The Phnom Penh Post Search

Search form

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ​រង​ការ​ប្ដឹង​ពី​បទ​រំលោភ​សាលដីកា

Content image - Phnom Penh Post
លោកស្រី មូរ សុខហួរ និង​មន្ត្រី​ពេល​សួរសុខទុក្ខ​លោក កឹម សុខា​។ ហុង មិនា

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ​រង​ការ​ប្ដឹង​ពី​បទ​រំលោភ​សាលដីកា

ភ្នំពេញៈ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​តិច​ ៥ ​រូប​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​រំលោភ​សាលដីកា​តុលាការ​កំពូល​ដែល​ហាម​ពួកគេ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ​។

ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ក្រោយពី​លោក សម រង្ស៊ី ​និង​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ និង​បន្ត​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ និង​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រសួង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​ដើម្បី​ប្តឹង​អតីតមន្ត្រី​ជាន់​ខ្ពស់​សង្គ្រោះ​ជាតិ​ ៥ ​រូប​ពី​បទ​រំលោភ​សាលដីកា​តុលាការ​កំពូល​ដែល​ហាម​ពួកគេ​មិន​ឲ្យ​ធ្វើ​នយោបាយ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​អ្នក​ទាំង​នោះ​ទេ ដោយ​គ្រាន់​តែ​ថា ការ​ដាក់​បណ្តឹង​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​មន្ត្រី​ទាំង​ ៥ ​រូប​នោះ​បន្ត​មហិច្ឆតា​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ផ្សេង​ទៀត​។

លោក​នាយឧត្តមសេនីយ៍​ ខៀ សុភ័គ បាន​បញ្ជាក់​ថា​៖ «​បាន​​ដាក់​កាលពី​សប្តាហ៍​មុន​។ ​យើង​ប្តឹង​បុគ្គល​ដែល​បាន​ធ្វើ​សកម្មភាព​ខុស​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​បុគ្គល​ទាំង​នោះ​គឺជា​បុគ្គល​ដែល​លេចធ្លោ​ជាង​គេ ធ្វើ​សកម្មភាព​សកម្ម​ជាង​គេ ហើយ​ធ្វើ​សកម្មភាព​ដែល​ធ្ងន់ធ្ងរ​ជាងគេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​គាត់​នៅ​​តែ​ក្រាញ​ននៀល​បង្កើត​នូវ​អ្វី​ដែល​ហៅថា​មហិច្ឆតា​លោភលន់ ប្រើប្រាស់​នូវ​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា​។ តែងតែ​ចិញ្ចឹម​មហិច្ឆតា​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​...​យើង​រង់ចាំ​នីតិវិធី​តុលាការ​ចាត់​វិធានការ​»​។

ក្រៅពី​នោះ​លោក​ ខៀវ សុភ័គ ​បាន​បញ្ជាក់​ដែរ​ថា ក្រសួង​ក៏​នៅ​តែ​តាម​ឃ្លាំមើល​ពី​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​ផង​ដែរ​ដោយ​លោក​ថា​នឹង​ចាត់​វិធានការ​ភ្លាម ប្រសិន​បើ​ស្ថាប័ន​ទាំង​នោះ​មិន​អនុវត្ត​តាម​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ចាត់ទុក​ថា មិនមែន​ជា​ការ​ភ័យ​​ខ្លាច​ទេ​។ វា​សំណាង​ល្អ​របស់​កម្ពុជា​ដែល​យើង​បាន​រកឃើញ​។ ​បុព្វការីជន​យើង​ ឬ​ទេវតា​ថែរក្សា​​ប្រាសាទ​អង្គរវត្ត​លោក​បាន​ប្រាប់​មក​យើង​ឲ្យ​ឃើញ​សកម្មភាព​ពិសពុល​របស់​គណបក្ស​ប្រឆាំង​។

ប្រសិន​បើ​យើង​រក​មិនឃើញ​រឿង​នេះ​ទេ ប្រហែល​ជា​ស្រុក​យើង​ត្រូវ​រត់​ និង​លូន​តទៅ​ទៀត​​ហើយ​។ យើង​រកឃើញ​ដោយ​​ចៃដន្យ​ ដោយសារ​បុគ្គល​ កឹម សុខា សារភាព​ដោយ​ខ្លួន​វា​។ គឺ​តាម​ កឹម សុខា ខ្លួនឯង វា​និយាយ​ប្រហែល​ជា​ស្រុក​ទេស​យើង​វឹកវរ​ទៀត រត់លូន មិន​បាន​ជួបជុំ​គ្រួសារ​»​។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ភ្នំពេញ​លោក លី សុផាណា មិន​បាន​ឆ្លើយតប​សំណួរ​ទាក់ទង​នឹង​បណ្ដឹង​នេះ​ទេ​កាលពី​ម្សិលមិញ ដោយ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ក្រសួង​មហាផ្ទៃ​វិញ​។

