ក្រចេះ: កងរាជ​អាវុធ​ខេត្តក្រចេះ​ពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​អតីតមន្ត្រី​យោធា​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​ឆបោក​ពលរដ្ឋ​ចំនួន ៥ ​នាក់​ ដោយ​សន្យា​ជួយ​រត់ការ​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​យោធា​នៅ​បញ្ជាការដ្ឋាន​ទ័ពជើងគោក​។

លោក សាន្ត ប៊ុនថាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ ពៅ សុធារី ​ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​មុខរបរ​លក់ដូរ និង​ជា​អតីត​យោធា​កងពល​ ១២៨ នៅ​ខេត្ត​ស្ទឹងត្រែង​រស់នៅ​ស្រុក​សំបូរ​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ល្ងាច​ថ្ងៃទី​ ១២ ខែវិច្ឆិកា​។

ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ បានបញ្ចប់​ការសាកសួរ​រួចរាល់​ពាក់ព័ន្ធ​ករណី​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​តាមរយៈ​ការភូតកុហក​រើស​ទ័ព​ដោយ​ខុសច្បាប់​។ ជននេះ​ត្រូវបាន​កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ៩ ខែ​វិច្ឆិកា​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ជ្រើសរើស​កងទ័ព​ខុសច្បាប់​កាលពី​អំឡុង​ខែមីនា និង​មេសា ឆ្នាំ​ ២០២០ គឺមាន​ពលរដ្ឋ​ជា​ជនរងគ្រោះ​ចំនួន​ ៥ ​នាក់​ហើយ​ដែល​ចាញ់បោក​គាត់​។ គាត់​បាន​សន្យាថា គាត់​ជា​អ្នក​រត់ការ​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​យោធា​នៅ​បញ្ជាការដ្ឋាន​ទ័ពជើងគោក​ដោយ​យកប្រាក់​ពី​ជនរងគ្រោះ​ក្នុង​ម្នាក់ៗ​ចាប់ពី ៤ ​ពាន់​ដុល្លារ​ឡើងទៅ​»​។

លោក ទីវ វុធធេន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួល​សំណុំ​រឿង​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ​។ លោក​ថា​៖ «​ប៉ុន្ដែ​ប្រសិនបើ​គេ​បញ្ជូន​មកដល់​តុលាការ ខ្ញុំ​នឹង​ប្រាប់​ព័ត៌មាន​ជូន​។ ខ្ញុំ​គិតថា ប្រហែលជា​មន្ត្រី​យើង​គាត់​កំពុង​បញ្ជូន​មកហើយ​តែ​មិនទាន់​ដល់​តុលាការ​»​។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ករណីនេះ ដោយ​លោក​បាន​បង្វែរ​សំនួរ​ទៅ​លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​វិញ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​មាន​មតិយោបល់​អ្វី​ទេ ព្រោះ​ខ្ញុំ​មិនសូវ​បានដឹង​រឿង​ច្បាស់លាស់​»​។

លោក ឈុំ សុជាត មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​ពី​ម្សិលមិញ​។ ចំណែក​ជនរងគ្រោះ​ដែល​បាន​ចាញ់បោក​អតីតមន្ត្រី​យោធា​រូបនេះ​ក៏​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានដែរ​៕