ភ្នំពេញៈ អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ លោក​ នេត្រ ភក្រ្តា ​បានថ្លែង​ពីម្សិលមិញថា​ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ​លោក​ នួន ជា​ បាន​ទទួល​មរណភាព​ហើយ​ពី​ម្សិលមិញ ​ក្រោយពី​ការព្យា​បាល​ជំងឺ​តាំងពី​ថ្ងៃទី​ ២ ​ខែ កក្កដា ​នោះ​មក។

លោក ​ភក្ត្រា បញ្ជាក់ថា​៖ «យើង​អាច​បញ្ជាក់ថា​ ចុងចោទ​ នួន ជា ​អាយុ​ ៩៣ ឆ្នាំ​ បាន​ទទួលមរណភាព​នៅ​ល្ងាចនេះ​ថ្ងៃ​ទី ៤ ​ខែ សីហា ​ឆ្នាំ ២០១៩​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ គាត់​ត្រូវបាន​ផ្ទេរ​ពី​មន្ទីរ​ឃុំខ្លួន​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក)​ ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដើម្បី​ព្យាបាល​ជំងឺ​ចាប់តាំង​ពី​ថ្ងៃទី ២​ ខែ កក្កដា ​ឆ្នាំ ២០១៩»​។

​លោកប​ន្ថែមថា ​ជនជាប់ចោទ​ នួន ជា ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​នៃ​សាលាក្តី​ខ្មែរក្រហម​បញ្ជូនមក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត ​កាលពី​ថ្ងៃទី ២ ​កក្កដា ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​ ហើយ​លោក​បាន​ស្លាប់​នៅ​ទី​នោះ។ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់ថា ​លោក​ នួន ជា ​មាន​ជំងឺ​អ្វី​ឡើយ ​ដោយសារតែ​ព័ត៌មាន​អំពី​សុខភាព​គាត់ ​គឺជា​ព័ត៌មាន​សម្ងាត់​បំផុត​ផ្ទាល់​ខ្លួន​គាត់។

ជន​ជាប់ចោទ​ នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​របប​ខ្មែរក្រហម​រូបនេះ​ត្រូវបាន ​អ.វ.ត.ក. ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនា​គារ​អស់​ ១ ជីវិត​ ក្នុង​សំណុំរឿង​ ០០២/០២ ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ​ដូចគ្នា​នឹង​លោក ​ខៀវ សំផន។​

បើតាម​សារព័ត៌មាន​ Fresh News ​ដែល​បាន​ដកស្រង់​សម្ដី​គ្រូពេទ្យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានបញ្ជាក់ ដូ​ច្នេះ​ថា​៖ «នៅ​រសៀល​ថ្ងៃទី ៤ ​ខែ សីហា ​ឆ្នាំ ២០១៩ នេះ ​ស្ថានភាព​ជំងឺ​ នួន ជា ​គឺ​ស្ថិតក្នុង​ដំណាក់កាល​ ចុងក្រោយ​នៃ​ជីវិត​របស់គាត់​ហើយ»។

លោក​ ងី ម៉េង ​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខែ្មរសូ​វៀត បាន​បដិសេធ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ដោយ​លោក​ បាន​បង្វែរ​សំណួរ​ទៅកាន់​លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម។

លោក​ស្រី Doreen Chen ​មេធាវី​របស់​លោក​ នួន ជា ​បាន​បដិសេធ​អត្ថាធិប្បាយ​ពី​បញ្ហា​សុខភាព​របស់​លោក​ នួន ​ជា​ ដោយ​សារតែ​វា​ជាព័ត៌មាន​សម្ងាត់។

លោកស្រី​បញ្ជាក់​​ថា​៖ «សុខភាព​របស់​លោក​ នួន ជា ​ចាត់ថ្នាក់​ដោយ​សាលាក្តី​ថា​ បញ្ហា​សម្ងាត់​ខ្លាំង ​ហើយមេធាវី​របស់​គាត់​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ»។

