដែល​មក​គ្រប់គ្រង​អង្គការ​នេះ​ថ្មី និង​ជា​ដើមបណ្តឹង​នៃ​ជម្លោះ​មិនអាច​ស្វែងរក​ប្រភព​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

លោក Bradley Gordon តំណាង​ផ្នែក​ច្បាប់​របស់​អង្គការ​សុវណ្ណកុមារ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ មិថុនា​ថា អង្គការ​មាន​ភ័ស្តុតាង​ប្រឆាំង​នឹង​លោក​ សុធា អរុណ ដោយ​រួមមាន​ទាំង​រូបថត អ៊ីមែល របាយការណ៍ និង​សក្ខីកម្ម​ជាច្រើន​ពី​សាក្សី​ចំពោះ​អំពើ​ល្មើស​របស់គាត់​។

លោក​បន្តថា​៖ «​បណ្តឹង​នេះ​ឥឡូវ​ស្ថិត​នៅ​ជាមួយ​ចៅក្រម​ស៊ើបសួរ​។ ក្នុងនាម​កូនក្តី ខ្ញុំ​សូម​ស្នើ​ទៅ​កាន់​តុលាការ​ឲ្យ​ពន្លឿន​រឿងក្តី​នេះ​ទៅមុខ និង​ស្វែងរក​យុត្តិធម៌​»​។

លោក​ Bradley ​បន្ថែមថា រយៈពេល​ ៨ ​ខែ​ចុង​ក្រោយនេះ​លោក​ សុធា ប៉ុនប៉ង​បង្វែរ​យុត្តិធម៌​ដោយ​បញ្ចុះបញ្ចូល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ឱ្យ​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​របស់​តុលាការ​ប្រឆាំង​នឹង​រូបលោក​។ លោក​ក៏បាន​ចោទ​មេធាវី សុវណ្ណកុមារ​បក​វិញ​ពី​បទប្លន់​ប្រដាប់អាវុធ និង​ដណ្តើម​កាន់កាប់​អង្គការ​សុវណ្ណកុមារ​ថែម​ទៀតផង​។

យុវជន​កំព្រា​ឈ្មោះ​ ស៊ីអូ វ័យ ១៩ ឆ្នាំ​ដែល​ត្រូវបាន​បណ្តេញចេញ​​ពី​សាលា​សុវណ្ណ​កុមារ​ក្រោយ​តវ៉ា​ប្រាប់​ពី​ថ្ងៃ​ទី​ ៨ មិថុនា ថា​បន្ទាប់ពី​រកាំរកូស​រហូត​មាន​ការបណ្តេញ​ឪពុក​ម្តាយចិញ្ចឹម​នៅ​មណ្ឌល​កុមារកំព្រា​នេះ​មក​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​ខ្លួន​។ យុវជន​រូបនេះ​បន្តថា នៅពេល​មាន​ការតវ៉ា ករណី​នេះ​ខ្លួន​ក៏ត្រូវ​បាន​បណ្តេញចេញ ខណៈ​កុមារកំព្រា​ដទៃទៀត​​ក៏​កំពុង​រងសម្ពាធ​ពី​ការគ្រប់គ្រង​របស់​អ្នកដឹកនាំ​ថ្មី​ផងដែរ​។

ស៊ីអូ បន្ត​ថា​៖ «​មួយរយៈ​ក្រោយនេះ​គឺ​ក្មេងៗ​នៅក្នុង​អង្គការ​នេះ​គឺ​តាំងពី​ពេល​ប្រធាន​ចាស់ និង​ម៉ាក់ប៉ា​ដែល​ត្រូវគេ​ដកចេញ​ហ្នឹង គឺ​ចាប់ផ្តើម​ខូចចិត្ត​យ៉ាងខ្លាំង និង​ឈប់រៀន​តែម្តង​ដូច​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ខ្លាំង​។ ព្រោះ​មនុស្ស​យើង គ្រប់គ្នា​ត្រូវការ​គ្រួសារ​នៅ​ជិត​យើង ហើយ​យើង​បាន​បែក​គ្រួសារ​យើង​ម្តង​រួចហើយ ដែល​បាន​មក​រស់នៅ​ជាមួយ​គ្នា​តាំងពី​តូច​មក​នៅទីនេះ ដល់​ពេល​នេះ​ដូច​ឲ្យ​យើង​នៅ​ម្នាក់ឯង​ម្តងទៀត​»​។

លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​ពី​ថ្ងៃ​ទី​ ៨ ​មិថុនា​ថា​ករណី​នេះ​ក្រសួង​ធ្លាប់​ធ្វើការ​សម្របសម្រួល​ហើយ​។ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ ខណៈ​ភាគី​ទាំង​ ២ បាន​ប្តឹង​ទៅ​តុលាការ ដែល​ជា​ហេតុ​នាំឲ្យ​ផុត​ដែន​សមត្ថកិច្ច​របស់​ក្រសួង​។

លោក​ថា​៖ «​រឿង​ចោទប្រកាន់​នេះ ខ្ញុំ​មិនដឹង​ថា ពិត​មិន​ពិត​ខ្ញុំ​មិនដឹង​ទេ ព្រោះ​ខ្ញុំ​មិនអាច​វាយតម្លៃ​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ទេ អាស្រ័យលើ​តុលាការ​ធ្វើការ​ស្រាវជ្រាវ​ទៅ ព្រោះ​ពី​មុន​មក​យើង​បាន​អនុវត្ត​នីតិវិធី​តាម​ធម្មតា ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​គឺ​ក្រសួង​តែង​ធ្វើការ​ចុះ​ត្រួតពិនិត្យ ហើយ​វាយតម្លៃ​។ ប៉ុន្តែ​កន្លងមក​យើង​មិន​ឃើញ​មាន​បញ្ហា​អ្វី​ទេ​ហើយ​ក្រោយមក​ក៏​មាន​បាតុភាព​ទំនាស់​ផ្ទៃក្នុង​ចោទប្រកាន់​គ្នា​ចុះឡើង​»៕