កំពង់​ធំៈ អ្នក​នាំពាក្យកង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ប្រកាស​ កាល​ពី​ម្សិល​មិញ​ថា កង​រាជ​អាវុធហត្ថ​ បាន​ឃាត់​ខ្លួន​អតី​ត​មន្ត្រីកងរាជ​អាវុធ​​ហត្ថ​រង​ស្រុក​បារាយណ៍​ម្នាក់​ ឈ្មោះ សន​ សំនៀង ​ក្នុងករណី​ផ្សាយ​ព័ត៌​មាន​មិន​ពិត ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ។

ការ​ឃាត់​ខ្លួននេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​អតីត​មន្ត្រី​កងរាជ​អាវុធហត្ថ​រូប​នេះ ​បានបង្ហោះ​ព័ត៌មាន​តាម​ហ្វេសហ៊ុក​ឈ្មោះ«យម​រាជ​ លោកិយ៍​» រៀបរាប់​អំពី​អ្វី​ដែល​ខ្លួន​អះអាង​ថា​ ជា​ភាព​អយុត្តិ​ធម៌​របស់​ខ្លួន ក្នុង​ការ​បំពេញ​ការងារ​ និង​រហូត​ដល់​មានការ​ដក​តួ​នាទី។ ​ឈ្មោះ សន ​សំនៀង ​បាន​លើក​ឡើងពី​ករណី​ខ្លួន​ចាប់​ឡាន​ដឹក​កញ្ឆា​ក្រៀម​ ១៧២ ​គីឡូក្រាម​ និង​ឡាន​ដឹក​ឈើ​គ្រ​ញូង ​និង​បក​ស្រាយ​ករណី​បណ្ដឹង​មួយ​ចំនួន​ទៀត ​ដែល​លោក​ត្រូវ​បាន​ប្តឹង។

លោក អេង ​ហ៊ី ​អ្នក​នាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​៖«បុគ្គល​ឈ្មោះសន ​សំនៀង នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ នៅ​ល្ងាច​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា ​ឆ្នាំ២០១៨ ​ដោយ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ មាន​ការដឹកនាំ​និង​សម្រប​សម្រួល​ ដោយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ។ ​ខណៈ​នេះ ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ កំពុង​ធ្វើ​ការ​ស្តាប់​ចម្លើយ​និង​បន្ត​នីតិ​វិធី»។

លោក​ អេង​ ហ៊ី ​ថ្លែង​ថា ឈ្មោះសន​ សំនៀង ​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពី​ឆ្នាំ​ ២០១៧ ​ដោយឈ្មោះ​នេះ​ បាន​ប្រព្រឹត្ត​ខុស​ជា​បន្ត​បន្ទាប់​ រួម​មាន​ការ​បង្ក​គ្រោះ​ថ្នាក់​ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​ការ​បាញ់​បោះ​សេរី ​ជា​ដើម។

ទោះ​ជាយ៉ាង​ណា​ មុន​ពេល​ចាប់​ខ្លួន ​ឈ្មោះសន ​សំនៀង​ បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ជា​ច្រើន​ដង​ ពន្យល់​អំពី​ដំណើរ​ការ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ​ដោយ​លោក​បដិសេធ​ការ​ចោទ​ប្រកាន់​នានា ​របស់​អាវុធ​ហត្ថ។​ លោក​បាន​អះអាង​​ថា​ លោក​បាន​ចូល​ធ្វើ​ជា​អាវុធ​ហត្ថ​ នៅ​ស្រុក​បារាយណ៍​ ដោយ​ការ​ទិញ​ឈ្មោះ​គេ។

តាម​ឯកសារ​ដែល​លោក​បង្ហោះ​ កាល​ពី​ឆ្នាំ​២០១៣​ បញ្ជាក់ថា លោក​​បាន​ទទួល​បញ្ជា​ទៅ​បង្ក្រាប​គ្រឿង​ញៀន​មួយ​ករណី​ ដោយ​ឃាត់​ឡាន​កាម៉ារី​គូថ​ស្វិត​ដឹក​អេតចាយ ​និង​បង្កប់​កញ្ឆា​ក្រៀម​ ១៧២ ​គីឡូក្រាម​។ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​នេះ ​ម្ចាស់​ឡាន​ ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ចាប់​យក​ទៅ​បង្ខាំង​ទុក​ ដើម្បី​ទារ​ប្រាក់​។

