ព្រះសីហនុៈ លោកស្រី នាក់ ណាវី អាយុ ៥៥ ​ឆ្នាំ​ អតីត​មន្ដ្រី​នគរបាល​ក្រុងព្រះសីហនុ​ដែល​កំពុងមាន​ជំងឺ​ជា​ទម្ងន់​បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ឲ្យ​ពិនិត្យ​លើ​ភាពមិន​ប្រក្រតី​នៃ​បញ្ហា​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជិត ១០ ​ឆ្នាំ​មកហើយ​។

លោកស្រី ណាវី បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​ព្រះសីហនុ និង​មានកូន ៥ ​នាក់ (​ប្រុស​ ៣ ​នាក់​) ក្នុងបន្ទុក​បាន​ឲ្យ​ដឹងថា លោកស្រី​ និង​ប្ដី​មាន​តួនាទី​ជា​មន្ដ្រីនគរបាល​ក្រុងព្រះសីហនុ ហើយ​កាលពី​ឆ្នាំ ១៩៩២ ប្រធានការិយាល័យ​ភ័ស្ដុភារ​នៃ​ស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​លេខ​ ៣ ​បាន​បែងចែក​ដី​ចំនួន​ ៦៥ ម៉ែត្រ គុណ ៣០ ​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ ១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ​ឲ្យ​ប្ដី​ប្រពន្ធ​លោកស្រី​កាន់កាប់​។

លោកស្រី​បានដាក់​ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ ១៨៨ សក​ ៣ ចុះ​ថ្ងៃទី​ ២៧ ខែ​ ១១ ឆ្នាំ​ ១៩៩៥ ដែលមាន​បង្កាន់ដៃ​បង់ប្រាក់​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ ១៧៩៤ «​ក​» ចុះ​ថ្ងៃទី​ ២៩ ខែ​ ១១ ឆ្នាំ​ ១៩៩៥ របស់​ការិយាល័យ​កសិកម្ម​ស្រុក​ផងដែរ​។

លោកស្រី​បញ្ជាក់​ពី​ថ្ងៃ​ទី​ ៣១ ​ខែ​ឧសភា​ថា ក្រោយមក​ឈ្មោះ គង់ សាវុធ និង​ប្រពន្ធ ឈ្មោះ ឡាយ រម្មណី និង​បក្ខពួក​ឈ្មោះ អៀង មន្ថា ឈ្មោះ ចឹក មុន្នី និង​ឈ្មោះ ជិន គឹម លី បាន​ធ្វើ​របង​រំលោភបំពាន​ចូលកាន់កាប់​នៅលើ​ទីតាំង​ដី​លំនៅឋាន​អ្នកស្រី ទោះបី​អ្នកស្រី​រារាំង​យ៉ាងណា​ក៏​ពុំ​អាច​ទប់ស្កាត់​ការរំលោភបំពាន​នេះ​បាន​ដែរ ទើប​អ្នកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​លើ​វិវាទ​នេះ​។

ក្រោយមក​នៅ​ឆ្នាំ ២០១១ សំណុំ​រឿងនេះ​បាន​ទៅដល់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ដ្រី ហើយ​ខុទ្ទកាល័យ​បាន​បញ្ជូន​ទៅ​ក្រសួង​យុត្ដិធម៌​ឲ្យ​អន្តរាគមន៍​។ ក្រសួងយុត្តិធម៌​ក្រោយមក​ក៏បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​សាលា​ដំបូង​ខេត្ដ​ព្រះសីហនុ ដើម្បី​ពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ស្របតាម​នីតិវិធី​ច្បាប់ ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន​សំណុំ​រឿងនេះ​នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​។

នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០១៤ មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បានសម្រេច​ចេញ «​អធិបញ្ជា​ចោទប្រកាន់​» ដោយ​បង្ហាញថា ដី​វិវាទ​នេះ​លោកស្រី នាក់ ណាវី មាន​ឯកសារ​កាន់កាប់​ដី​ស្របច្បាប់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ពិតប្រាកដ​នៅក្នុង​ឆ្នាំ​ ១៩៩៥ ថែមទាំង​បញ្ជាក់​ព្រំ​ខាងត្បូង​នៅជាប់​ប្លង់ដី​ឈ្មោះ គួច ជាម៉ាក់ ផងដែរ​។

ក្រុមអធិការកិច្ច​របស់​ក្រសួង​យុត្ដិធម៌​បាន​យល់ឃើញ​ថា ឈ្មោះ ចឹក មុន្នី និង​ឈ្មោះ​ អៀន មន្ថា បាន​ចូល​កាន់កាប់​ដី​របស់​លោកស្រី នាក់ ណាវី ដោយ​ប្រើប្រាស់​ឯកសារ​ថតចម្លង ស-ខ្មៅ ៣ ​សន្លឹក​រួមគ្នា តែ​លិខិត​នោះ​ត្រូវ​បាន​ប្រពន្ធ​លោក​ ឱ សារ៉ន (​ស្លាប់​) គឺ​អ្នកស្រី សយ សម្បត្ដិ ដែលមាន​ព្រំដី​ជាប់​គ្នា​បាន​បដិសេធ​នៅ​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​ផងដែរ​។

មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បានសម្រេច​ថា បដិសេធចោល​ជា​អសារ​បង់​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លេខ ២៤៥ អ.ក​ចុះ​ថ្ងៃទី​ ៦ ខែ​ ​កុម្ភៈ ឆ្នាំ​ ២០១៣ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​។ ចេញ​អធិបញ្ជា​ដល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ចឹក មុន្នី និង​ឈ្មោះ គង់ សាវុធ ពីបទ «​ក្លែង​ឯកសារ ប្រើប្រាស់​លិខិត​ក្លែង​» និង​ឈ្មោះ អៀន មន្ថា ពីបទ​ «​ប្រើប្រាស់​លិខិត​ក្លែង​» ប្រព្រឹត្ត​នៅ​ក្រុងព្រះសីហនុ​តាំងពី​ឆ្នាំ​ ២០១១ រហូតមក​តាម​មាត្រា ៦២៦ ៦២៧ ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ​។

លោកស្រី នាក់ ណាវី ឲ្យ​ដឹង​ទៀតថា ប៉ុន្ដែ​នៅ​ថ្ងៃទី​ ២៦ ខែ​មីនា ឆ្នាំ​ ២០២០ លោក អ៊ី ធារិន ប្រធានស្ដីទី​អន្តរ​វិស័យ​ក្រុង​ព្រះសីហនុ​បាន​ធ្វើ​របាយការណ៍ ដែល​មិន​មាន​ឯកសារ​ពាក់ព័ន្ធ​ពេញលេញ​មិន​កោះប្រជុំ​ដោះស្រាយ​ផ្ទាល់​ជាមួយ​ភាគី​រងវិវាទ និង​ដោះស្រាយ​ជាមួយ​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ទេ​ដោយ​លួច​ធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួងបរិស្ថាន និង​ក្រសួង​មហាផ្ទៃ​ដែល​មិនមែនជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទៅវិញ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ទៅ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម​ ស ខេង សូម​ធ្វើ​អន្តរាគមន៍​ទៅ​ខេត្ដ​ព្រះសីហនុ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ភាពអយុត្ដិធម៌ ជាពិសេស​ផ្ដោត​ទៅ​លើ​លិខិត​របស់លោក អ៊ី ធារិន ដែល​បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២០ ធ្វើឲ្យ​មាន​ភាព​អយុត្ដិធម៌​ដល់​ប្រជាជន​»​។

