ភ្នំពេញៈ ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ កាលពី​ថ្ងៃ​សុក្រ​បាន​ស្នើ​ឲ្យ​ស្តារ​ឡើង​វិញ​នូវ​វប្បធម៌​សន្ទនា​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​ដែល​វា​ជា​សំណើ​មួយ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ស្វាគមន៍​ ប៉ុន្តែ​កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​។

លោក ស្រ៊ី ថាមរ៉ុង្គ ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​ជំនួប​ប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ជាមួយ​លោក Kentaro Sonoura បាន​ថ្លែង​ថា ទីប្រឹក្សា​បាន​ស្នើ​ក្នុង​នាម​ជា​មិត្តភក្តិ ឲ្យ​ចាប់ផ្តើម​ចរចា​ឡើង​វិញ​។ លោក​ថ្លែង​ថា​៖ «​បើ​យើង​និយាយ​ឲ្យ​ខ្លី គឺ​អំពី​លទ្ធភាព​នៃ​ការចរចា ឬ​កិច្ចសន្ទនា​រវាង​នាយករដ្ឋមន្ត្រី និង​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​»​។

វប្បធម៌​សន្ទនា​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៤ នៅ​ពេល​ដែល​លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​សភា​របស់​គណបក្ស​ប្រឆាំង រយៈពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​ជម្លោះ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣​។

យ៉ាងណា​ក៏ដោយ​កិច្ចសន្ទនា​នេះ​បាន​រលត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ដោយសារ​តែ​បញ្ហា​នយោបាយ​បាន​កើតឡើង​ជា​បន្តបន្ទាប់ ​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​។ នៅ​ចុង​ឆ្នាំ ២០១៥ លោក សម រង្ស៊ី ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយសារ​មាន​រឿង​ក្តីក្តាំ​តុលាការ​ដែល​រង​ការចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ហើយ​អ្នក​ស្នង​តំណែង​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក​ កឹម សុខា ​ត្រូវ​បាន​បង្ខំ​លាក់​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស ដើម្បី​គេច​ចេញ​ពី​ការចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ស្រីញី និង​រឿង​មិន​ចូល​ខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​។

ក្រោយ​មក​លោក កឹម សុខា ត្រូវ​បាន​លើកលែង​ទោស​ហើយ​ភាគី​ទាំង​ ២ ម្តងម្កាល​បាន​បន្ត​វប្បធម៌​សន្ទនា​នេះ​រហូត​ដល់​ដើម​ឆ្នាំ ២០១៧ ហើយ​វប្បធម៌​ចរចា​រវាង​គណបក្ស​ទាំង​ ២ មិន​បាន​យូរអង្វែង​នោះ​ទេ​។

នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​និយាយ​ថា លោក​នឹង​ឈប់​និយាយ​អំពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​។

កាលពី​ខែ​វិច្ឆិកា​ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​តែ​មួយ​គត់ ក្នុង​ការ​​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក សុខា ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ «​ក្បត់ជាតិ​»​។ សេចក្តី​សម្រេច​របស់​តុលាការ​ក៏​បាន​ហាមឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​ ១១៨ ​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ឆ្នាំ​ផង​ដែរ​។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មូរ សុខហួរ តាមរយៈ​សារ​មួយ​លោកស្រី​បាន​អបអរ​ចំពោះ​ការស្នើ​នេះ​។ លោកស្រី​បញ្ជាក់​ថា​៖ «[​គណបក្ស​សង្គ្រោះ​ជាតិ​] ​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង ចំពោះ​តួនាទី​របស់​ជប៉ុន​ដែល​ឲ្យ​ចាប់ផ្តើម​វប្បធម៌​សន្ទនា​ជាថ្មី​នេះ​។ យើង​សូម​ឱ្យ​ប្រទេស​ហត្ថលេខី​សំខាន់ៗ​ចូលរួម​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ជា​សាក្សី និង​ជា​អ្នក​ធានា​ដល់​កិច្ចសន្ទនា​នោះ​»​។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​មីនា​ឆ្នាំ​មុន​បាន​យល់ស្រប​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ខ្ញុំ​បន្ត​ជឿ​ជាក់​លើ​វប្បធម៌​សន្ទនា នៅ​ពេល​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មោះត្រង់​មាន​ន័យ​ថា​មិន​មាន​ការគំរាម​កំហែង​ ឬ​បំភិត​បំភ័យ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​គណៈរដ្ឋមន្ត្រី​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះ ហើយ​បាន​ធ្វើ​ទឡ្ហីករណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដូច្នេះ​ការសន្ទនា​មិន​អាច​ដំណើរការ​ទៅ​រួច​បាន​ទេ​។ «​វប្បធម៌​សន្ទនា​មិន​អាច​រំលង​នីតិរដ្ឋ​បាន​ទេ​»​។

