The Phnom Penh Post Search

Search form

អតីត​ប្រធាន​ CNRP ​ខេត្ត​កែប​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បំភ្លឺ

Content image - Phnom Penh Post
អតីត​ប្រធាន​ CNRP ​ខេត្ត​កែប​លោក នន់ តារា​ (​ស្ដាំ​) ​ដែល​កំពុង​រង​បណ្ដឹង​។ រូបថត ហ្វេសប៊ុក

អតីត​ប្រធាន​ CNRP ​ខេត្ត​កែប​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បំភ្លឺ

កែបៈ អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កែប​រង​បណ្ដឹង​មួយ​ពី​ជំទប់​ទី​ ១ ​ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ បន្ទាប់ពី​ទាស់​សម្ដី​គ្នា​កាលពី​ដើម​សប្ដាហ៍​មុន​នៅ​ហាង​កាហ្វេ​ក្នុង​ឃុំ​ដំណាក់​ចង្អើរ​ហើយ​កាលពី​ម្សិលម្ង៉ៃ​​អធិការ​នគរបាល​ស្រុក​នេះ​បាន​កោះហៅ​ចុង​បណ្ដឹង​មក​សាកសួរ​។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​ ១០ ខែ​មករា​អធិការ​ស្រុក​ដំណាក់​ចង្អើរ​លោក​វរសេនីយ៍ទោ តូច សុវណ្ណ បាន​អញ្ជើញ​លោក នន់ តារា អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កែប​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ ១១ ​មករា​វេលា​ម៉ោង​ ២ ​រសៀល​ម្សិលមិញ​តាមរយៈ​បណ្ដឹង​របស់​លោក​ ម៉ី ជី ជំទប់​ទី​ ១ ​ឃុំ​អង្កោល​។

លោក នន់ តារា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​ទើប​ចូល​តាម​ការ​កំណត់​រួចហើយ​តែ​អធិការ​ស្រុក​លោក​ តូច សុវណ្ណ បាន​ប្រាប់​ថា​សុំ​ពន្យារ​ព្រោះ​លោក​កំពុង​ជាប់​រវល់​ការងារ​។

លោក​បន្ត​ថា​ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា​ចូល​បំភ្លឺ​រឿង​ផ្ទាល់​ខ្លួន ប៉ុន្ដែ​លោក​យល់​ថា​វា​គឺជា​ការ​គំរាម​កំហែង បំបាក់​ស្មារតី​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា​ដើមចម​នៃ​រឿង​នេះ​គឺ​ក្រោយ​ពេល​ទាស់​សម្ដី​ជាមួយ​ជំទប់​ទី​ ១ ឃុំ​អង្កោល​។

លោក នន់ តារា អះអាង​ថា​ជម្លោះ​ផ្ដើម​ចេញ​ពី​ជំទប់​ទី​ ១ បាន​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នៅ​ពេល​ជជែក​គ្នា​ពី​រឿង​ជនជាតិ​ថៃ​ចាប់​ខ្មែរ​នៅ​លើ​ទូក​នេសាទ​គ្មាន​អាជ្ញាធរ​ខ្មែរ​ជួយ​។

លោក​ថា​ លោក​បាន​ប្រាប់​ជំទប់​ទី​ ១ ​ឃុំ​អង្កោល​កុំ​ឲ្យ​ព្រមាន​ពលរដ្ឋ ប៉ុន្ដែ​ត្រូវ​បាន​ជំទប់​ទី​ ១ ​នោះ​ខឹង ហើយ​គំហក​ថា គាត់​និយាយ​ពី​ការ​ចាប់​នោះ​គឺ​សំដៅ​លោក កឹម សុខា មិនមែន​និយាយ​ថៃ ចាប់​ពលរដ្ឋ​ខែ្មរ​ទេ​។

លោក​បន្ថែម​ថា​លោក​មិន​បាន​គិត​ថា​ជំទប់​ទី​ ១ ​រូប​នេះ​ដាក់​ពាក្យ​ប្ដឹង​លោក​ទេ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ ឬ​និយាយ​អ្វី​ខុស​ឆ្គង​នោះ​ឡើយ​ដោយ​លោក​ថា​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​ដែល​ប្ដឹង​មនុស្ស​គ្មាន​កំហុស និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។

លោក ម៉ី ជី ជា​ដើម​បណ្ដឹង​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល​។

លោក តូច សុវណ្ណ អធិការ​ស្រុក​ដំណាក់​ចង្អើរ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​ពិតជា​បាន​កោះ​ហៅ​ភាគី​ទាំង​ ២ ​មក​សួរ​មែន​ដោយ​លោក នន់ តារា មក​ចូល​មុន​ហើយ​វា​មិនមែន​ជា​រឿង​នយោបាយ​ទេ ប៉ុន្ដែ​ដោយ​ជាប់​​រវល់​ទើប​លើក​ពេល​រង់ចាំ​ការ​កោះ​ហៅ​ម្ដង​ទៀត​។

លោក​បន្ត​ថា​លោក​ធ្វើ​តាម​បណ្ដឹង​លោក ម៉ី ជី ជំទប់​ទី​​ ១ ​ឃុំ​អង្កោល​ដែល​ដាក់ កាលពី​ដើម​សប្ដាហ៍​មុន​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ផ្ទាល់​ខ្លួន​រវាង​ភាគី​ទាំង​ ២ ​ប៉ុន្ដែ​លោក​ថា​មិន​ទាន់​ដឹង​សាច់​រឿង​លម្អិត​ទេ​រង់ចាំ​សួរ​ភាគី​ទាំង​ ២ ​សិន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​​ឡើយ​ទេ រង់ចាំ​សាកសួរ​ភាគី​ទាំង​ ២ ​សិន​។ ខ្ញុំ​ធ្វើ​នេះ​មិនមែន​ជា​រឿង​នយាបាយ​ ឬ​គំរាម​កំហែង​អ្វី​នោះ​ទេ​គឺ​ខ្ញុំ​ធ្វើ​តាម​នីតិវិធី និង​ច្បាប់​»​។

បើ​ទោះ​យ៉ាង​ណា​លោក នន់ តារា បាន​ប្រាប់​ថា​បន្ទាប់ពី​គ្មាន​អ្នក​យល់ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ខេត្ត​នេះ ពួកគាត់​តែង​រង​ការ​តាមដាន​ពី​សមត្ថកិច្ច​នៅ​ពេល​ពួកគាត់​ជួបជុំ​គ្នា​ម្ដងៗ​៕

អត្ថបទគួរចាប់អារម្មណ៍