The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​នាយ​ទាហាន​ផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ត្រូវ​បាន​តុលាការ​ខេត្ដ​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ៣ បទល្មើស




អតីត​នាយ​ទាហាន​ផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ត្រូវ​បាន​តុលាការ​ខេត្ដ​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ៣ បទល្មើស

Content image - Phnom Penh Post
អតីត​នាយ​ទាហាន​ផ្កាយ ២ លោក ស៊ុំ ពៅ។ រូបថត ហ្វេសប៊ុក

អតីត​នាយ​ទាហាន​ផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ត្រូវ​បាន​តុលាការ​ខេត្ដ​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ៣ បទល្មើស

ស្វាយរៀង៖ អតីត​នាយ​ទាហាន​ផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ៥ នាក់​ផ្សង​ទៀត ត្រូវ​បាន​សាលា​ដំបូង​ខេត្ដ​ស្វាយរៀង​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ នេះ ដោយ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ​ចំនួន ៣ បទល្មើស។ នេះ​បើ​តាម​ប្រសាសន៍​លោក ទេព ផល្លា អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដែល​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​មុន​នេះ។

លោក​បាន​ថ្លែង​ថា៖ «បុគ្គល​ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ៣ បទល្មើស រួមមាន​បទ​ជួញដូរ​មនុស្ស និង​សម​គំនិត តាម​បញ្ញត្តិមាត្រា ១៣, មាត្រា ១៥ នៃ​ច្បាប់​ស្តីពី​ការ​បង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ និង​មាត្រា ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ, បទ​ផ្ដើម​គំនិត​ក្នុង​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សម្លៀក​បំពាក់​ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​តាម​បញ្ញត្តិមាត្រា ២៨ និង​មាត្រា ៦១២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​បញ្ញត្តិ​មាត្រា ៧៩ នៃ​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​ផ្លូវ​គោក និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ»។

យោង​តាម​បទ​ចោទ និង​មាត្រា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ជន​ត្រូវ​ចោទឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៧ ឆ្នាំ ១ ខែ ដល់ ២៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ៤,១ លាន​រៀល ដល់ ១២ លាន​រៀល។

អតីត​នាយ​ទាហាន​ផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និង​បក្ខពួក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​ចាប់​ឃាត់​ខ្លួន កាល​ពី​យប់​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ ពាក់ព័ន្ធ​ករណី​រត់​ពន្ធ​មនុស្ស (ជនជាតិ​ចិន ២៨ នាក់) ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង តាម​មធ្យោបាយ​ដឹក​ជញ្ជូន​រថយន្ត​ទំនើប ដោយ​មាន​ពាក់​ស្លាកលេខ (ខ.ម) និង​បាន​បំពាន​លើ​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ-ចូល ឬ​ឆ្លង​កាត់​ពី​រាជធានី​ភ្នំពេញ ទៅ​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

ក្រោយ​ការ​ចាប់​ខ្លួន ២ ថ្ងៃ អតីត​នាយ​ទាហាន​ផ្កាយ ២ រូប​នេះ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ដក​ហូត​ស័ក្ដិ និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កងទ័ព​ផង​ដែរ។

យោង​មាត្រា ១ នៃ​ព្រះរាជក្រឹត្យ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ត សីហមុនី ព្រះអង្គ​ទ្រង់​បាន​ត្រាស់​បង្គាប់​យ៉ាង​ដូច្នេះ​ថា៖ «ដក​ហូត​ឋានន្ដរស័ក្ដិ​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍ និង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ចំពោះ​ឧត្តមសេនីយ៍​ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​នៃ​កង​យោធពល​ខេមរភូមិន្ទ»៕

អត្ថបទគួរចាប់អារម្មណ៍