ភ្នំពេញៈ ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ​ជាង ១០០ ​នាក់​ បាន​យល់ព្រម​ទទួលយក​ប្រាក់​សំណង ៥០ ​ភាគរយ​ ដែល​ផ្តល់​ឲ្យ​ដោយ​សាលា​រាជធានី​ភ្នំពេញ​សិន ហើយ​បញ្ចប់​ការតវ៉ា​ចាប់​តាំងពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ពី​ការងារ ក្រោយពី​ក្រុមហ៊ុន​នេះ​ត្រូវ​រដ្ឋាភិបាល​ដកសិទ្ធិ​ប្រមូល​សំរាម​។

ការឈាន​ដល់​កិច្ចព្រមព្រៀង​បញ្ចប់​ការតវ៉ា​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​ ៣ ខែ​កុម្ភៈ បន្ទាប់ពី​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ​បាន​បន្ត​ការតវ៉ា​ជាថ្មី នៅ​មុខ​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​ ២៨ មករា​រហូត​ដល់​មានការ​បិទផ្លូវ​ព្រះមុនីវង្ស​ជាច្រើន​លើក​ច្រើនសា ដើម្បី​ទាមទារ​សំណង​ចំនួន​ ២ ​ចំណុច​គឺ​ប្រាក់​សំណង​ ១០០ ​ភាគរយ និង​ផ្ទេរ​ពួកគេ​ទៅ​ធ្វើការ​ដូចដើម​នៅ​រដ្ឋាករស្វយ័ត​រាជធានី​ភ្នំពេញ​។

លោក ញ៉ ប៊ុនថា ជា​តំណាង​អតីត​បុគ្គលិក ស៊ីនទ្រី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា ដើម្បី​សង​ជំនួស​ក្រុមហ៊ុន​ស៊ីនទ្រី​ដល់​អតីត​បុគ្គលិក​ទាំង​ ១០៦ ​នាក់​ ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​អាស្រ័យ​ទៅ​តាម​អតីតភាព​ការងារ​។ លោក​បន្តថា តាម​កិច្ចព្រមព្រៀង​នេះ​គឺ​បុគ្គលិក​ទាំងអស់​បាន​ទទួល​ប្រាក់​ចំនួន ៥០ ​ភាគរយ​ក្នុង​ខែ​កុម្ភៈ​នេះ ហើយ​ចំពោះ​ប្រាក់​សំណង​ ៥០ ​ភាគរយ​ទៀត​សាលា​រាជធានី​ភ្នំពេញ​បាន​សន្យាថា​នឹង​បើក​ជូន​នៅ​ខែ​បន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មាន​ការដោះស្រាយ​អ៊ីចឹង​ទៅ​យើង​ទាំងអស់​គ្នា សប្បាយចិត្ត ព្រោះ​កន្លង​ទៅ​យើង​តវ៉ា​គ្មាន​អ្នកណា​អើពើ​សោះ​ដែល​ធ្វើឲ្យ​យើង​នៅតែ​បន្ត​ការតវ៉ា ហើយ​ចំពោះ​ដំណោះស្រាយ​នេះ​ខ្ញុំ​អរគុណ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ជួយ​ពួកយើង ព្រោះ​បើ​គ្មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ទេ​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​នេះដែរ​»​។

ទោះយ៉ាងណា​លោក ប៊ុនថា អះអាង​ថា​បុគ្គលិក​ទាំងអស់​នឹង​រង់ចាំ​ទទួល​សំណង​ចំនួន ៥០ ភាគរយ​នៅ​ខែក្រោយ​ និង​ការសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​អះអាងថា​នឹង​ទទួលយក​ពួកលោក​ឲ្យ​ចូល​ធ្វើការ​នៅ​រដ្ឋាករ​ស្វយ័ត​នៅពេល​ស្ថាប័ន​នេះ​ដំណើរការ​ក្នុងពេល​ខាងមុខ​។