លោក ​ឆាំង យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ ​ថ្លែងថា​ជនរងគ្រោះ​ក្នុង​របបរ​ខ្មែរ​ក្រហម​ ជាច្រើន​ចង់ឃើញ​លោក ​នួន ជា​ ទទួល​ទណ្ឌកម្ម​ចំពោះ​អ្វីដែល​លោក​បានប្រព្រឹត្ត​បណ្តាលឲ្យ​មនុស្ស​ជាច្រើនលាន​បាន​ស្លាប់​។ ​លោក​ចាត់​ទុក​ជំងឺ​របស់​លោក​ នួន ជា​ ថា​ជា​បាបកម្ម​ ដែល​លោក​បានធ្វើ​ចំពោះ​ជនរង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក​ថា​៖ «កាលដែល​យើង​ឃើញ​រូបភាព​ (តាម​សារព័ត៌មាន)​ វា​រាង​ធ្ងន់ធ្ងរ​ដែរ។ ក្នុង​ផ្លូវច្បាប់​យើង​មិនទាន់​អស់ចិត្ត​នូវ​អំពើ ដែល​គាត់​បានធ្វើ​ពីព្រោះ​ប្រជាជន​ស្លាប់​ច្រើន​លាន​នាក់​ ហើយ​ជនរងគ្រោះ​ជាច្រើន​នៅតែ​មិនទាន់​អស់ចិត្ត ​ចំពោះ​ទណ្ឌកម្ម​ដែល​ដាក់ទោស​គាត់​អស់​ ១ ជីវិត។ តែ​គាត់​ក៏​មិន​អាច​គេ​ចចេញពី​កម្ម​ពៀរ​ដែល​គាត់​បាន​ប្រព្រឹត្ត និង​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​មកលើ​ជន​រងគ្រោះ។ ជំងឺ​របស់គាត់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​បាបកម្ម​ (របស់​គាត់)»។

សូម​បញ្ជាក់ថា ​កន្លងទៅ​សារ​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​គ្រូពេទ្យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ លោក ​នួន ជា ​មាន​ដំបៅ​ជាំ​ខ្មៅ​លើ​ម្រាមជើង​ទាំង​សងខាង ​ហើយ​ថា​លោក​ក៏មាន​ជំងឺ​ត្បៀត​សរសៃ​មិនអាច​ឲ្យ​ឈាម​រត់​មក​ចិញ្ចឹម​ដល់​ចុងជើង​បាន ​ទើប​ដំបៅ។

កាលពី​ពាក់កណ្តាល​ខែ វិច្ឆិកា​ ឆ្នាំ ២០១៨ ​លោក​ នួន ជា ​ត្រូវបាន​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់ ​មួយជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀត​ណាម។

លោក​ ឆាំង យុ ថ្លែង​ថា​៖ «ខ្ញុំ​គិតថា​ នេះ​ជាបាបកម្ម​គាត់​ដែរ ​ដែលស្លាប់​ជាលក្ខណៈ​ជរាពាធ ​ទោះបី​ជា​គាត់ខំ​គេចចេញ​ពី​សំ​ណាញ់​ច្បាប់​ក៏​ដោយ។ ប៉ុន្ដែ​គាត់​មិនអាច​គេច​ចេញ​ពី​សំណាញ់​បាបកម្ម ​ដែលយើង​គិតថា ​ប្រជា​ពលរដ្ឋ​យើង​មួយចំនួន​ គាត់​អាច​អហោសិកម្ម​ឲ្យ​គាត់»។

លោក​បន្តថា៖ «ខ្ញុំគិតថា​ គាត់​ច្បាស់ជា​នៅ​កត់ត្រា​ទុក​ទង្វើ ​ឬ​សកម្មភាព ​ការពិត​ណាមួយ​ហើយ​លាក់​ទុក​កន្លែងណា​មួយ​ទៀត ​ហើយ​ក្នុងនោះ​គាត់​ក៏អាច​អនុ​ញ្ញាតឲ្យ​នរណា​ម្នាក់​ដឹង​រឿង​នេះ​ដែរ ​ព្រោះ​ខ្ញុំ​គិតថា ​គាត់​ក៏មាន​វិប្បដិសារី​ដែរ ​ប៉ុន្ដែបញ្ហា​ចង់​ឈ្នះ​ ចង់​ចាញ់ ​ទើប​បានជា​ជ្រុល​ខ្លួន​ទៅ​ជាបែប​នេះ។

លោក​ស្រី លី គឹមសេង​ ប្រពន្ធ ​លោក​ នួន ជា ​ធ្លាប់​ប្រាប់​ភ្នំពេញប៉ុសិ៍្ត​​ថា​៖ «គាត់ ​(នួនជា) ប្រាប់​ខ្ញុំ​ ប្រសិន​បើ​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​ គ្មាន​កំហុស​គាត់​នឹង​ទៅ​វត្ត ហើយ​បួស​ជា​សង្ឃ​រហូត​ដល់​ស្លាប់​។ ​ឥឡូវ​នេះ​ គាត់​អាន​សៀវ​ភៅ​ពី​ព្រះពុទ្ធ​សាសនា​និង​មាន​អារម្មណ៍​ធូរស្បើយ»។

លោក​ស្រីថា​៖ «គាត់​ជា​បុរស​ល្អ។ ក្នុង​ជីវិត​របស់​គាត់ ​គាត់​មិន​ដែល​ក្បត់​ខ្ញុំ​ នៅ​ជាមួយ​ស្រី​ដទៃ​ទៀត​ឡើយ។ គាត់​គ្រាន់​តែ​ផ្តោត​លើ​ ការ​ងារ​របស់​គាត់​សម្រាប់​បក្ស​ និង​ប្រជា​ជន​ តែប៉ុណ្ណោះ»៕