ភ្នំពេញៈ​ អតី​ត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​​លោក​ស្រី មូរ សុខ​​ហួរ បាន​ទៅ​ប្រទេស​ជប៉ុន​ និងឥណ្ឌូនេស៊ី​ កាល​ពី​សប្តាហ៍​មុន​ ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយ​ពី​ប្រទេស​​ក្នុង​តំបន់​ទាំងពីរ​​នេះ​ ខណៈ​កំពុង​មាន​​ការ​បង្រ្កាប​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ប្រធាន​ អតីត​​គណបក្ស​សង្រ្គោះ​​ជាតិ លោក កឹម សុខា ​កាល​ពី​ខែ​កញ្ញា ឆ្នាំមុន ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បង្ខំ​ កាល​ពី​ខែ​វិច្ឆិកា​ ​អតី​ត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​អំពាវ​នាវ​ឲ្យ​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​​ មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ ​

ខណៈ​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​​បាន​ដក​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ប្រទេស​ជប៉ុន​ នៅ​តែ​បន្ត​គាំ​ទ្រ​ហិរញ្ញ​វត្ថុ​ ហើយ​កាល​​ពី​ដើម​ខែ​មេសា ​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន លោក Taro Kono បាន​ជួប​ជា​មួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ ​នៅ​ក្លឹប​អ្នក​កាសែត​បរទេស​ ក្នុង​ទីក្រុង​​តូយ្យូ កាល​ពី​ថ្ងៃ​​ទី​​ ១២ ​ខែ​មេសា​ លោក សម រង្ស៊ី បាន​ថ្លែងថា លោក ហ៊ុន សែន «​បាន​សម្លាប់​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​»​ ​និង​បាន​រារាំង​ចំពោះ​ «​ការ​ងារ​ខិត​ខំ​ប្រឹង​ប្រែង​» ​របស់​សហគមន៍​អន្តរជាតិ រួម​ទាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រទេស ​​ជប៉ុន​​​ ក្នុង​រយៈ​កាល ​២៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក សម រង្ស៊ី ហាក់​បី​ដូច​ជា​យក​វិធី​សាស្រ្ត​ការ​ទូត​​ ដោយ​​ប្រកាស​ការ​ដឹង​គុណ​របស់​លោក​ ចំពោះ​ជំនួយ​របស់​ប្រទេស​ជប៉ុន ​ក្នុង​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ដោះ​មីន​​ នៅ​តាម​តំបន់​ជន​បទ​ដែល​​ពោរ​ពេញ​ដោយ​មីន​ និង​ថ្លែ​ង​ថា ​ប្រទេស​ជប៉ុន​ មាន​ឥទ្ធិពល​លើ​កម្ពុជា​​ ​ក្នុង​ការ​ភ្ជាប់​រដ្ឋាភិបាល​ ទៅ​រក​ប្រជា​ធិបតេយ្យ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​យល់​អំពី​ជំហរ​​របស់​ជប៉ុន​... ជប៉ុន​ ជា​មហា​អំណាច​​ក្នុង​តំបន់​។ ​វា​​គឺ​នៅ​ក្នុង​តំបន់​ ​វា​គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ល្អ ​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​​សម្រប​សម្រួល​​ ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​ឡើង​វិញ​រវាង​គណបក្ស​​ទាំងពីរ​របស់​កម្ពុជា​»។

ខណៈ​ជប៉ុន ​​បាន​លើក​ឡើង​អំពី​គំនិត​នៃ​ការ​ជជែក​គ្នា​ រវាង​រដ្ឋា​ភិបាល ​និង​គណប​ក្ស​ប្រឆាំង​ ​គំនិត​នេះ ​ត្រូវ​បាន​​ច្រាន​ចោល​ភ្លាមៗ​​ ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក សម រង្ស៊ី ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​លទ្ធ​ភាព​ នៃ​ការឈ្លោះ​គ្នា​ផ្ទៃ​ក្នុង ​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​បាន​អះ​អាង​ថា ប្រទេស​វៀត​ណាម ​​​អាច​នឹង​គាំ​ទ្រ​គូបក្ស​ដិបក្ខ​​របស់​លោក ហ៊ុន សែន ​ដើម្បី​​រារាំង​កម្ពុជា​ពី​ការ​ប្រកួត​ប្រជែង​​ ការ​បែរ​ទៅ​រក​ចិន ​ខណៈ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ​បាន​ហៅ​ការ​អះ​អាង​នេះ​ថា «​ព័ត៌​មាន​ក្លែង​ក្លាយ​ ព័ត៌​មាន​ប្លាស្ទិក​»។