លោក​បន្តថា​៖ «​ក្នុង​ការទៅ​ធ្វើការ​នៅ​រដ្ឋាករ​ស្វយ័ត​នោះ​សាលារាជធានី​បាន​សុំ​ឲ្យ​ពួកយើង​រង់ចាំ ព្រោះ​តែ​រដ្ឋាករ​ស្វយ័ត​នេះ​មិនទាន់​ដំណើរការ​ហើយ​ឲ្យ​យើង​ចាំ​សិន​។ លទ្ធផល​យ៉ាងណា​ទៀត យើង​មិនទាន់​ដឹង​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ ៥០ ​ភាគរយ​បន្ថែមទៀត និង​ការរង់ចាំ​ទៅ​ធ្វើការ​​នៅ​រដ្ឋាករ​ស្វាយ័ត​»​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា ដើម្បី​បញ្ចប់​ការតវ៉ា​របស់​អតីត​បុគ្គលិក​ស៊ីនទ្រី​សាលា​រាជធានី​បាន​ផ្ដល់ជូន​ប្រាក់​សំណង​បញ្ចប់​ការងារ​ដល់​ពួកគេ​ជំនួស​ក្រុមហ៊ុន​ស៊ីនទ្រី​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា ចំនួន​ទឹកប្រាក់​សរុប​ដែល​ផ្តល់ជូន​បុគ្គលិក ស៊ីនទ្រី ​មាន​ចំនួន​ប៉ុន្មាន​នោះទេ ដោយ​គ្រាន់តែ​អះអាង​ថា បុគ្គលិក​ទាំងអស់​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ទំនាស់​បុគ្គលិក​ក្រុមហ៊ុន ស៊ីន ទ្រី ១០៦ ​នាក់​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ហើយ ដូចជា​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ​។ ពួកគាត់ បងប្អូន​ទាំងអស់​ជាង ១០០ នាក់​គាត់​ពេញចិត្ត​នឹង​ទទួល​យក​បាន​ដំណោះស្រាយ​នេះ​»​។

លោក មឿន តុលា នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​សាទរ​ចំពោះ​ដំណោះស្រាយ​ទាំងនេះ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា សាលា​រាជធានី​ពិតជា​បាន​ទូទាត់​ប្រាក់​សំណង​ដល់​បុគ្គលិក​ទាំងនោះ ត្រឹមត្រូវ​ទៅតាម​ច្បាប់​ឬ​យ៉ាងណា​? ចំពោះ​ការទូទាត់​ប្រាក់​សំណង​ជូន​កម្មករ​ជា​ពីរ​ដំណាក់កាល​នេះ បើ​យោង​តាម​ច្បាប់​គឺ​មិន​ត្រឹមត្រូវ​ទេ​។

លោក តុលា បាន​បញ្ជាក់​​ថា​៖ «​បើ​បុគ្គលិក​ទាំងអស់​ព្រម​ដូច្នេះ វា​ជា​រឿង​មួយ​ប៉ុន្តែ​បើតាម​ផ្លូវច្បាប់​គឺ​មិនត្រូវ​ទេ​ព្រោះ​កាលណា​បញ្ឈប់​គេ​គឺ​ត្រូវ​ទូទាត់​លុយ​ទាំងអស់​នេះ​ក្នុង​រយៈពេល ៤៨ ម៉ោង​មិនមែន​ទុក​រាប់​ខែ​អ៊ីចឹង​ទេ​។ គ្រាន់តែ​ថា សិទ្ធិ​របស់​បុគ្គលិក ហើយ​គាត់​មាន​សិទ្ធិ​ទាមទារ​រហូត​ដល់ ៣ ​ឆ្នាំ​ឯណោះ​ដែល​ពួកគាត់​នៅតែ​អាច​ទាមទារ​បន្តទៀត​បាន​»​។

ការតវ៉ា​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង​ ១០០ ​នាក់​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​ពួកគាត់​កាលពី​ថ្ងៃទី​ ៣០ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ក្រោយពី​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​សិទ្ធិ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​សាលា​រាជធានី​ជា​អ្នកគ្រប់គ្រង​ការប្រមូល​សំរាម​បណ្ដោះអាសន្ន​៕