ចំណែក​លោក​មេធាវី ជូង ជូងី ​ដែល​ធ្លាប់​តែ​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បណ្តឹង​នេះ​ទេ ​ខណៈ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​​អត្តសញ្ញាណ​របស់​ចុង​ចោទ​​ដែល​មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​។

លោក​បាន​បន្ត​ថា​៖ «​ពាក្យ​បណ្តឹង​​ពេល​និយាយ​ពី​រឿង​ផ្លូវ​ច្បាប់​គេ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ដែល​អ្នក​ត្រូវ​បាន​គេ​ប្តឹង​បើ​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​បាន​គេ​ប្តឹង​តើ​តុលាការ​ត្រូវ​ចាប់​ស៊ើបអង្កេត​ពី​ណា​ទៅ​»​។

យ៉ាង​ណា​ក្ដី​លោក ឡុង បុត្តា ​អតីត​អ្នក​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​បាន​សន្និដ្ឋាន​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ ៥ ​នាក់​នោះ​អាច​មាន​កូនស្រី​លោក​ កឹម សុខា និង​អាច​រូប​លោក​ហើយ​ថា​មិន​អាច​ទុក​ឲ្យ​លោក​ ហ៊ុន សែន និង​តុលាការ​អាយ៉ង​ធ្វើ​អ្វី​ស្រេច​ចិត្ត​ទេ​។

លោក​បាន​បន្ត​ថា អ្នក​ទាំង​នោះ​មាន​ប្រឡាក់​ឈាម​ទាំង​លោក​ ជា វិជ្ជា ទាំង​លោក​ ឈុត វុទ្ធី និង​លោក​ កែម ​ឡី ​ផង​ដែរ​ហើយ​បាន​ចោទ​តុលាការ​ថា គឺជា​អាយ៉ង​លោក ហ៊ុន សែន​។

លោក​ថា​៖ «​របប​នេះ​រាប់​ឆ្នាំ​មិន​ដែល​រកឃើញ​ទេ ប៉ុន្តែ​បើ​ចាប់​ពួក​ប្រឆាំង​វិញ​បាន​ភ្លាម​។ ​ក្មួយ​ឯង​គិត​ថា តើ​យើង​បណ្តោយ​ឲ្យ​គាត់​ធ្វើ​តទៅទៀត​ឬ​យ៉ាង​ណា​?...​យើង​មិន​អាច​ទុក​បាន​ទេ យើង​ត្រូវ​តែ​កម្រើក​»​។

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ហាម​មន្ត្រី​គណបក្ស​នេះ​ ១១៨ ​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​។

ទោះ​យ៉ាង​ណា​លោកស្រី មូរសុខហួរ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ច្រានចោល​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ខណៈ​បច្ចុប្បន្ន​លោកស្រី​កំពុង​នៅ​ក្រៅ​ប្រទេស​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​វា​បាន​បង្ហាញ​ថា ពួកគេ​ត្រូវ​បាន​លងបន្លាច​សូម្បី​តែ​ស្រមោល​របស់​ពួកយើង​។ ​ពួកគេ​អាច​ដាក់​ពាក្យបណ្តឹង​ណា​មួយ​ដែល​ពួកគេ​ចង់​​ទៅ​តុលាការ​ដែល​គ្មាន​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​»​។

ដោយ​ចង់​សំដៅ​ទៅ​លើ​សំឡេង​ឆ្នោត​ដែល​គណបក្ស​ង្គ្រោះ​ជាតិ​ទទួល​បាន​ ៤៤ ​ភាគរយ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ និង​ជា​ថ្មី​ម្តង​ទៀត​កាលពី​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​មុន លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​មិន​អាច​កំណត់​ពី​ឆន្ទៈ​ពលរដ្ឋ​ពាក់​កណ្តាល​ប្រទេស​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​បាន​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