ខេត្តពោធិ៍សាត់ៈ លោក ឈឹម កែន អាយុ ៦៤ ឆ្នាំបានចំណាយពេលជាងពាក់កណ្តាលជីវិតចូលរួមបម្រើកងទ័ពគ្រប់សម័យកាលដើម្បីការពារជាតិមាតុភូមិហើយនៅពេលដែលលោកបានចូលនិវត្តន៍ លោកត្រូវបានរដ្ឋាភិបាលចែកដីសម្បទានសង្គមកិច្ចឲ្យមួយកន្លែងស្ថិតនៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន។ ប៉ុន្តែដោយសារទីនោះជាតំបន់ដាច់ស្រយាលពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាចុះទៅដល់លោក កែន មានអារម្មណ៍តូចចិត្តដោយប្រដូចជីវិតខ្លួនឯងទៅនឹងសត្វទោចដោយថ្លែងថា៖ «ពេលណាទោចយំខ្ញុំដេកលើអង្រឹងនឹកស្រណោះខ្លួនដូចសត្វទោចដែរគឺត្រូវបានរដ្ឋយកមកបោះបង់ចោលកណ្តាលព្រៃ»។
ស្ថិតនៅក្នុងផ្ទះដែលត្រូវបានសាងសង់ជាជួរនៅតាមបណ្តោយជើងភ្នំក្រវាញដែលមានផ្ទះស្លឹក និងផ្ទះថ្មតាមលំដាប់លំដោយហើយផ្ទះភាគច្រើនត្រូវបានចាក់សោចោល និងដំបូលផ្ទះមួយចំនួនបានប៉ើងរបើកដំបូលនោះលោក កែន បានលើកឡើងថាអតីតទាហានចូលនិវត្តន៍ភាគច្រើនពុំបានមករស់នៅក្នុងតំបន់ដែលរដ្ឋាភិបាលចែកដីឲ្យនេះទេដោយសារតែពុំមានអ្វីទាំងអស់ក្រៅតែពីសម្បកផ្ទះ។ លោកថា៖ «យើងរស់នៅទីនេះលំបាកបំផុតគឺការហូបចុកយើងពេញចិត្តណាស់ចំពោះផ្ទះនេះពីព្រោះមួយជីវិតគ្រួសារខ្ញុំគ្មានលុយធ្វើផ្ទះថ្មទេប៉ុន្តែនៅទីនេះគ្មានផ្សារគ្មានវត្តអារាមដូច្នេះហើយបានជាគ្មានអ្នកចង់មករស់នៅ»។
កំពុងតែរៀបចំបងេ្វចដើម្បីវិលត្រឡប់ទៅស្រុកកំណើតនៅឯខេត្តស្វាយរៀងដោយសារតែបញ្ហាសុខភាពលោក កែន បានឲ្យដឹងថាកន្លែងដែលលោកកំពុងតែរស់នៅគឺពុំមានសេវាសុខភាពនោះទេក្រៅតែសាលាបឋមសិក្សាមួយសម្រាប់ឲ្យកូនរបស់ពលរដ្ឋដែលរស់នៅអចិន្រៃ្តយ៍ ៤៣ គ្រួសាររៀននោះ។ លោកថ្លែងថា៖ «ខ្ញុំឈឺហើយឲ្យប្រពន្ធផ្ញើលុយមកដើម្បីធ្វើដំណើរទៅព្យាបាលជំងឺនៅស្រុកពីព្រោះនៅទីនេះគ្មានមណ្ឌលសុខភាពទេ»។
នៅខណៈដែលមានតែផ្ទះគ្មានមនុស្សស្នាក់នៅនោះលោក កែន បានស្នើឲ្យរដ្ឋាភិបាលគិតគូរឡើងវិញចំពោះការផ្តល់ដីសម្បទានសង្គមកិច្ចដែលបានផ្តល់ឲ្យគ្រួសារទាហាន ២០០ គ្រួសារនោះតើត្រូវទុកឲ្យទំនេរ ឬក៏ត្រូវកៀរគរមនុស្សផ្សេងឲ្យមករស់នៅ។ «ខ្ញុំគិតថាបន្ទាប់ពី ៥ ឆ្នាំដែលរដ្ឋាភិបាលបានកំណត់ចេញប្លង់ឲ្យនោះគួរតែយកដីដែលទំនេរនេះទៅឲ្យប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដមករស់នៅវិញវាល្អជាជាងឲ្យដីហើយទុកចោលគ្មានមនុស្សរស់នៅពីព្រោះមិនខ្វះទេអ្នកដែលកំពុងត្រូវការដី»។