លោកស្រី​បន្តថា លោកស្រី​សូម​ឲ្យ​មានការ​ដោះស្រាយ​ស្រប​ទៅ​តាម​ច្បាប់ និង​ដោយ​តម្លាភាព ដើម្បី​ឲ្យ​ភាគី​ម្ខាងៗ​អស់​ចិត្ដ កុំ​ឲ្យ​មាន​ការដោះស្រាយ​ដោយ​លាក់បាំង និង​ស្នើសុំ​អភិបាលខេត្ត​ពិនិត្យ​ឲ្យ​ហ្មត់ចត់​ឡើងវិញ​ពី​មន្ត្រីក្រោមឱវាទ​ចំពោះ​ការ​លាក់បាំង​ធ្វើឲ្យ​មាន​ភាពអយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​។ «​រឿងនេះ​មាន​ទាំង​សេចក្ដី​បំភ្លឺ​របស់​សាក្សី​របស់​ភាគី​ម្ខាងៗ និង​ការរកឃើញ​របស់​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​យុត្ដិធម៌​ផងដែរ​»​។

លោក អ៊ី ធារិន បានធ្វើ​របាយការណ៍​វិវាទ​ដីធ្លី​នេះ​ទៅ​អភិបាល​ខេត្ដ​ព្រះសីហនុ ដើម្បី​ដាក់​មក​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៦ ខែ​ មីនា ឆ្នាំ​ ២០២០ ដោយ​បង្ហាញថា ករណី​នេះ​ត្រូវ​បាន​សាលាដំបូង​ខេត្ដ​ព្រះសីហនុ និង​សាលាឧទ្ធរណ៍ ចេញ​ដីកា​សម្រេច​ដូចជា​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​ចេញ​ដីកា​លើក​ចោល​ពាក្យសុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃទី​ ២៦ ខែ ឧសភា ឆ្នាំ​ ២០១១ ​របស់​ឈ្មោះ​ នាក់ ណាវី​។ ករណី​មិន​សុខ​ចិត្ដ ម្ចាស់បំណុល​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​បាន​តាម​មាត្រា ៥៤៤ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​។

សាលាឧទ្ធរណ៍​ចេញ​ដីកា​សម្រេច​លេខ ៣ ដក​ស ចុះ​ថ្ងៃទី ៦ ខែ មីនា ឆ្នាំ​ ២០១៣ វិនិច្ឆ័យ​សេចក្ដី​ច្រានចោល​ពាក្យបណ្ដឹង​ជំទាស់​លេខ ១៨ ចុះ​ថ្ងៃទី​ ១៤ ខែ កញ្ញា ឆ្នាំ​ ២០១២ របស់​ឈ្មោះ នាក់ ណាវី ជា​ម្ចាស់បំណុល​។ តម្កល់​ដីកា​សម្រេច​លេខ ១៧៥ ត.រ/១២ ចុះ​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០១២ របស់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​ទុក​ជា​បាន​ការ​។

អតីត​មន្ដ្រីនគរបាល​កំពុង​មាន​ជំងឺមហារីក​ជាប់​ខ្លួន​រូបនេះ​មាន​បំណង​ចុងក្រោយ​អាច​ស្វែងរក​ភាព​យុត្ដិធម៌ និង​បន្សល់​ទ្រព្យ​បន្តិចបន្តួច​ដល់​កូនៗ​ផងដែរ​។ លោកស្រី​បញ្ជាក់ថា​៖ «​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​គឺជា​ក្ដីសង្ឃឹម​តែ​ ១ ​គត់ ​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ការទុកចិត្ដ ក្នុងការ​ដឹកនាំ​ខេត្ដ​ព្រះសីហនុ​លើ​គ្រប់​រឿងរ៉ាវ​ទាំងអស់​។ ដូច្នេះ​សូម​ឯកឧត្ដម​អភិបាលខេត្ដ​ពិនិត្យ ការអនុវត្ដ​ការងារ​របស់​កូនចៅ​ជា​រាស្ដ្រ និង​កូនចៅ​ក្រោម​ឱវាទ​ផង ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ប្រកប​ដោយ​ភាពយុត្តិធម៌​ទាំង​សងខាង ស្របតាម​យុទ្ធសាស្ដ្រ​ឈ្នះៗ​គ្រប់ភាគី​ទាំងអស់​»​។