លោក​បន្ត​ថា​ សេចក្តី​សម្រេច​នេះ​ គឺ​អនុវត្ត​ទៅ​លើ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាំង​បុគ្គល​ដែល​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថ្លែង​ថា គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​ខ្លាំង​ចំពោះ​​ «​វប្បធម៌​និទ្ទណ្ឌភាព​» ដូច្នេះ​គួរតែ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​លោក សម រង្ស៊ី បាន​ «​បំពាន​» ​វប្បធម៌​សន្ទនា​ដោយ​បន្ត​នាំ​យក​បញ្ហា​ថ្មីៗ ប៉ុន្តែ​ការលើក​ឡើង​បែប​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​លោក សម រង្ស៊ី នៅក្នុង​អ៊ីមែល​ពី​ម្សិលមិញ​។

លោក​ សម រង្ស៊ី ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចូលចិត្ត​ការពិត​ដែល​លោក ហ៊ុន សែន និយាយ​អ្វីៗ​លក្ខណៈ​ផ្ទាល់​ខ្លួន​»​។ «​ប្រហែល​ជា​គាត់​ធ្វើ​វា​ជា​លេស ដើម្បី​សម្លាប់​ការសន្ទនា​ដែល​អាច​នាំ​ទៅ​រក​ការសម្រុះ​សម្រួល​បើក​ផ្លូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​លក្ខណៈ​ប្រជាធិបតេយ្យ​។ ដើម្បី​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ យើង​ត្រូវ​តែ​ដាក់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​យើង​ដោយ​ឡែក​ហើយ​ផ្តោត​ទៅ​លើ​អត្ថប្រយោជន៍​ជាតិ​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​បន្ថែម​ថា ការសន្ទនា​គឺ​ «​ចៀស​មិន​រួច​ទេ​» ​ជា​មូលដ្ឋាន​នៃ​សន្តិភាព​ស៊ីវិល និង​ប្រជាធិបតេយ្យ​។ លោក​បញ្ជាក់​ថា​៖ «​ចំពោះ​កម្ពុជា វប្បធម៌​សន្ទនា​ពិតប្រាកដ​ត្រូវ​តែ​ជំនួស​វប្បធម៌​ហិង្សា និង​និទ្ទណ្ឌភាព​ដែល​ជា​កេរដំណែល​ពី​របប​ខ្មែរក្រហម​»​។ លោក​បាន​គូសបញ្ជាក់​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​សតិ​អារម្មណ៍​នោះ​។ កាន់តែ​ឆាប់ កាន់តែ​ប្រសើរ​»​។

អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ក៏​បាន​យល់​ស្រប​ចំពោះ​ការលើកឡើង​នេះ​ផង​ដែរ​។

«​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​នេះ​»​។ លោក​បាន​បន្ត​ថា​៖ «​ចំណុច​ខ្លាំង​មួយ ក្នុង​ចំណោម​ចំណុច​ខ្លាំង​សំខាន់ៗ​របស់​លោក​នាយករដ្ឋមន្ត្រី​គឺ​តែងតែ​ធ្វើឲ្យ​មាន​តុល្យភាព​ត្រឹមត្រូវ​រវាង​ការគ្រប់គ្រង និង​ការរក្សា​ភាព​ស្រប​ច្បាប់​លក្ខណៈ​អន្តរជាតិ​ និង​ក្នុង​ស្រុក​មួយ​ចំនួន​។ ខ្ញុំ​ប្រាកដ​ថា​ការ​សម្រុះ​សម្រួល​មួយ​ចំនួន​ដែល​នាំ​មក​នូវ​ភាព​ស្រប​ច្បាប់​សម្រាប់​ការបោះឆ្នោត​នាពេល​ខាង​មុខ​នឹង​រួមចំណែក​ដល់​ស្ថិរភាព​»​។

ប្រតិភូ​លោក Sonoura នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​បាន​សន្យា​ថា​នឹង​បន្ត​គាំទ្រ​កម្ពុជា សម្រាប់​ការបោះឆ្នោត​របស់​កម្ពុជា​ផង​ដែរ ខណៈ​លោក សម រង្ស៊ី ថ្កោល​ទោស​នៅ​ក្នុង tweeter​។

លោក​បាន​សរសេរ​ថា​៖ «​ការ​ប្រកាស​ថា ជប៉ុន​នឹង​ផ្តល់​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ការបោះឆ្នោត​របស់​កម្ពុជា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨ ធ្វើឲ្យ​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​មាន​ការ​ភាន់ច្រឡំ​»​។

ស្ថានទូត​ជប៉ុន មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​កាលពី​ម្សិលមិញ​៕ NS /PS