ដោយសារតែការរស់នៅហាក់ដូចជាត្រូវកាត់ផ្តាច់ពីសង្គមខាងក្រៅនោះលោក កែន បានស្នើឲ្យរដ្ឋាភិបាលគួរកុំបោះបង់ពួកគាត់ចោលយ៉ាងហោចណាស់ក៏មានមន្ត្រីចុះមកសួរសុខទុក្ខអតីតកងទ័ពទាំងនោះផងដែរកុំឲ្យពួកលោករស់នៅដូចសត្វធាតុ។ លោកថ្លែងថា៖ «យ៉ាងហោចណាស់ក៏ពី ៣ ទៅ ៦ ខែអាជ្ញាធរត្រូវចុះមកមើលពួកយើងផងថាតើយើងរស់នៅយ៉ាងម៉េច? កុំឲ្យយើងរស់នៅដូចសត្វទោច»។
កំពុងអង្គុយលក់នំសម្រាប់កូនសិស្សដែលបានសម្រាកនៅពេលម៉ោងចេញលេងលោក ចាន់ សុភា អាយុ ៦៦ ឆ្នាំអតីតយោធិនមកពីខេត្តព្រៃវែង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងថាមានអតីតយុទ្ធជនមកចម្រុះគ្រប់បណ្តាខេត្តបានមកចាប់ឆ្នោតរស់នៅក្នុងតំបន់នោះតាំងពីឆ្នាំ ២០១១ ដែលមានសរុប ២០០ គ្រួសារតែមានតែពលរដ្ឋ ៤៣ គ្រួសារប៉ុណ្ណោះដែលបានមករស់នៅជាប្រចាំនៅក្នុងតំបន់នោះ។ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានដីពីរដ្ឋាភិបាលចំនួន ៣០ ម៉ែត្រគុណនឹង ៤០ ម៉ែត្រ ផ្ទះទំហំ ៥ ម៉ែត្រគុណនឹង ៩ ម៉ែត្រ និងដីចម្ការមួយហិកតាកន្លះ។ លោកឲ្យដឹងទៀតថា៖ «មូលហេតុដែលគ្មានគេមករស់នៅគឺឆ្ងាយគ្មានអ្វីហូបពិបាកធ្វើស្រែហើយខែប្រាំងខ្វះទឹកដូច្នេះគេមានផ្ទះនៅកន្លែងផ្សេងគេក៏ទៅរស់នៅផ្ទះគេអ្នកខ្លះ ៣ ទៅ ៤ ខែគេមកមើលផ្ទះគេម្តង»។
ផ្ទុយពីគ្រួសារយោធិនចូលនិវត្តន៍អ្នកស្រី ហោ រ៉ា អាយុ ៤៧ ឆ្នាំដែលគ្មានផ្ទះគ្មានដីសម្រាប់រស់នៅតែបានមកសុំដី និងផ្ទះដែលគេចាក់សោចោលដើម្បីរស់នៅនោះបានថ្លែងថាអ្នកស្រីចូលចិត្តរស់នៅក្នុងតំបន់នោះ។ អ្នកស្រីបានថ្លែងនៅខណៈអង្គុយផ្ទាល់ដីថា៖ «ខ្ញុំសប្បាយចិត្តនឹងរស់នៅទីនេះប្រសិនបើរដ្ឋឲ្យដីខ្ញុំពីព្រោះខ្ញុំគ្មានដីខ្ញុំរស់នៅសព្វថ្ងៃគឺគ្រាន់តែសុំគេរស់នៅបណ្តោះអាសន្នប៉ុណ្ណោះមិនដឹងថាពេលណាម្ចាស់គេមកយកវិញនោះទេ»។
កាលពីដើមខែកញ្ញារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងនៅក្នុងកម្មវិធីមហាសន្និបាតផ្ទៃក្នុងតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ២ ដោយសម្តែងការដឹងគុណដល់អតីតយុទ្ធជន និងយុទ្ធនារីដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុប្រទេសជាតិ។ លោកថារាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ដោះស្រាយជីវភាពទាំងសម្ភារថវិកាជាបន្តបន្ទាប់។ ក្នុងនោះគិតត្រឹមខែមិថុនា ឆ្នាំ ២០១៥ មានអតីតយុទ្ធជន ៨៧ ២៨៥ នាក់ និងអ្នកនៅក្នុងបន្ទុក ១៤០ ៥២៨ នាក់ដែលត្រូវចំណាយថវិកាសរុបជាង ៣០០ ពាន់លានរៀល (ប្រហែល ៧៥ លានដុល្លារ) ក្នុងមួយឆ្នាំដែលប្រាក់របបគោលនយោបាយនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានកែសម្រួលប្រាក់បៀវត្សរ៍មូលដ្ឋានជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារមុនឆ្នាំ ២០០៧ និងក្រោយឆ្នាំ ២០០៧ ឲ្យមានតុល្យភាពគ្នាក្នុងនោះក៏បានកែសម្រួលបង្កើនប្រាក់ម្ហូបជូនជនពិការក្នុងម្នាក់ ៤៥០០០ រៀលក្នុង ១ ខែ។
គិតត្រឹមខែមិថុនាឆ្នាំ ២០១៥ មានអតីតយុទ្ធជនកម្ពុជាសរុបជាង ៨ ម៉ឺន ៧ ពាន់នាក់ និងអ្នកនៅក្នុងបន្ទុក ឬហៅថាគ្រួសារអតីតយុទ្ធជនជាង ១ ម៉ឺន ៤ ពាន់នាក់បានទទួលនូវប្រាក់ឧបត្ថម្ភសរុបជាង ៣០០ ពាន់លានរៀល (ប្រហែល ៧៥ លានដុល្លារ) ក្នុង ១ ឆ្នាំ។
លក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជាបានឲ្យនិយមន័យអតីតយុទ្ធជនសំដៅដល់ជនទាំងឡាយណាដែលធ្លាប់បានបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់រីឯគ្រួសារអតីតយុទ្ធជនសំដៅដល់ឪពុក ម្តាយ ឬអ្នកអាណាព្យាបាលប្រពន្ធ ឬប្តី និងកូនបង្កើតរបស់អតីតយុទ្ធជន។
លោក តូច ចាន់ធី អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជនមិនអាចទាក់ទងសុំអធិប្បាយបានទេ។ ប៉ុន្តែមន្រ្តីម្នាក់នៃក្រសួងនេះដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាគោលការណ៍កសាងលំនៅឋានជូនដល់អតីតយុទ្ធជនមាននីតិវិធីពីរ ទី ១ គឺសមាគមអតីតយុទ្ធជនជួយកសាងផ្ទះជូនពួកគាត់នៅតាមសហគមន៍អ្នកដែលក្រីក្រមានការលំបាកតែគាត់មានដីធ្លីប៉ុន្តែគ្មានសមត្ថភាពក្នុងការធ្វើផ្ទះបាននៅសមរម្យ។ គោលការទីពីរគឺគេហៅថាកសាងភូមិដែលហៅភូមិសម្បទានដីសង្គមកិច្ចដែលនេះមានកន្លងមកបានជួយកសាងនៅតាមខេត្តមានខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ព្រះសីហនុ និងខេត្តក្រចេះ។ លោកបានថ្លែងថា៖ «ការដែលគាត់ទៅនៅ ឬមិនទៅនៅនេះជាបញ្ហាមួយ ប៉ុន្តែជារួមនៅពេលដែលមានការសាងសង់លំនៅឋានជូនពួកគាត់គឺមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដូចជាផ្លូវ សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាតជាដើម។ ប៉ុន្តែអាចមានអ្នកខ្លះមានដីធ្លីស្រែចម្ការ និងញាតិមិត្តដែលរស់នៅក្នុងភូមិចាស់គាត់ដែលធ្វើឲ្យគាត់មិនចង់ទៅនៅកន្លែងថ្មី»។
