ភ្នំពេញៈ អតីត​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ឈ្មោះ ឌួង ណាគ្រី ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ក្នុង​បទ​ចោទ​ ២ ​ករណី «​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា ករណី អតីត​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ឈ្មោះ ឌួង ណាគ្រី ដែល​ត្រូវ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឡើង​ជំនុំជម្រះ​កាលពី​ចុងខែ​ធ្នូ​ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ៣ មករា ឲ្យ​ជាប់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ក្នុង​ ២ ​បទ​ចោទ​តាម​បញ្ញត្តិ​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ​។

លោក​ប្រាប់ថា​៖ «​គាត់​ត្រូវបាន​ចៅក្រម លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​បទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

កំណត់ហេតុ​តុលាការ​បង្ហាញថា ពាក់ព័ន្ធ​រឿង​នេះ​កាលពី​វេលា​ម៉ោង​ ១ ​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០១៩ ​មាន​ជនរងគ្រោះ ២ ​នាក់​ប្តី​ប្រពន្ធ​បាន​បើក​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ឡិចស៊ីស ពណ៌​ស្លែ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ហើយ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ឡិចស៊ីស​ពណ៌ ស RX 350 ១ ​គ្រឿង​ទៀត​ (​របស់​ជនជាប់ចោទ​) ​បើក​ដេញតាម​ពីក្រោយ​ហើយ​បាញ់​កាំភ្លើង​ខ្លី​ជាច្រើន​គ្រាប់​សំដៅ​រថយន្ត​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​តែ​មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​ ឬ​ម្នាក់​ណា​រងរបួស​ទេ​។

ប៉ុន្តែ​ ទោះជា​មាន​ការបាញ់​បែបនេះ​ក្តី​ក៏​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​នោះ​នៅតែ​បើក​រថយន្ត​បន្ត​រហូត​ដល់​សង្កាត់​ច្បារ​អំពៅ​ទី ​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

កំណត់ហេតុ​បន្តថា​លុះ​បើករថយន្ត​ដល់​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ជនរងគ្រោះ​ឈ្មោះ ភូរិស្ស ស្តូរ៉ាន់ អាយុ ៣៤ ​ឆ្នាំ​បាន​ចុះ​ពីលើ​រថយន្ត​សួរនាំ​ជន​ឈ្មោះ ឌួង ណាគ្រី ​ដែល​មាន​លំនៅ​សង្កាត់​បឹងកេងកង​ទី​ ៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​ការឈ្លោះប្រកែក​គ្នា​ផង​។ ពេលនោះ​ជន​ជាប់ចោទ​បាន​បាញ់​កាំភ្លើង​ឡើងលើ​ម្តងទៀត​ហើយ​ក៏​ឡើង​បើករថយន្ត​គេចខ្លួនបាត់​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៕