ភ្នំពេញៈ មេធាវី​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២ នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​​ «​ចារកម្ម​» បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ពួកគេ​ត្រូវ​បាន​ចោទ​មួយ​បទល្មើស​បន្ថែម​ទៀត​គឺ​ពី​បទ​ផលិត​រូបភាព​អាសអាភាស​ដែល​ទំនង​ជា​ពាក់ព័ន្ធ​នឹង​រូបថត ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ ដែល​បង្ហាញ​រូប​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ក្នុង​លក្ខណៈ​បែប​សិចស៊ី​។

លោក កែវ វាន់នី ដែល​ជា​មេធាវី​តំណាង​ឲ្យ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី ២ នាក់​លោក អ៊ួន ឈិន និង​លោក យាង សូធារិន បាន​ថ្លែង​ថា​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​កាលពី​ ២ ​សប្តាហ៍​មុន​ពី​បទ​ផលិត​រូបភាព​អាសអាភាស​ពាក់ព័ន្ធ​នឹង​រូបថត​ដែល​ត្រូវ​បាន​ចេញផ្សាយ​ភ្លាមៗ បន្ទាប់ពី​ការចាប់ខ្លួន​ពួកគេ ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​កាលពី​ខែ​វិច្ឆិកា​។

រូបថត​ទាំង​នោះ​បាន​បង្ហាញ​ថា បុរស​ម្នាក់​ដែល​គេ​ថា​ជា​លោក ឈិន កំពុង​ធ្វើ​កាយវិការ និង​ថត​លក្ខណៈ​បែប​សិចស៊ី បើ​ទោះបី​ជា​បុរស​ម្នាក់​ទៀត​នៅក្នុង​រូបថត​មិន​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ក្តី​។ អ្នក​ទាំង​ ២ ​នេះ​ត្រូវ​បាន​សួរ​កាលពី​ដើម​ខែ​នេះ ពាក់ព័ន្ធ​នឹង​រូបថត​នេះ​។

លោក វាន់នី បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​អំពី​ការចោទប្រកាន់​នេះ​ពី​តុលាការ​កាលពី​ថ្ងៃ​ពុធ​»​។ «​តាមរយៈ​ការពិភាក្សា​របស់​ខ្ញុំ​ជាមួយ​ពួកគេ ពួកគេ​បាន​និយាយ​ថា​ពួកគេ​មិន​បាន​ធ្វើ​ទេ​»​។

លោក វាន់នី បាន​ថ្លែង​ថា​លោក​មិន​ប្រាកដ​អំពី​ការចោទប្រកាន់​ជាក់លាក់ ប៉ុន្តែ​ថា​វា​អាច​ជា​មាត្រា ៣៩ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១ ឆ្នាំ​ពី​បទ​ផលិត​រូបភាព​អាសអាភាស​។

កាលពី​ល្ងាច​ម្សិលមិញ​លោក វាន់នី បាន​ថ្លែង​ថា​លោក​នៅ​មិន​ទាន់​ប្រគល់​ឲ្យ​នូវ​ឯកសារ​សំណុំ​រឿង​នៅ​ឡើយ​ទេ​ដោយសារ​ចៅក្រម​ស៊ើបសួរ​មិន​ទាន់​ត្រូវ​បាន​ចាត់តាំង​នៅ​ឡើយ ដូច្នេះ​លោក​នៅ​មិន​ទាន់​ប្រាកដ​អំពី​សេចក្តី​លម្អិត​នៃ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​បាន​ដាក់​ពាក្យ​សុំ​ឯកសារ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋបាល​របស់​តុលាការ​»​។

លោក សូធារិន និង​លោក ឈិន កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទ​ «​ចារកម្ម​» ​បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​ថា ប៉ុនប៉ង​បន្ត​រាយការណ៍​ព័ត៌មាន​ទៅ​វិទ្យុ​អាស៊ីសេរី​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បន្ទាប់ពី​វិទ្យុ​នេះ​បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ចំពេល​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។

ប្រសិន​បើ​ត្រូវ​បាន​កាត់ទោស​ពួកគេ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥ ​ឆ្នាំ​។

អ្នក​នាំពាក្យ​តុលាការ​លោក អ៊ី រិន គ្រាន់តែ​បញ្ជាក់​ថា​ចៅក្រម​ស៊ើបសួរ​កំពុង​ពិនិត្យមើល​សំណុំ​រឿង​នេះ ប៉ុន្តែ​បាន​បដិសេធ​ផ្តល់​សេចក្តី​លម្អិត​អំពី​ការចោទប្រកាន់​ជាក់លាក់ ឬ​ឈ្មោះ​ព្រះរាជអាជ្ញា​ដែល​កាន់​សំណុំ​រឿង​នេះ​។

សមាជិក​ម្នាក់​របស់​គ្រួសារ​លោក ឈិន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា បទចោទប្រកាន់​ទាំង​នេះ​គឺ​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ថា​ការស៊ើបអង្កេត​ទាំង​មូល រួមទាំង​ការចោទ​ប្រកាន់​ពី​បទ​ចារកម្ម​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​ទេ​។

សមាជិក​រូប​នេះ​បាន​បន្ត​ថា​៖ «​វា​អស់​រយៈពេល​ជាង​ ៤ ​ខែ​ហើយ ពួកគេ​មិន​ទាន់​រកឃើញ​ឯកសារ​ ឬ​ភ័ស្តុតាង​ណា​មួយ​បង្ហាញ​ពី​កំហុស​របស់​ពួកគេ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​វា​លេច​ឡើង​នូវ​បទចោទប្រកាន់​មួយ​ទៀត​»៕ PS