ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ ដាក់ពន្ធនាគារ​ ៧ ​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ ១០០ ​លាន​រៀល និង​រឹបអូស​ដី​ចំនួន​ ៣ ​កន្លែង ​របស់លោក​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក នួន ប៉ុក ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​ពី​ថ្ងៃ​ទី​ ១ ខែមីនា នៅផ្ទះ​របស់​លោក​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ និង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ ៤ មីនា ២០២០​។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​លើ​លោក នួន ប៉ុក កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា លើ​បទចោទ​ចំនួន​ ៣ ​ករណី​គឺ​បទរំលោភ​អំណាច បទ​បំពាន​ធនធានធម្មជាតិ និង​បទ​ផ្តល់ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដោយ​អាជ្ញាធរ​។

លោក​បញ្ជាក់ថា​៖ «​សាលក្រម​នេះ​បាន​ទុក​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​ការកំណត់​ដោយ​ច្បាប់​ក្នុង​ករណី​កើតទុក្ខ​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​នេះ​»​។

លោក នួន ប៉ុក អាយុ​ ៤៥ ​ឆ្នាំ​បាន​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ​ ២០១៨​។

បើតាម​លិខិត​បំភ្លឺ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ការចាប់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ដែល​បាន​ចោទ​លោក នួន ប៉ុក ថា បាន​យក​កម្រៃ​សេវា​ក្រៅច្បាប់ ពី​ការធ្វើ​បណ្ណ​ដី​ក្នុង​ ១ ​ប្លង់​តម្លៃ ១ ៦០០ ​ដុល្លារ និង​ការកាត់​ឈ្មោះ​ផ្ទេរកម្មសិទ្ធិ ក្នុង ១ ​ប្លង់​តម្លៃ ១ ០០០ ​ដុល្លារ​។

បន្ថែម​ពីនេះ​លោក​ ប៉ុក ក៏​ត្រូវបាន​ចោទប្រកាន់​ថា ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ដោយ​ការសូកប៉ាន់ ហើយ​ក្នុង​អំឡុងពេល​កាន់តំណែង​លោក​បាន​ស្នើ​ដកតំណែង​មន្ត្រី​ក្រោមឱវាទ​ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់​ផងដែរ​។ ប៉ុន្តែ​តាម​ការឆ្លើយបំភ្លឺ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក នួន ប៉ុក បាន​បដិសេធ​រាល់​ការចោទប្រកាន់​ខាងលើ​នេះ​ទាំងអស់​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ទៅ​មន្ត្រី​ពុករលួយ​រូប​នេះ​។ លោក​ចង់ឃើញ​មាន​ចំណាត់ការ​បន្ថែមទៀត​ទៅលើ​មន្ត្រី​ពុករលួយ​ដទៃទៀត ដែល​មាន​បាន​ដោយ​អំពើ​ខុសច្បាប់ និង​ខុស​ប្រក្រតី​ដែល​ទទួលរង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​។

លោក​បន្តថា ជា​ការពិត​បើ​ក្នុងករណី​ដែលមាន​ការចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ទាំងនោះ​កាន់តែ​ច្រើន​នោះ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត ហើយ​វា​ក៏​នាំឱ្យ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​រក្សា​បាន​ត្រឹមត្រូវ មិនមាន​ការរំលោភបំពាន​ពី​សំណាក់​មន្ត្រី ឬ​ជនខិលខូច​ព្រោះតែ​មន្ត្រី​ទាំងនោះ មាន​ការខ្លាចរអា លែង​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​បន្តទៀត​។

លោក​បញ្ជាក់​ថា​៖ «​គួរតែ​មាន​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ហើយ​ចាត់វិធានការ​ឱ្យបាន​ត្រឹមត្រូវ​ថែមទៀត ព្រោះនេះ​គឺជា​ការងារ​មួយ​ដែល​ខាង​ពលរដ្ឋ និង​ខាង​សង្គម​ស៊ីវិល ចង់ឃើញ​ការអនុវត្ត​បែប​ហ្នឹង​»​។ បើតាម​លោក​ ករុណា ចំណាត់ការ​លើ​អតីតមន្ត្រី​រូបនេះ​ក៏​អាចជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ច្បាប់​ផងដែរ ព្រោះ​វា​ជា​ការពង្រឹង​គុណភាព​សេវាកម្ម​របស់​រដ្ឋ​ឱ្យ​បានល្អ​ត្រឹមត្រូវ​ឡើងវិញ និង​បង្កើន​ជំនឿ​ចិត្ត​ពី​សាធារណជន​ឱ្យមាន​ជំនឿ​ចិត្ត​លើ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋាភិបាល​។

កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​លោក លឿម ប៊ុនរឿន អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្តពោធិ៍សាត់ រួមទាំង​អនុប្រធាន​មន្ទីរ និង​មន្ត្រី​មន្ទីរ​ម្នាក់ទៀត​ពីបទ​សម្អាត​ប្រាក់ រំលោភ​អំណាច និង​វីតិក្រម​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ៨ ​ឆ្នាំ​ផងដែរ​។ អតីតមន្ត្រី​មន្ទីរ​ដែនដី​ទាំង​ ៣ ​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ខេត្តពោធិ៍សាត់​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩៕