The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​មេបញ្ជាការ​អង្គរក្ស ​អតីត​ប្រធាន​ព្រឹទ្ធសភា​ ត្រូវ​បាន​លើក​លែង​ទោស

អតីត​មេបញ្ជាការ​អង្គរក្ស ​អតីត​ប្រធាន​ព្រឹទ្ធសភា​ ត្រូវ​បាន​លើក​លែង​ទោស

Content image - Phnom Penh Post
លោកឈឿន ចាន់ថន កាលពីនៅតុលាការ ឆ្នាំ ២០១២។ ផា លីណា

អតីត​មេបញ្ជាការ​អង្គរក្ស ​អតីត​ប្រធាន​ព្រឹទ្ធសភា​ ត្រូវ​បាន​លើក​លែង​ទោស

ភ្នំពេញៈ អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហា​ក្សត្រ ត្រាស់​បង្គាប់​លើក​លែង​ទោស បន្ទាប់​ពី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ៧ ឆ្នាំ។ នេះ​បើ​តាម ព្រះរាជ​ក្រឹត្យ​ព្រះមហា​ក្សត្រ ចុះ​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ ហើយ​ដែល​ការ​លើក​លែង​ទោស​នេះ មន្ត្រី​ជាន់​ខ្ពស់​ថា ជា​សិទ្ធិ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី។

លោក​ ឈឿន ចាន់ថន អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​ថ្នាក់​ឧត្ត​មសេនីយ៍​ឯក (ផ្កាយ ៣) និង​ជា មេ​បញ្ជាការ​កង​អង្គរក្ស លោក ជា ស៊ីម ដែល​អតីត​ក៏​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ​ដែរ​នោះ ត្រូវ​បាន ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​លើក​លែង​ទោស បន្ទាប់​ពី​លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ៧ ឆ្នាំ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត បំផ្លិច​បំផ្លាញ ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត លក់​ដូរ​និង​ចែក​ចាយ​អាវុធ បំផ្លិច​បំផ្លាញ​សម្ភារ​យោធា​សម្រាប់ បម្រើការ​ប្រយុទ្ធ និង​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដឹកនាំ គ្រប់គ្រង​អង្គភាព។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា ត្រាស់បង្គាប់​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ឈឿន ចាន់​ថន ហៅ ម៉ៅ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត បំផ្លិច​បំផ្លាញ ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ ទុច្ចរិត លក់​ដូរ​និង​ចែក​ចាយ​អាវុធ បំផ្លិច​បំផ្លាញ​សម្ភារ​យោធា សម្រាប់​បម្រើការ​ប្រយុទ្ធ និង​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​អង្គភាព​តាម​អំណាច សាល​ដីកា​លេខ ៣២២ ចុះ​ថ្ងៃទី ៩ ខែ​តុលា ឆ្នាំ ២០១៧ របស់​តុលាការ​កំពូល។

តាម​ព្រះរាជក្រឹត្យ ការលើកលែង​ទោស​នេះ​ធ្វើតាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ក្រាប​បង្គំ​ទូល​ថ្វាយ​ស្នើ​ទៅ​ព្រះមហា​ក្សត្រ ហើយ​ព្រះរាជ​ក្រឹត្យ ក៏បាន ត្រាស់​បង្គាប់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ត្រូវ​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ព្រះរាជ​ក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខា។

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់ ពី​ម្សិលមិញ​ថា ការ​លើក​លែង​ទោស​នេះ​ធ្វើ​តាម​សំណើ​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​មាន​សិទ្ធិ​ក្នុងការ​ស្នើ​ទៅ​ព្រះមហា​ក្សត្រ​ដើម្បី​ធ្វើ​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត ប៉ុន្តែ​ថា​លោក​មិន​ដឹង​ពី​មូល​ហេតុ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើការ​ស្នើសុំ​លើក​លែង​ទោស​ឲ្យ​លោក​ឈឿន ចាន់​ថន នោះ​ទេ។

លោក​បញ្ជាក់ថា៖ «សិទ្ធិ​ហ្នឹង​គឺជា​សិទ្ធិ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ក្នុងការ​ស្នើ​ទៅ​ព្រះមហា​ក្សត្រ​ដើម្បី​ឲ្យ​មាន​ការ​លើក​លែង ទោស​ដល់​ទណ្ឌិត​មួយ​ណា​ក៏បាន​ដែរ ហើយ​ដែល​អនុញ្ញាត ដោយ​ច្បាប់​ស្តីពី​កា​រគ្រប់គ្រង​ពន្ធនាគារ។ ចំណែក​មូលហេតុ យ៉ាង​ម៉េច​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​មាន​មូលដ្ឋាន ឬក៏​គាត់​គិត​ថា​មាន​សារៈ​សំខាន់​យ៉ាង​ម៉េច​ខ្លះ​ឬ មាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល​និង​ប្រទេស​ជាតិ​យ៉ាង​ម៉េច​ខ្លះ!»។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​មិនអាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ។

លោក ឈឿន ចាន់ថន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុងផ្ទះ​គាត់​នៅ​សង្កាត់​បឹង​កេងកង​ទី ៣ ខណ្ឌ​ចំការមន ១ ថ្ងៃ បន្ទាប់​ពី​ការ​អម​ដំណើរ​លោក​ជា ស៊ីម​ទៅ​សម្ពោធ​សារមន្ទីរ​ប្រវត្តិសាស្ត្រ ១ កន្លែង​នៅ​ខេត្ត ព្រៃវែង កាល​ពី​ថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ ២០១១។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព្រះរាជ​ក្រឹត្យ ដក​ហូត​ឋានន្តរ​ស័ក្តិ និង​តួនាទី ដែល​ព្រះមហា​ក្សត្រ​ឡាយ​ព្រះហស្ត​លេខា កាល​ពី​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ ២០១១។ ពេល​នោះ​ផង​ដែរ​ក៏មាន​អនុក្រឹត្យ​តែង​តាំង លោក​ឧត្តម​សេនីយ៍​ឯក យឹម លាង ឲ្យ​ទទួល​តំណែង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​ជំនួស​លោក ឈឿន ចាន់ថន វិញ។

កាលពី​ខែកុម្ភៈ ឆ្នាំ ២០១១ លោក ត្រូវបាន​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​សរុប ១៥ ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​គូក្តី ៣,៥ លាន​ដុល្លារ និង​ពិន័យ​ប្រាក់ ១០ លាន​រៀល​ចូល​ថវិកា​ជាតិ ក្រោម ការ​ចោទ​ប្រកាន់​ចំនួន ៥ ករណី​ដែល​ប្រព្រឹត្ត​ខុស​នឹង​តួនាទី​ខ្លួន ទី ១- ចោទ​ពី​បទ​លក់​ដូរ និង​ក្លែង​លិខិត​ស្នាម។ ទី ២-ជា​ប់ចោទ​ពីបទ​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ភារកិច្ច​ខ្លួន។ ទី៣ ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត។ ទី៤- ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ និង​កិបកេង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជា​របស់​ផ្ទាល់​ខ្លួន និង​ទី៥- បំផ្លាញ​សម្ភារ​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ក្រសួង​ការពារ​ជាតិ៕

អត្ថបទគួរចាប់អារម្មណ៍