ភ្នំពេញៈ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិល្បីឈ្មោះ ១ រូប គឺលោក អ៊ូ ច័ន្ទរ័ត្ន កំពុងស្ទាបស្ទង់មតិអ្នកបោះឆ្នោតមុននឹងឈានទៅបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណត្តិខាងមុខ។ ការសម្រេចគ្រោងបង្កើតបក្សថ្មីនេះដោយសារថ្នាក់ដឹកនាំអតីតបក្សប្រឆាំង មិនអាចវិលត្រឡប់មកដឹកនាំបក្សនេះវិញបាន ហើយលោកមើលឃើញថា មានតែការបោះឆ្នោតទេដែលជាជម្រើសល្អ។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ពីម្សិលមិញថា នៅពេលនេះលោកមានគម្រោងបង្កើតបក្សថ្មី ប៉ុន្តែមិនទាន់លេចចេញជារូបរាងនៅឡើយទេរហូតដល់លោកបានដឹងពីចរន្តរបស់ពលរដ្ឋក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «បើសិនជាចរន្តដែលចង់ចូលរួមក្នុងការបោះឆ្នោតមានចំនួនធំ កម្លាំងខ្លាំង ពេលនោះយើងនឹងពិចារណាបង្កើតគណបក្សចូលរួមប្រកួតប្រជែងបោះឆ្នោត។ រហូតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំហើយដែលយើងរង់ចាំដំណោះស្រាយ តែវាអត់មាន។ យើងឃើញជំហររដ្ឋាភិបាល ហើយនិងជំហរនៃគណបក្សប្រឆាំងហាក់ដូចជាមិនមានកន្លែងណាដែលអាចឈានទៅរកដំណោះស្រាយបាន»។
លោកបន្តថា លោកបានជួបជាមួយមន្ត្រីអង្គទូតអន្តរជាតិដោយមន្ត្រីទាំងនោះប្រាប់ថា គេបានប្រឹងប្រែងធ្វើអស់ហើយក្នុងការសម្របសម្រួលរវាងគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង។ នៅតែខាងភាគីខ្មែរទេដែលមិនទាន់ឃើញមានការបន្ទន់ឥរិយាបថចង់ជជែកគ្នារកដំណោះស្រាយ។
លោកថា មានតែការចូលរួមបោះឆ្នោតហើយមានកៅអីនៅរដ្ឋសភាទេ ដែលយ៉ាងហោចណាស់មានសំឡេងដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី។ «រហូតមកដល់ពេលនេះមានរយៈពេល ៣ ឆ្នាំហើយ EBA ក៏គេផ្ដាច់ហើយ ២០ ភាគរយ អ៊ីចឹងដំណោះស្រាយទៅមុខទៀតមានតែ ២ ទេគឺចូលរួមបោះឆ្នោត និងទាមទារការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឬមួយត្រូវបន្តធ្វើពហិការដូចសព្វថ្ងៃតទៅទៀត។ ដើម្បីមានចម្លើយនេះទាល់តែយើងសិក្សាសិន ប៉ុន្តែនិន្នាការរបស់ខ្ញុំគឺខ្ញុំគិតថា ការចូលរួមបោះឆ្នោតវាជារឿងចាំបាច់ដើម្បីលទ្ធិប្រជាធិបតេយ្យ។
បើពលរដ្ឋខ្មែរភាគច្រើនយល់ថា ការបោះឆ្នោតមានសារៈសំខាន់ហើយគាត់ចូលរួមបោះឆ្នោត ខ្ញុំយល់ថា វាជារឿងប្រសើរ»។ លោកបន្តថា ប៉ុន្តែបើលោកសិក្សាទៅឃើញថា និន្នាការនៃការធ្វើពហិការនៅមានច្រើនមិនព្រមចូលរួមបោះឆ្នោត ពេលនោះលោកនឹងសម្រេចចិត្តមិនបង្កើតទេ។ ក្នុងពេលនេះលោកនឹងបន្តចុះទៅតាមមូលដ្ឋាន ដើម្បីស្ដាប់មតិពលរដ្ឋ បន្ទាប់ពីលោកបានស្ដាប់មតិរបស់អន្តរជាតិផ្សេងៗ។
ប្រសិនបើថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា អាចចូលប្រឡូកក្នុងឆាកនយោបាយវិញបាន ដោយគ្មានសម្ពាធ លោកនឹងចូលរួមជាមួយពួកគាត់។ ប៉ុន្តែលោកគ្មានជំនឿថា លទ្ធភាពបែបនេះអាចកើតឡើងបានទេ។
