The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​បុគ្គលិក​ RFA ​នឹង​ចូល​តុលាការ​កំពូល​ស្ដាប់​សាលដីកា និង​សុំ​ទម្លាក់​បទចោទ

អតីត​បុគ្គលិក​ RFA ​នឹង​ចូល​តុលាការ​កំពូល​ស្ដាប់​សាលដីកា និង​សុំ​ទម្លាក់​បទចោទ

Content image - Phnom Penh Post
អតីត​បុគ្គលិក​ RFA ទាំងពីររូប ពេលត្រូវ​ដោះលែង​កាលពី​ខែ​មុន។ ហេង ជីវ័ន

អតីត​បុគ្គលិក​ RFA ​នឹង​ចូល​តុលាការ​កំពូល​ស្ដាប់​សាលដីកា និង​សុំ​ទម្លាក់​បទចោទ

ភ្នំពេញ: លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​គ្រោង​នឹង​ចូល​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា ដើម្បី​ស្ដាប់​សាលដីកា​លើ​សំណុំ​រឿង លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ត្រូវ​ជាប់ឃុំ​អស់​រយៈពេល​ ៩ ខែ​ ៧ ​ថ្ងៃ​។

លោក ឈិន និង​លោក សុធារិន្ទ ត្រូវ​បាន​នាយក​ពន្ធនាគារ​ព្រៃស​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​សីហា​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​​ជា​បណ្ដោះអាសន្ន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ លោក ឈិន ថ្លែង​ថា​៖ «​ខ្ញុំ​រំពឹង​ថា តុលាការ​កំពូល​នឹង​ទម្លាក់​បទចោទ​ទាំងស្រុង ខណៈ​សំណុំ​រឿង​នេះ​គ្រោង​ប្រកាស​នៅ​ថ្ងៃទី ​១៧ ​ខែ​កញ្ញា​វេលា​ម៉ោង ៨ ​ព្រឹក​»​។

លោក ឈិន ថ្លែង​ថា​៖ «​យើង​មាន​សង្ឃឹម​ច្រើន​ចំពោះ​តុលាការ​នឹង​ទម្លាក់​បទចោទ​ពី​ពួកយើង បើ​ផ្អែក​លើ​ការបកស្រាយ​តាម​ផ្លូវ​ច្បាប់​របស់​មេធាវី​យើង​បើ​មោឃភាព​នីតិវិធី​បាន​ន័យ​ថា​រឿងរ៉ាវ​ត្រូវ​បញ្ចប់ ហើយ​ដើម្បី​ឲ្យ​យើង​មាន​សេរីភាព មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការដើរ ក្នុង​ការរកស៊ី ព្រោះ​ដឹង​ស្រាប់​ហើយ ពេល​ខ្ញុំ​ជាប់​ឃុំ​ ៩ ​ខែ​ ៧ ​ថ្ងៃ ខាត​ពេលវេលា ខាត​លុយ​ច្រើន​ណាស់​»​។

លោក យាង សុធារិន្ទ បាន​អះអាង​ថា​បើ​តុលាការ​កំពូល​សម្រេច​សេចក្តី​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​រួច​ផុត​ពី​បទចោទ ហើយ​នឹង​មាន​សេរីភាព​ពេញលេញ​ដូច​ដើម​វិញ​។

លោក សុធារិន្ទ ថ្លែង​ថា​៖ «​អំឡុង​ពេល​ខ្ញុំ​ជាប់​ពន្ធនាគារ​នេះ ធ្វើឲ្យ​ខ្ញុំ​ជួប​បញ្ហា​ប្រឈម​ច្រើន​ចំពោះ​បញ្ហា​សុខភាព ខាត​ពេលវេលា ថវិកា ប៉ះពាល់​ផ្លូវកាយ ផ្លូវចិត្ត និង​បែកបាក់​គ្រួសារ​ជាដើម​»​។

លោក កែវ វ៉ាន្នី មេធាវី​ការពារ​ក្តី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​ ២ កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។ ទោះ​ជា​យ៉ាងណា​នៅ​ក្នុង​អង្គសវនាការ​កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា​អគ្គព្រះរាជអាជ្ញា​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រក្សា​បទចោទ​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​ ២ ​រូប​ដដែល​ដោយ​អះអាង​ថា​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី​ច្បាប់​។

ក្រោយពី​តតាំង​ក្តី​គ្នា​ទៅវិញ​ទៅមក ចៅក្រម​ជំនុំជម្រះ​លោក គង់ ស្រ៊ីម ប្រកាស​ថា ​សាលដីកា​សម្រេច​លើ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៧ ខែ​កញ្ញា វេលា​ម៉ោង​ ៨ ​ព្រឹក​។ លោក អួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស​៕

អត្ថបទគួរចាប់អារម្មណ៍