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​មេសា ឆ្នាំ ២០១៨​​ លោក​ស្រី សុខ​ហួរ និង​លោក សម រង្ស៊ី ​បាន​ជួប​ជា​មួយ​ ​លោក Fadli Zon អនុ​ប្រធាន​សភា​ឥណ្ឌូនេស៊ី​ និង​សមាជិក​សភា​ដទៃ​ៗ​ទៀត​។

លោក​ស្រី​​សុខ​ហួរ បាន​ថ្លែង​ថា​៖ «​​យើង​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ប្រជា​ធិបតេយ្យ​ និង​កសាង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​... ​ហើយ​ពួក​គេ​ បាន​សន្យា​ថា ពួក​គេ​ នឹង​យក​បញ្ហា​នេះ​​ និង​សារ​របស់​យើង​ និង​ក្តី​បារម្ភ​របស់​យើង​​​ ទៅ​​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី​ តាម​រយៈ​សភា​»។

សារ​ព័ត៌​មាន​មួយ ​របស់​ឥណ្ឌូនេស៊ី​ ក៏​បាន​រាយការណ៍​ផង​ដែរ​ថា លោក​ស្រី មូរ សុខ​ហួរ​ បាន​អះ​អាង​ថា ប្រទេស​កម្ពុជា​​ ខិត​ជិត​នឹង​ការ​ក្ស័យ​ធន​ ដោយ​សារ​​បំណុល​​​​ ដែល​ជំពាក់​ចិន​ ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​។

​បើ​តាម​ការ​វិភាគ​មួយ ​​ដោយ​​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ ​ប្រហែល​ពាក់​កណ្តាល​នៃ​បំណុល​របស់​កម្ពុជា​ គឺ​ជំពាក់​​ ចិន​។ បំណុល​សរុប​​របស់​កម្ពុជា​ចំនួន​ ៦,២​ ពាន់​លាន​ដុល្លារ ​​គឺ​ប្រហែល​ ២៨​ ភាគ​រយ​នៃ​ GDP​ របស់​ប្រទេស​។

លោក Miguel Chanco ​នៅ​ Economist Intelligence Unit ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋ​កិច្ច​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធម្សិលមិញ​ថា លោក​​ «​នឹង​​មិន​ហ៊ាន​និយាយ​ថា [កម្ពុជា​]​ ខិត​ជិត​​ការ​ក្ស័យ​ធន​ទេ​» ខណៈ​​លោក​បាន​ទទួល​ស្គាល់​​អំពី​ការ​ខ្វះ​ខាត​​ភាព​ច្បាស់​លាស់​ អំពី​បំណុល​របស់​កម្ពុជា។

លោក​បាន​ថ្លែង​ថា ធនាគារ​​ជាតិ​​​ មាន​ទុន​បម្រុង​បរទេស​គ្រប់​គ្រាន់​​ ដើម្បី​បន្ត​​សង​ការ​ប្រាក់​ នៃ​​បំណុល​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់។

នៅ​ក្នុង​សារ​មួយ​ កាល​ពី​ថ្ងៃ​​ទី ១៨ ​មេ​សា​ លោក​ស្រី សុខ​ហួរ បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​ ដែល​មិន​មាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​«​​មិន​គួរ​ចាត់​ទុក​ថា ​ជា​ការ​បោះ​ឆ្នោត​​​ត្រឹម​ត្រូវ​ពិត​ប្រាកដ​​នោះ​ទេ​» និង​បាន​ជំរុញ​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ជប៉ុន​ ឲ្យ​​ពិនិត្យ​មើល​បញ្ហា​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ថា ​ជា ​«​បញ្ហា​សន្តិសុខ​» ក្នុង​​តំបន់​។

លោក​ស្រី​​ប្រកាន់ខ្ជាប់​នឹង​ការ​ជឿជាក់​របស់​លោក​ស្រី​ថា ស្ថាន​ភាព​សេដ្ឋ​កិច្ច​ ក្នុង​ប្រទេស​កម្ពុជា​គឺ​« ​ងាយ​ផុយ​ស្រួយ»​ ដោយ​សារ​ «​ការ​ពឹង​ផ្អែក​ធ្ងន់​ធ្ងរ​»​ទៅ​លើ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​​ និង ​កម្ចី​អន្តរជាតិ​។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​មិន​មាន​ប្រភព​ទាំង​នេះ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ភាព​ក្ស័យ​ធន​»។

ដោយ​ហៅ​​លោក​ស្រី សុខ​ហួរ និង​លោក រង្ស៊ី ថា «យាយ» និង​«​តា»​ លោក ឥសាន កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​មេ​សា បាន​ច្រាន​ចោល​ការ​​អះ​អាង​របស់​ពួក​គាត់​ ​ ថា ពួក​គេ​«​រត់​ទៅ​ឱប​ដៃ​ជើង​បរទេស​»៕ PS