លោកស្រី ហង្ស បូរី ប្រធាន​អង្គការ​សហគមន៍​អន្តរជាតិ​នៃ​កម្ពុជា (International Communities Organization of Cambodia) ដែល​បាន​តាមដាន និង​អង្កេត​លើ​ករណី​វិវាទ​នេះ​តាំងពី​ដំបូង​រហូត​មក​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៣១ ​ខែឧសភា ថា លោក អ៊ី ធារិន ​ដែលជា​អ្នកធ្វើ​របាយការណ៍​នៃ​ករណី​វិវាទ​នេះ មិន​បាន​លើកឡើង​ពេញលេញ​នូវ​លិខិត​ពាក់ព័ន្ធ​សំខាន់ៗ ពិសេស​អត្ថន័យ​លម្អិត​ក្នុង​អធិបញ្ជា​របស់​ក្រសួង​យុត្ដិធម៌ ដែល​បានសម្រេច​ចោទប្រកាន់​នោះទេ​ទើប​ធ្វើឲ្យ​ភាគី​ជនរងគ្រោះ​រង​ភាពអយុត្តិធម៌​។

លោកស្រី​ថ្លែងថា​៖ «​ករណី​វិវាទ​នេះ​មាន​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ អ្នកធ្វើ​របាយការណ៍​មិន​គួរ​ធ្វើ​មិន​គ្រប់​ជ្រុងជ្រោយ​ជូនទៅ​ថ្នាក់ដឹកនាំ​នោះទេ វា​នាំឲ្យ​រង​ភាព​អយុត្ដិធម៌​ដល់​ភាគី​ទាំង​ ២»​។

លោក ម៉ែន វន្ធី ពលរដ្ឋ​មាន​ព្រំប្រទល់​ដី​ជាប់​លោកស្រី ណាវី ថ្លែងថា សំណុំរឿង​វិវាទ​ដីធ្លី​នេះ​លោកស្រី ណាវី បាន​បន្ត​ប្តឹងទៅ​ក្រសួង​យុត្ដិធម៌​ទើប​ក្រសួង​ឲ្យ​ក្រុមការងារ​អធិការកិច្ច​សហការ​ជាមួយ​សាលាឧទ្ធរណ៍​ចុះ​មក​ពិនិត្យ​លើ​ករណី​នេះ​ចំនួន​ ២ ​លើក​ទើប​រកឃើញ​ថា ខាង​តុលាការខេត្ត​តម្កល់​រឿង​ទុក​មិន​ដោះស្រាយ និង​ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​អធិការកិច្ច​ក្រោយពី​ពិនិត្យ​សព្វគ្រប់​ទើបបាន​ចេញ​អធិបញ្ជា​ចោទប្រកាន់​លើ​ករណី​វិវាទ​ដី​នេះ ហើយ​អធិបញ្ជា​នេះ​គឺ​វា​គ្របដណ្ដប់​លើ​សេចក្ដីសម្រេច​ផ្សេងៗ​ទៀត​ទាំងអស់ និង​បញ្ជាក់​សេចក្ដី​ច្បាស់​ណាស់​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែងថា លោក​មិនទាន់​ប្រមូល​ព័ត៌មាន​បាន​គ្រប់គ្រាន់​ចំពោះ​រឿងនេះ​ទេ ហើយ​លោក​ឲ្យ​សាកសួរ​ព័ត៌មាន​បន្ថែម​ទៅ​លោក អ៊ី ធារិន​។ ប៉ុន្ដែ​លោក អ៊ី ធារិន នាយក​ស្ដីទី​អន្តរ​វិស័យ​ក្រុង​ខេត្ដ​ព្រះសីហនុ​មិន​អាច​សុំ​ការបកស្រាយ​លើ​ករណីនេះ​បានទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ​៕