ក្នុង​ករណី​នេះ ​ឈ្មោះ សន ​សំនៀង ​ត្រូវ​បាន​ចោទប្រកាន់​ថា ​ជា​អ្នក​ចាប់​ជំរិត​ទារ​ប្រាក់ ​ប៉ុន្តែ​ក្រោយ​មក​ តុលាការ​បាន​សម្រេច​ទម្លាក់​បទ​ចោទ​ក្រោយ​ពេល​រក​ឃើញ​ថា​ ឈ្មោះនេះ​ មិន​ពាក់​ព័ន្ធ​។ នៅ​ក្នុង​ឆ្នាំ ​២០១៣ ​ដែរ ​សំនៀង ​បាន​ឃាត់​ឡាន​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង ​ដោយ​ឃាត់​បាន​ឈើ​គ្រញូង​ខុស​ច្បាប់​ចំនួន​ ៩០​ ដុំ។

លោក​ ហង្ស ​ថុល​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ បាន​ថ្លែង​ថា​៖ «រឿង​នេះ ​មិន​មែន​បរិហារ​កេរ្តិ៍​តែ​មួយ​មុខ​ទេ​ នេះ​ចូលញុះ​ញង់​បំបែក​បំបាក់។ ​យើង​ឃាត់​ខ្លួន​គាត់​បណ្តោះ​អាសន្ន​សិន​ ដើម្បី​សួរ​នាំ​គាត់​ ថា​តើ​ហេតុ​អី​គាត់​ចេះ​តែ​ឡាយ​ផ្តេស​ផ្តាស ​តើ​មាន​ដឹង​ថា ប៉ះ​ពាល់​ដល់​គេ​ដែរ​ឬ​ទេ»។

លោក​ថ្លែង​បន្ត​ថា៖«​នៅ​ពេល​ដែល​គេ​ស្តាប់​ទៅ ​មើលទៅ ​វា​អាក្រក់​ស្តាប់​។ មនុស្ស​ដែល​ខំ​ធ្វើ​ការ​បែរ​ទៅ​ជា​អស់​បុណ្យ​អស់​ស័ក្តិអស់​តួ​នាទី…វា​អយុតិ្តធម៌​សម្រាប់​ខ្ញុំ​ជា​មេ​អង្គភាព​ដែរ​។ អ្នក​ឯក​ស្រែក​រក​យុត្តិ​ធម៌​ដូច្នេះ​ ខ្ញុំ​ក៏​ទាម​ទារ​រក​យុត្តិ​ធម៌​វិញ​ដែរ​ដូច​ជា​រឿង​គ្រឿង​ញៀន​ តើ​គ្រឿង​ញៀន ១៧២​ គីឡូ​ពី​ណា ​វា​គឺ​ជា​កញ្ឆាទេ​។ ចាប់​គេ​ហើយ​ដាក់​ខ្នោះ​ និង​ច្រវាក់​គេ​ដើម្បី​ទារ​លុយ​គេ​ និង​វា​បាន​លាក់​នៅ​ផ្ទះ​វា។ ហេតុ​អ្វី​ក៏​វា​មិន​និយាយ​»។

ករណី​ឈើ​គ្រញូង ​លោក ហង្ស​ ថុល ​ថ្លែង​ថា ​ក្រោយ​ពេល​ចាប់​បាន​ហើយ​ ឈ្មោះ សន​ សំនៀង ​បាន​យក​ទៅ​ទុក​នៅផ្ទះ​ម្តាយ​របស់​គេ ​ដោយ​មិន​យក​ទៅ​អង្គភាព។

លោក​អះអាង​ថា​ គិតត្រឹម​ថ្ងៃ​ម្សិលមិញ ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​នៅ​ឡើយទេ​៕