The Phnom Penh Post Search

Search form

អតីតមន្ត្រី CNRP ៤ ​រូប​ទៀត​ត្រូវ​លុប​ឈ្មោះ​​ពី​បុគ្គលិក​អប់រំ

Content image - Phnom Penh Post
លោក មុត មល្លា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លុប​ឈ្មោះ​ពី​បុគ្គលិក​អប់រំ ខេត្ត​សៀមរាប​។ រូបថត សហការី

អតីតមន្ត្រី CNRP ៤ ​រូប​ទៀត​ត្រូវ​លុប​ឈ្មោះ​​ពី​បុគ្គលិក​អប់រំ

សៀមរាបៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​លុប​ឈ្មោះ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ រូប​ទៀត​ចេញ​ពី​ក្របខ័ណ្ឌ​បុគ្គលិក​អប់រំ នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​សំអាង​ថា​បុគ្គលិក​អប់រំ​ទាំង​នោះ​បាន​អវត្តមាន​ពី​ការងារ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ ប៉ុន្តែ​បុគ្គលិក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ទាំងនោះ​ចាត់​ទុក​ថា គឺជា​ការ​រើសអើង​ខាង​នយោបាយ​ ​ខណៈ​ដែល​ពួកគេ​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​។

ការ​ប្រកាស​លុប​ឈ្មោះ​ដែល​ធ្វើ​ឡើង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន កាលពី​ថ្ងៃ​ទី​ ៣០ ខែ​មករា ដែល​ទើប​តែ​ត្រូវ​បាន​​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កុម្ភៈ បាន​សរសេរ​ថា លុប​ឈ្មោះ លោក ហុង សុខជា បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលា​បឋមសិក្សា ហ៊ុន សែន តាពេញ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ២០១៨ តទៅ​ដោយសារ​សាមីជន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។

បុគ្គលិក​អប់រំ ៣ រូប​ទៀត​ដែល​ត្រូវ​បាន​លោក ហង់ ជួនណារ៉ុន ប្រកាស​លុប​ឈ្មោះ​ចេញ​ដែរ ចាប់ពី​ថ្ងៃ​ទី​ ១ ខែ​មករា​ឆ្នាំ​ ២០១៨ ដោយ​សំអាង​ថា សាមី​ខ្លួន​អវត្តមាន​ដោយ​មិន​បាន​សុំ​ច្បាប់​ដែរ​នោះ​មាន លោក ពៀត ម៉ាប់ បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប​។

លោក មុត មល្លា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប និង​លោក ច័ន្ទ សុភា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ពួក​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប​។

លោក មុត មល្លា ដែល​ជា​អតីត​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​សៀមរាប​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា លោក​បាន​ឃើញ​លិខិត​បញ្ឈប់​ក្របខ័ណ្ឌ​ពី​មន្ត្រី​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កុម្ភៈ ហើយ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​មុន​ពេល​លោក​ឈប់ លោក​បាន​សុំច្បាប់​ត្រឹមត្រូវ​។ «​ករណី​នេះ វា​មិនមែន​ជា​រឿង​កំហុស​ថា ខ្ញុំ​មិន​បាន​សុំ​ច្បាប់​ស្អី​នោះ​ទេ ដោយ​ខ្ញុំ​ថា មន្ត្រី​រដ្ឋាភិបាល​មាន​ការ​រើសអើង​ផ្នែក​នយោបាយ វា​ជា​រឿង​អយុត្តិធម៌​បំផុត​»​។

លោក ពៀត ម៉ាប់ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា មុន​ពេល​ពួកលោក​ចូល​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង គឺ​ពួក​លោក​បាន​ព្យួរ​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​រួច​ហើយ​។

ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ មក ពួកលោក​ក៏​បាន​ដាក់​ពាក្យ​ចូល​បង្រៀន​វិញ​នៅ​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ ឆ្នាំ​ ២០១៧ នៅ​មន្ទីរអប់រំ​ខេត្ត​សៀមរាប​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​ ២០១៨ ទើប​ខាង​មន្ទីរ​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​បន្ដ​ទៀត ប៉ុន្តែ​ខាង​មន្ទីរ​អប់រំ​ខេត្ត​ហាក់​មាន​ចេតនា​ពន្យារពេល​ឲ្យ​ហួស​ថ្ងៃ​ដែល​ចូល​បម្រើ​ការងារ​កន្លែង​ដើម​វិញ​។

