ភ្នំពេញៈ លោក​ លៀម ​​ប៊ុន​រឿន​ អតីត​​ប្រធាន​មន្ទីរ​សុរិ​យោដី​ខេត្ត​ពោ​ធិ៍សាត់​​នៅថ្ងៃទី​ ២១​ តុលា នេះ បាន​សុំ​ឱ្យតុ​លា​ការ​កំពូល​បន្ថយ​ទោស​បន្ទាប់​ពី​សាលា​​ឧទ្ធ​រណ៍​រក្សា​ទោស​៨ឆ្នាំ​តាម​អំណា​ច​សាល​ក្រម​​សាលា​ដំបូ​ង​រាជ​ធានី​ភ្នំពេញ ​ពាក់​ព័ន្ធ​​នឹង​សំណុំរឿង​កិប​កេង​លុយ​ខុស​ច្បាប់​​ជាង ​២៧ ​ម៉ឺន​​ដុល្លា​រ ប្រព្រឹត្ត​អំឡុ​ង​ពេលកា​ន់តំ​ណែង​ចន្លោះ​ឆ្នាំ​ ២០១៦​-​២០១៨​​។

នៅ​ក្នុង​​បន្ទប់​សវនា​ការ​នៃ​តុលា​កា​រកំពូលនៅថ្ងៃ​នេះ ​​ជនជា​ប់​ចោទ​ឈ្មោះ​ លៀម​ ប៊ុនរឿន​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​​លោក យូ ​យុត្ថារ៉ា​ ថា ​លោក​ធ្លាប់​ជា​អនុ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​បន្ទា​មាន​ជ័យ​មុន​​ឆ្នាំ​ ២០១៦។ ​លុះដ​ល់​ឆ្នាំ ២០១៦​ លោកក៏បាន​ផ្លាស់​មក​ទទួ​ល​តំណែង​ជា​ប្រធាន​មន្ទីរ​​សុរិយោដី​ខេត្ត​ពោធិ៍​សាត់ ​រហូត​ដល់​​ឆ្នាំ​ ២០១៩​​​។​

ក្នុង​អំឡុ​ង​កាន់​តំ​ណែ​ងបា​ន​ជាង​ ៣​ ឆ្នាំ ​លោក​ទ​ទួល​បាន​ប្រាក់​សេវា​ពី​ប្រភព​​ផ្សេងៗជា​កញ្ចប់​​ប្រមាណ​ ២៧​ ម៉ឺន​ដុល្លារ​ ប៉ុន្តែ​​ប្រាក់​នេះ​​ លោកបាន​ចំណាយ​លើ​ការ​ចុះ​បេស​កម្ម​តាម​មូល​​ដ្ឋាន​និង​ប្រាក់​មួយ​ផ្នែក​ទៀត​ចំណាយ​លើ​ការ​ងារ​គណ​បក្ស​។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​​ទទួល​ស្គាល់​ថានៅ​ចន្លោះ​ពេល​ដែល​ខ្ញុំ​កាន់​តំណែង​នៅ​ខេត្ត​ពោធិ៍​សាត់​ខ្ញុំ​រក​លុយ​ក្រៅ​បាន​ក្នុង​ចន្លោះ​ពី​ ៧​ ទៅ​ ៨​ ម៉ឺន​ដុល្លារ​ទេ។​ ចំពោះ​ថា​ប្រាក់​លើ​ស​ពី​នេះ​គឺ​គ្មាន​ទេ​»​។

ជន​ជាប់​ចោទ​​រូបនេះ​បន្តថា ​​កាល​នៅ​ជា​អនុប្រធា​ន​មន្ទីរ​​សុរិ​យោដី​​នៅ​ខេត្ត​បន្ទា​យមា​នជ័យ​ គឺ​លោក​បាន​ទិញ​ផ្ទះ​បង់​រំលស់​នៅ​បុរីប៉េង​ហួត​ក្នុង​តម្លៃ​ជាង​ ១៧ ម៉ឺ​ន​ដុល្លារ​ ហើយ​បានប​ង់រំ​លស់​ចប់​ និង​ទទួល​យក​ប្លង់ផ្ទះ​​​មកកា​ន់កា​ប់ក្នុ​ង​ឆ្នាំ​ ២០១៨​​។ ក្រៅ​ពីនេះ​​គាត់​មាន​រថយន្ត​​ផ្ទាល់​ខ្លួន​ម៉ាក​ឡង់​គ្រីស័រ​ ១ គ្រឿង​​ និង​រថយន្ត​ម៉ាក ​KI​A​ ១​ គ្រឿង​ទៀត​ ជា​កម្មសិទ្ធិ​របស់​ភរិយា​ និង​ដី​ផ្ទះ​នៅ​ក្រុង​ពោធិ៍​សាត់​ ១ ក​ន្លែង​ទៀត​។​ នៅថ្ងៃ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​ គឺ​លោក​​បាន​យក​រថយន្ត​ភរិយា​ជិះ ​​ប៉ុន្តែ​សមត្ថ​កិច្ច​យល់​ថា​រថ​យន្ត​នោះ​ជា​កម្ម​សិទ្ធិ​របស់​លោក​ហើយ​​ក៏បាន​រឹប​អូស​យ​​ក​។

លោក​បញ្ជា​ក់ប្រា​ប់ចៅ​ក្រម​ថា​៖ «សូម​តុលា​ការ​ផ្តល់​ផ្ទះ​នៅ​បុរីប៉េងហួត​ និង​រថយន្ត​​ម៉ាក​ KI​A​ ឲ្យ​ប្រពន្ធ​ខ្ញុំ​វិញ​ផ​ង​។ ខ្ញុំមាន​ជំងឺទឹ​កនោម​​ផ្អែម​ និង​ជំងឺ​បេះ​ដូង​ ដូច្នេះ​សូម​បន្ថយ​ទោស​ដល់​ខ្ញុំ​ ដើម្បី​ឆាប់​បាន​ចេញ​ទៅ​រក​ស៊ី​ចិញ្ចឹម​កូន​តូចៗ​ ៣​ នាក់ ​​និង​លុប​ចោ​លសំ​ណ​ង»​។​

លោ​ក​​ ជុំ ​សំបាន​ តំណាង​មហាអ​យ្យការ​បានស​ន្និដ្ឋា​ន​ថា​តាម​ដែល​លោក​បាន​សិក្សា​លើ​សំណុំរឿង​នេះ​ឃើ​ញ​ថា​ការ​សម្រេ​ច​សេចក្ដីរបស់​​សាលា​​ឧទ្ធរណ៍​​ដែល​​​ត​ម្ក​ល់​​សាលក្រម​​តា​ម​​សា​លា​ដំ​បូង​រាជ​ធានី​​ភ្នំពេញ​ដាក់​​ពន្ធ​នាគា​រ​លើជ​នជាប់​ចោ​ទ​​៨ឆ្នាំនោះ​​គឺ​ជា​ការត្រឹ​មត្រូវ​តាម​ច្បាប់​ហើយ​។

លោក​ថ្លែង​ថា៖​«ខ្ញុំយ​ល់ថា​តុលា​ការ​​ថ្នាក់​ក្រោម​ទាំង ២ ​ថ្នាក់​សម្រេច​សេចក្តី​ត្រឹម​ត្រូវ​។ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ពិចារ​ណា​តាម​ច្បាប់​»​។​

ទោះ​យ៉ាង​ណា​​ លោក​ នូ ​ចន្ថា​ ជា​មេ​ធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជា​ប់ចោទ​ក៏​ធ្វើ​សេចក្តី​សន្និដ្ឋាន​ដែរ​​ថា​មូល​ហេតុ​ដែល​កូនក្តី​លោក​​ប្តឹង​សារ​ទុក្ខ​មកតុលាការ​កំពូល​​​គឺ​ដោយ​សារ​គាត់​មិនសុ​ខចិត្ត​​នឹង​ទ​ណ្ឌកម្មទោស​​ធ្ងន់ពេក​។ ម៉្យាង​ទៀត​ពាក់​ព័ន្ធ​នឹង​ទ្រ​ព្យសម្បត្តិ​ផងដែរ​។ ចំពោះ​ផ្ទះ​នៅ​បុរីប៉េ​ងហួត​​និង​រថយន្ត​ម៉ាក​ KIA ​គឺ​ជា​កេ​រដែល​កូនក្តី​លោក​រក​បាន​មុន​ចូល​កាន់​តំណែង​នៅ​ខេត្តពោ​ធិ៍សា​ត់​​ទៅ​ទៀ​ត​​។​​​

លោកមេធាវី​បន្តថា ម៉្យាងទៀត​តុលា​ការ​​គួរពិចា​រ​ណា​ផ​ងដែរ​ព្រោះ​កូនក្តី​លោក​បាន​បម្រើជាតិ​តាំង​ពី​ឆ្នាំ​ ១៩៨០​ មកម្ល៉េះ​ ហើយ​កូន​ក្តី​លោក​គួរតែ​ទទួល​​បាន​ការ​យោគ​យល់​​ពី​តុលា​ការ​​អំពី​គុណ​សម្បត្តិ​បម្រើជា​តិ​​នេះ​​​។​​

លោក​​ថ្លែង​ថា៖​ «កូនក្តី​ខ្ញុំ​សុំ​បន្ថយទោស​សុំ​​ឲ្យ​តុលាការ​ប្រគល់ទ្រព្យសម្បត្តិ​ខ្លះ​មក​វិញ​ និង​សុំ​លុប​ចោល​សំណង​ពិន័យ។​ សូម​តុលា​ការពិ​ចា​រណា​ទ្រព្យដែ​ល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ និងប​ង្វិល​សំណុំរឿ​ង​​ទៅ​ឧទ្ធរណ៍​វិ​ញ​»។

តាម​កំណត់​ហេតុ​តុលា​ការ​​កំពូល​បង្ហាញ​ថា​ជនជា​ប់​ចោទ​​ត្រូវ​សម​ត្ថកិច្ច​​ឃាត់ខ្លួន​​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ ​កក្កដា​ ឆ្នាំ​ ២០១៩​ តាម​បណ្តឹង​របស់ជ​នរ​ង​គ្រោះម្នា​ក់​ពាក់ព័ន្ធ​​ករណី​ទារ​​ប្រា​ក់​​​ខុ​ស​ច្បាប់​​ចំនួន ១០​ ម៉ឺន​ដុ​ល្លារ ជា​ថ្នូ​រ​នឹង​ការ​ចេញ​ច្បាប់​សាង​សង់​ទីតាំង​ក្រុម​ហ៊ុន​។

បើតាមកំ​ណត់​ហេ​តុ​​​ដដែល ​ជនជា​ប់​ចោ​ទឈ្មោះ​ លៀម​ ប៊ុនរឿន​ មាន​ផ្ទះ​នៅ​បុរីប៉េង​ហួត​ប៉ុស្តិ៍វិ​ទ្យុ​ស្ទឹ​ង​មានជ័​យ​រាជ​ធា​នីភ្នំ​ពេញ​ចំនួន​ ១​​ ផ្ទះនៅខេ​ត្ត​ពោធិ៍​សាត់​​ចំនួ​ន ២​ និងមាន​រថយន្ត​ ២ គ្រឿង​ ដោយ​ ១​ គ្រឿង​​ម៉ាក​ Lexus​ 570​​ ព​ណ៌មាស​​ស៊េរីឆ្នាំ ​២០១០ ​និង​រថ​យ​ន្ត ១​ គ្រឿង​ទៀត​​ម៉ាក ​​KIA​ Morning​ ពណ៌ស​ ​សេរី​ឆ្នាំ​ ២០១២។​

ក្នុង​សំណុំរឿ​ងនេះ​ លោក លៀម​ ប៊ុនរឿន​ ត្រូវបាន​សា​លាដំ​បូ​ង​រា​ជធានី​ភ្នំពេញ​ប្រកាស​សាលក្រ​ម​នៅថ្ងៃទី​ ២៧ ​​ខែ ​កុម្ភៈ ​ឆ្នាំ​ ២០២០​ ផ្តន្ទា​ទោ​ស​​ដាក់ព​ន្ធនា​គារ​ ៨ ឆ្នាំ​ ចោទ​ពី​បទ​​វិតិក្រម​ ប​ទរំលោភ​​អំណាច​ និង​បទ​សម្អាត​ប្រាក់​ និង​ពិន័យ​ប្រាក់​ចំនួន​ ៨​ លាន​រៀល​ចូល​ថ​​វិកា​រដ្ឋ​។

យ៉ា​ណា​ក្ដី ក្រោ​យ​ពីសវ​នា​ការ​នៅតុ​លា​កា​រ​កំពូល ​​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ​យូ ​យុត្ថា​រ៉ា ​ថ្លែង​ថា​ សាល​ដី​កា​សំ​ណុំរឿ​ងនេះ​នឹង​ប្រកា​ស​នៅ​ថ្ងៃ​ទី​ ២៨​ តុលា ​ខាងមុ​ខ​​៕​​