លោកបានបន្តទៀតថាចំនួនអ្នកទៅរស់នៅកន្លែងថ្មីដែលគេហៅថាភូមិសម្បទានដីសង្គមកិច្ចនោះគឺមិនគ្រប់ចំនួនភាគរយនោះទេ។ ឧទាហរណ៍អ្នកទៅចាប់ឆ្នោត ១០០ នាក់តែសម្រាប់អ្នកទៅនៅពិតប្រាកដគឺមិនបានគ្រប់ទាំង ១០០ ភាគរយនោះទេគឺមានប្រមាណពី ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថា៖ «ចំពោះការចំណាយទៅលើការសាងសង់លំនៅឋាននេះគឺជាការចំណាយថវិការបស់រដ្ឋាភិបាលទាំងស្រុងមិនមានអង្គការណាជួយនោះទេប៉ុន្តែខ្ញុំមិនចាំថាចំណាយអស់ប៉ុន្មាននោះទេក្នុងខេត្តពោធិ៍សាត់»។ បើតាមមន្ត្រីរូបនេះរដ្ឋាភិបាលកំពុងតែធ្វើការពិនិត្យលើចំណុចផ្ទះដែលបានកសាងរួចហើយតែមិនមានអ្នកទៅរស់នៅដោយប្រហែលជាអាចដកយកផ្តល់ជូនអ្នកដែលក្រីក្រលំបាកខ្លាំងប្រសើរជាងការទុកចោល។
យោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៣ របស់សមាគមអាដហុកដែលមានកម្រាស់ ៤៥ ទំព័រដែលមានចំណងជើងថា «ស្ថានភាពដីធ្លីនៅក្នុងប្រទេសកម្ពុជា» បានចេញផ្សាយកាលពីឆ្នាំ ២០១៤ ថាក្នុងឆ្នាំ ២០១៣ យោងទៅតាមទិន្នន័យដែលប្រមូលដោយអង្គការអាដហុករដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ដីសម្បទានសង្គមកិច្ចទៅឲ្យប្រជាពលរដ្ឋយ៉ាងច្រើនបំផុតដែលពុំធ្លាប់មាននៅក្នុងការកាន់អំណាចរយៈពេលជាង ៣០ ឆ្នាំរហូតដល់ទៅជាង ៦ សែនហិកតាទៅដល់អ្នកក្រីក្រតាមជនបទ ៤៨៥ កន្លែងត្រូវបានផ្តល់លើផ្ទៃដីសរុបចំនួន ៦២៦៨២៣,២៦ ហិកតា។
បើតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មកទល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងឯកសារគតិយុតិ្តបម្រើឲ្យបទបញ្ជាលេខ ០១ បប រាជរដ្ឋាភិបាលបានអនុប្រយោគកាត់ផ្ទៃដីសរុបទំហំជាង ១ លានហិកតាដែលក្នុងនោះទំហំជាង ៣៤ ម៉ឺនហិកតាកាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១២៨ និងទំហំជិត ២៣ ម៉ឺនហិកតាកាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន ១៦ និងទំហំជិត ៥០ ហិកតាកាត់ចេញពីដីរដ្ឋ និងដីព្រៃមានដីកាដកហូតដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យចំនួន ៩៦ អនុក្រឹត្យចំនួន ៦៧៨ និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៧០៧ ស.ជ.ណ៕
រាយការណ៍បន្ថែមដោយ មុំ គន្ធា