លោក​បន្ថែម​ថា លោក​ពិតជា​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ក្រសួង​អប់រំ​មិន​បាន​ធ្វើ​ការងារ​តាម​ច្បាប់ ប៉ុន្ដែ​ក្រសួង​បែរ​ជា​ធ្វើការ​បម្រើ​បក្ស​ច្រើន​ជាង ព្រោះ​ច្បាប់​នេះ​មិន​បាន​អនុវត្ត​ចំពោះ​មន្ត្រី​ឲ្យ​បាន​ស្មើៗ​គ្នា ហើយ​ករណី​នេះ​មិនមែន​មាន​តែ​ពួកលោក ៤ ​នាក់​នេះ​ទេ​។

លោក​បញ្ជាក់​​ថា៖ «​ខ្ញុំ​មិន​នឹក​ស្មាន​ថា​រឿង​វា​ក្លាយ​ជា​បែប​នេះ​ទេ បើ​សិន​ថា​ខ្ញុំ​មិន​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ ទើប​ជា​កំហុស​របស់​ពួកខ្ញុំ តែ​នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ហើយ តែ​មន្ទីរអប់រំ​បាន​ដក​ម៉ោង​មិន​ឲ្យ​បង្រៀន ហើយ​ឲ្យ​រង់ចាំ​ប្រកាស​របស់​ក្រសួង​ចេញ​មក​ចាំ​ចូល​ធ្វើការ​»​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប លោក សយ ទិត្យាវង្ស បាន​ថ្លែង​យ៉ាង​ខ្លី​ថា ខាង​លោក​បាន​ទទួល​ឯកសារ​ពី​ការ​លុប​ឈ្មោះ​របស់​គ្រូបង្រៀន​ទាំងអស់​នេះ​ហើយ ដោយ​លោក​គោរព​តាម​នីតិវិធី​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ព្រោះ​លោក​មិន​អាច​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ​បាន​ទេ​។

លោក​ថា​៖ «​ខ្ញុំ​ធ្វើ​តាម​តែ​ក្រសួង​ណែនាំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​អ្វី​ច្រើន​ដែរ ព្រោះ​ពួកគាត់​បាន​ប្រព្រឹត្ត​កំហុស​ពិតប្រាកដ​មែន ដោយ​មិន​បាន​មក​សុំ​ច្បាប់ ឬ​ជូន​ដំណឹង​ដល់​អ្នក​ណា​នោះ​ទេ​»​។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គជប​) មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​ផង​ដែរ​ក្រោម​ហេតុផល​អវត្តមាន​គ្មាន​ការ​អនុញ្ញាត​ដូច​គ្នា​នេះ​។

លោក​ រ៉ុង ឈុន បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ដែល​ក្រសួង​លុប​ឈ្មោះ​គ្រូបង្រៀន​ជា​បន្តបន្ទាប់​នេះ​លោក​យល់​ថា ក្រសួង​អប់រំ​បាន​ធ្វើការ​រំលោភ​ច្បាប់​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ក៏​ដូចជា​អនុក្រឹត្យ​ស្ដីពី​ការ​ដាក់​មន្ត្រី​ឲ្យ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​។

លោក​បន្ត​ថា ព្រោះ​នៅ​ក្នុង​មាត្រា ៤០ និង​មាត្រា ៤៧ មុន​នឹង​ដាក់​ទណ្ឌកម្ម និង​ឈាន​ទៅ​ដល់​លុប​ឈ្មោះ​មន្ត្រី​ស្ថិត​ក្រោម​ឱវាទ​មួយ​បាន លុះត្រាតែ​កោះ​ហៅ​ពួកគាត់​មក​សាកសួរ​ថា​តើ​ពួកគាត់​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់ បោះបង់​ការងារ ឬ​យ៉ាង​ណា​? រួច​គេ​បន្ត​សួរ​ ១ ​ដង ២ ​ដង ឬ​ ៣ ​ដង ទើប​គេ​ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​នេះ​។ «​ការ​លុប​ឈ្មោះ​នេះ​មិនមែន​ជា​ការ​លុប​តាម​បច្ចេកទេស ឬ​ច្បាប់​ត្រឹមត្រូវ​ទេ ខ្ញុំ​ថា គឺ​លុប​ដោយសារ​គុំកួន មាន​គំនុំ​នយោបាយ ហើយ​ខ្ញុំ​ទទួល​បាន​ថា គេ​នឹង​ឈាន​ទៅ​លុប​ឈ្មោះ​លោកគ្រូ អ្នកគ្រូ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គេ​»​។

លោក​ រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល​។

សូម​បញ្ជាក់​ថា​​ ការ​លុប​ឈ្មោះ​លោក រ៉ុង ឈុន និង​បុគ្គលិក​អប់រំ​ចំនួន​ ៤ រូប​នៅ​ខេត្ត​សៀមរាប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​ដ៏ស្រួចស្រាល់​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​៕

អត្ថបទគួរចាប់អារម្មណ៍