ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ៤ រូបសង្ស័យថាការសម្រេចបណ្តេញពួកគេចេញពីបក្ស គឺធ្វើឡើងដោយពុំមានការយល់ព្រមពីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលមុខរបួសនៅទីក្រុងបាងកកនោះទេ ពីព្រោះពួកគេមិនដែលឃើញសេចក្តីសម្រេចច្បាប់ដើមពីប្រធានគណបក្សឡើយ។
នៅក្នុងការបោះឆ្នោតជាតិនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ក៏ដូចជាការបោះឆ្នោតជាតិនីតិកាលទី ៥ កាលពីឆ្នាំ ២០១៣ ផងដែរគណបក្សហ៊្វុនស៊ិនប៉ិចពុំទទួលបានអាសនៈសូម្បីតែមួយក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន ១២៥ នោះទេ បន្ទាប់ពីគណបក្សនេះបានបាក់បែកផ្ទៃក្នុងជាច្រើនលើកច្រើនសា រួមទាំងលើកនេះទៀតផងដែរ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ៤ រូបបានធ្វើសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសាន់វេកាលពីព្រឹកថ្ងៃទី ២៣ ខែសីហាម្សិលមិញដោយពួកគេបានបង្ហាញការសង្ស័យថារាល់សេចក្ដីសម្រេចទាំងអស់ដែលទាក់ទងនឹងពួកគេគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពុំបានដឹងនោះទេ។
តាមរយៈលិខិតចំហដែលមន្ដ្រីទាំង ៤ រូបបានផ្សព្វផ្សាយម្សិលមិញលើកឡើងថា៖ «យើងមានការសង្ស័យថា រាល់សេចក្ដីសម្រេចទាំងអស់ មិនត្រូវបានឡាយព្រះហស្តលេខាផ្ទាល់ដោយសម្ដេចក្រុមព្រះនោះទេគឺជាព្រះហស្តលេខាថតចម្លង ឬស្កេនទាំងអស់ ព្រោះយើងខ្ញុំមិនដែលបានឃើញ ឬទទួលសេចក្ដីសម្រេចច្បាប់ដើម លើកលែងតែសេចក្ដីសម្រេចលេខ ០៦,០៧,០៨,០៩ សហប ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ បញ្ចប់សមាជិកភាពយើងខ្ញុំទាំង ៤ នាក់ពីគណបក្សចុះហត្ថលេខាដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍប្រធានស្ដីទីគណបក្ស»។
លោក ញ៉េប ប៊ុនជិន អតីតអ្នកនាំពាក្យគណបក្សហ៊្វិនស៊ិនប៉ិចបានលើកឡើងថា៖ «ខ្ញុំឃើញសេចក្ដីសម្រេចដកហ្នឹងហើយឃើញមានយោងលើវិន័យផ្ទៃក្នុងអីហ្នឹង ខ្ញុំមិនដែលឃើញទេ ព្រោះខ្ញុំអ្នកសរសេរលក្ខន្ដិកៈហ្នឹង។ ខ្ញុំសូមជម្រាបជូនថា លក្ខន្ដិកៈមិនមែនមកឲ្យប្រធានស្ដីទីមកធ្វើអ្វីស្រេចតែចិត្ដទេ»។
លោកថា៖ «ខ្ញុំមិនថាអីទេចំពោះការដកនេះ ប៉ុន្ដែការគិតនេះបន្ទាន់ពេក បើទុក ១ ខែអីទៀតចាំដកក៏មិនយឺតពេលដែរយ៉ាងហោចណាស់ទុកឲ្យមានការចូលរួម ហើយគិតពីការដកហ្នឹងមានផលប៉ះពាល់ដែរទេ?»។
លោក ណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ការបញ្ចប់សមាជិកភាពទាំងស្រុងពីបក្សនេះគឺជាការសម្រេចព្រះទ័យរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្ដីទី។
លោកថា៖ «ខ្ញុំគ្រាន់តែអាចឆ្លើយថាការដកនេះគឺធ្វើតាមបទបញ្ជាផ្ទៃក្នុងរបស់បក្ស និងជាការសម្រេចព្រះទ័យរបស់ព្រះប្រធានស្ដីទី»។
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង ៤ រូបដែលត្រូវបានបណ្តេញចេញពីបក្ស រួមមាន លោក យូ ហុកគ្រី អតីតអនុប្រធានគណបក្សលោក ញ៉េប ប៊ុនជិន អតីតអនុប្រធានគណបក្សលោក ប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា អតីតអគ្គលេខាធិការរងគណបក្ស។
បើតាមអតីតមន្ដ្រីទាំង ៤ រូបតាំងពីមានរឿងនៅក្នុងបក្ស ពួកលោកបានព្យាយាមរកមធ្យោបាយទាក់ទង ដើម្បីបានចូលជួបសម្ដេចក្រុមព្រះនៅមន្ទីរពេទ្យនៅក្រុងបាងកក ប៉ុន្តែត្រូវបានរារាំងពីព្រះញាតិវង្សរបស់សម្ដេចក្រុមព្រះ។
គួររំឭកថាសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ថ្មីៗនេះបានសម្រេចតែងតាំងព្រះរាជបុត្រច្បងរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ឲ្យធ្វើជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះរាជបុត្រា សម្តេចក្រុមព្រះ និងម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ដែលគិតមកដល់ឆ្នាំ ២០១៨ នេះព្រះអង្គមានព្រះជន្ម ៤៨ ព្រះវស្សា។
ការតែងតាំងព្រះរាជបុត្រាច្បងនេះគឺកើតឡើង ខណៈដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិកំពុងគង់ព្យាបាលមុខរបួសនៅមន្ទីរពេទ្យមួយនាក្រុងបាងកក បន្ទាប់ពីព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ នៅខេត្តព្រះសីហនុដោយបានបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព៕