លោក ច័ន្ទរ័ត្ន បដិសេធមិនលាតត្រដាងឈ្មោះបក្សដែលលោកគ្រោងនឹងបង្កើត និងអ្នកដែលនឹងចូលរួមជាមួយលោក។ ប៉ុន្តែថ្មីៗនេះមានការលើកឡើងនៅបណ្ដាញហ្វេសប៊ុកថា លោកគ្រោងបង្កើតគណបក្ស «កំណែទម្រង់» និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួន ដូចជាលោក សុន ឆៃ និងលោក មាជ សុវណ្ណារ៉ា។
លោក មាជ សុវណ្ណារ៉ា បានថ្លែងពីម្សិលមិញថា គំនិតផ្ដួចផ្ដើមបង្កើតបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺជាសិទ្ធិរបស់លោក។ ប៉ុន្តែលោកយល់ថា សម្រាប់អតីតបក្សប្រឆាំង ពលរដ្ឋខ្មែរមើលទៅលើថ្នាក់ដឹកនាំទាំង ២ គឺលោក កឹម សុខា និងលោក សម រង្ស៊ី។ អ្នកដែលចេញពីអតីតបក្សសង្គ្រោះជាតិទៅបង្កើតបក្សថ្មី មិនទទួលបានការគាំទ្រទេនៅពេលដែលបញ្ហានយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកំពុងជាប់គាំង។
«បើអ្នកដែលជាអតីតតំណាងរាស្ត្រ ដូច អ៊ូ ច័ន្ទរ័ត្ន ដូច សុន ឆៃ គាត់ទៅបើក យើងមិនចាត់ទុកថា បរាជ័យ ឬជោគជ័យទេ តែបើយើងចង់ជ្រោងដួងព្រលឹងសង្គ្រោះជាតិ វាទាល់តែមានការយល់ព្រមពីមេដឹកនាំទាំង ២ ថា នេះហើយជាឈាមថ្មី ជាក្រុមថ្មីអ្នកជំនាន់ថ្មីបន្តវេនរបស់មេដឹកនាំទាំង ២។ តែបើអត់មានការជំរុញ និងយល់ព្រមពីមេដឹកនាំទាំង ២ គាត់ បើកបាន តែជោគជ័យជាមួយប្រជាពលរដ្ឋ វាមិនងាយ»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថាលោក អ៊ូ ច័ន្ទរ័ត្ន ដែលនឹងចេញមកធ្វើនយោបាយនេះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានការគាំទ្រទេ។ លោក ច័ន្ទរ័ត្ន គ្មានកម្លាំងប្រកួតជាមួយគណបក្សកាន់អំណាចទេគឺដូចគណបក្សចំនួន ១៩ ដែលមិនទទួលបានកៅអីសូម្បីតែ ១ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨។ «ដូច្នេះរូបភាពទាំងនេះបង្ហាញទឡ្ហីករណ៍គ្រប់គ្រាន់សម្រាប់អ្នកនយោបាយយកទៅគិតពិចារណាហើយ។ ការចូលរួមដោយគ្មានសមាសភាព និងទម្ងន់គ្រប់គ្រាន់ មិនមានការចូលរួមពីពលរដ្ឋទេ»។
គិតចាប់ពីអតីតគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយនៅខែវិច្ឆិកា ឆ្នាំ ២០១៧ មកសមាជិកបក្សមួយចំនួនដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបង្កើតគណបក្សចំនួន ២ រួចហើយ រួមមាន គណបក្សខ្មែរអភិរក្សនិយម និងគណបក្សខ្មែរស្រឡាញ់ជាតិ។
លោក ឈឹម កានប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃថ្លែងពីម្សិលមិញថា បច្ចុប្បន្នមានគណបក្សនយោបាយសរុបចំនួន ៤៧ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងនោះមាន ២ គណបក្សកំពុងស្ថិតក្នុងលក្ខខណ្ឌបង្កើត រួមមានគណបក្សឯកភាពជាតិខ្មែរ និងគណបក្សប្រយោជន៍ខ្មែរ៕
វីដេអូ៖