ឧត្តរមានជ័យៈ អតីត​យោធា​ខ្មែរក្រហម​ម្នាក់​បាន​យក​គ្រាប់ B40 មក​កែច្នៃ​ធ្វើជា​គ្រាប់​សម្រាប់​បោក​ចាប់​ត្រី តែ​ខុស​បច្ចេកទេស​ក៏​បណ្ដាល​ឱ្យ​ផ្ទុះ​ដាច់​ខ្លួនប្រាណ​ជា​ ៣ ​បំណែក​ស្លាប់​។ ហេតុការណ៍​ដ៏រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ៦ ខែ មីនា ឆ្នាំ​ ២០២១ ​នៅ​ភូមិ​អូរស្រម៉រ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

លោក ផេង ហួត នាយ​នគរបាល​ប៉ុស្តិ៍ ត្រពាំងតាវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ ស្រី ជៀន អាយុ​ ៦៦ ​ឆ្នាំ ​ជា​អតីត​យោធា​ខ្មែរក្រហម​មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​អប់រំ​ណែនាំ​ជាច្រើន​លើក​មកហើយ ពាក់ព័ន្ធ​ករណី​កែច្នៃ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ជា​កាកសំណល់​នៃ​សង្គ្រាម​មក​ធ្វើ​ជា​គ្រាប់​ផ្ទុះ​សម្រាប់​បោក​ចាប់​ត្រី​នៅតាម​ដងស្ទឹង និង​បឹង​ធម្មជាតិ​ដោយ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​គាត់​យក​មក​កែច្នៃ​ធ្វើ​ជា​គ្រាប់​ផ្ទុះ​សម្រាប់​បោក​ចាប់​ត្រី ភាគច្រើន​ជា​ប្រភេទ​គ្រាប់ ៦០ ម.ម និង​គ្រាប់ B40​។ គ្រាប់​ទាំងនេះ​គឺ​គាត់​ប្រមូលបាន​ពី​ក្នុង​ដីស្រែ​របស់គាត់​»​។

ចំណែក លោក ស៊ឹម វណ្ណៈ អធិការ​ស្រុក​អន្លង់វែង​ថ្លែង​ថា ក្រោយពី​កើតហេតុ ក្រុមនគរបាល​ជំនាញ​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ហើយ​បានឃើញ​សព​ជនរងគ្រោះ​ដាច់​ខ្ទាត​ចេញ​ពី​គ្នា​ជា​ ៣ ​បំណែក និង​ស្ថិតនៅក្នុង​ចម្ងាយ​ជាង​ ១០ ​ម៉ែត្រ​ពីគ្នា​។

លោក​បាន​បន្តថា នៅក្បែរ​បំណែក​សាកសព​ជនរងគ្រោះ​ដែល​មាន​ពី​ត្រឹម​ចង្កេះ​ដល់​ក្បាល សមត្ថកិច្ច​បាន​រកឃើញ​បំណែក​គ្រាប់ B40 ដែល​ទំនងជា​ត្រូវ​ជនរងគ្រោះ​យក​មក​កែច្នៃ​ធ្វើជា​គ្រាប់​ផ្ទុះ​ខុស​បច្ចេកទេស​។ ក្រៅពីនេះ សមត្ថកិច្ច​ក៏បាន​រកឃើញ​សម្បក​គ្រាប់ ៦០ ​ម.ម ចំនួន ​១​ ថែមទៀត​នៅ​ជាប់​សំយាបផ្ទះ​ជនរងគ្រោះ​ផ្នែក​ខាងក្រោយ ដែលជា​កន្លែង​កែច្នៃ​គ្រាប់ផ្ទុះ​នោះ​ផងដែរ​។

លោក វណ្ណៈ បាន​ថ្លែងថា​៖ «​វា​ពិតជា​សំណាង​ណាស់ ដែល​គ្មាន​សមាជិក​ក្រុមគ្រួសារ​របស់គាត់​ផ្សេង​ទៀត​រងរបួស​ ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​ដ៏អាក្រក់​នេះ​»​។

បើតាម​លោក វណ្ណៈ ចាប់តាំងពី​ឆ្នាំ​ ២០០២ មកដល់​បច្ចុប្បន្ននេះ​នៅក្នុង​ឃុំ​ត្រពាំងតាវ​មាន​ពលរដ្ឋ​ប្រមាណ​ជិត​ ១០ ​នាក់​បាន​ស្លាប់ និង​រងរបួស​ដោយ​ករណី​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ភាគច្រើន​ជា​ក្បាល​គ្រាប់ ៦០ ​ម.ម មក​ដំលេង បោះ​លេង និង​កែច្នៃ​ធ្វើជា​គ្រាប់​ផ្ទុះ​សម្រាប់​បោក​ចាប់​ត្រី​។

គួររំឭក​ឡើងវិញ​ផងដែរ​ថា ស្រុក​អន្លង់វែង​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ដ៏ស្រួចស្រាល់​បំផុត​មួយ​ក្នុង​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​ក្នុង​អំឡុងពេល​ជាង​ ២ ​ទសវត្សរ៍​កន្លងមក​។ ផ្ទៃ​ដីស្រែ​ភាគច្រើន​នៅក្នុង​ស្រុក​នេះ​បាន​ក្លាយជា​ចម្ការមីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បង្ក​ជា​សោកនាដកម្ម​ដល់​ពលរដ្ឋ​រហូត​មក​ដល់​បច្ចុប្បន្ន​៕