ភ្នំពេញៈ អតីត​សកម្មជន​មាតា​ធម្មជាតិ​ ២ ​រូប​គឺ​លោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ទាំង​ ២ ​វិញ បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​ដែល​សម្រេច​ឲ្យ​ពួកគេ​មាន​ទោស​ដដែល​នៅក្នុង​សំណុំរឿង​ថត​កប៉ាល់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​លីយ៉ុងផាត់​កាលពី​ ២ ​ឆ្នាំ​មុន​។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​សកម្មជន​មាតា​ធម្មជាតិ​លោក សំ ចំរើន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​កូនក្តី លោក​បាន​ដាក់​ពាក្យបណ្តឹង​នេះ​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ស្រុក ដោយ​សំអាង​នូវ​ភ័ស្តុតាង និង​ការទាមទារ​របស់​កូនក្តី​ពី​ការមិន​សុខចិត្ត​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​មាន​ភាពអយុត្តិធម៌​។

លោក ចំរើន បាន​និយាយ​ការពារ​កូនក្តី​របស់​លោក​ថា ពួកគេ​ទាំង​ ២ គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង​នោះទេ​។ លោក​បញ្ជាក់​ថា​៖ «​អ្វីៗ​នៅក្នុង​ឯកសារ​ និង​សំណុំរឿង​របស់​យើង មិន​ប្រែប្រួល​អ្វី​ទេ​គឺ​នៅ​ដដែល ព្រោះ​កូនក្តី​យើង​សុចរិត​។ យើង​នឹង​រង់ចាំ​តាមដាន​មើល និង​បំពេញ​តាម​នីតិវិធី​របស់​តុលាការ​ដើម្បី​ជំរុញ​ឲ្យ​បាន​លឿន​»​។

កាលពី​ដើម​ឆ្នាំ​ ២០១៨ សាលាដំបូង​ខេត្ត​កោះកុង​បាន​សម្រេច​ផ្តន្ទាទោស​លោក​ ហ៊ុន វណ្ណៈ និង លោក​ ឌឹម គុនឌី ដែល​អ្នក​ទាំង ២ គឺជា​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១ ឆ្នាំ​តែ​ឲ្យ​អនុវត្ត​ទោស ៥ ខែ​ក្នុង​ពន្ធនាគារ​ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ១ លាន​រៀល​។ ការចោទប្រកាន់​នេះ​ដោយសារ​សកម្មជន​ទាំង ២ នាក់​បាន​ថតរូប​សាឡង់​ធំៗ​ ២ គ្រឿង​ដោយ​សង្ស័យ​ថា​កំពុង​ដឹក​ខ្សាច់​ចេញ​ពី​កម្ពុជា​ខុសច្បាប់​នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​។

ពួកគេ​ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ ចាន់ ណាគ្រី តំណាង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ១១ ​ខែ​ កញ្ញា ឆ្នាំ​ ២០១៧ ក្រោយ​​មក​នៅ​ចុង​ខែ​សីហា សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង​ទុក​ជា​បាន​ការ​ដដែល​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​និង «​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​»​។

លោក​ ហ៊ុន វណ្ណៈ អតីត​សកម្មជន​មាតា​ធម្មជាតិ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើទោះបី​ជា​គ្មាន​ក្តី​រំពឹង​ខ្លាំង​ទៅលើ​តុលាការ​មួយ​នេះ ប៉ុន្តែ​សម្រាប់​លោក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​អស់​ពី​លទ្ធភាព​ទៅ​តាម​នីតិវិធី ហើយ​បើ​តុលាការ​នេះ​ពិតជា​មាន​សុក្រឹត​វិនិច្ឆ័យ​ត្រឹមត្រូវ​ពិតមែន ការ​ចោទប្រកាន់​មកលើ​ពួកលោក​នឹង​ត្រូវ​បាន​លុបចោល​។

លោក​បញ្ជាក់ថា​៖ «​ការទាមទារ​របស់​យើង​នៅតែ​ចង់​ឲ្យ​តុលាការ​កំពូល ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកយើង យើង​អត់​ទទួលយក​បានទេ ការសម្រេច​របស់​តុលាការ​ដំបូង​។ យើង​អត់​មាន​ជម្រើស​​អ្វី​ក្រៅពី​ធ្វើឲ្យ​អស់​លទ្ធភាព​។ (​ខ្ញុំ​) ​សុំ​ឲ្យ​តុលាការ ជួយ​ពន្លឿន​នីតិវិធី និង​ដោះស្រាយ​ឲ្យ​បាន​ឆាប់​»​។

សម្រាប់​លោក​ ហ៊ុន វណ្ណៈ ការដែល​តុលាការ​នៅ​តែ​សម្រេច​ឲ្យ​ពួកលោក​មានទោស​ដូច្នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ជាពិសេស​ប៉ះពាល់​ដល់​ការបំពេញ​ការងារ ខណៈ​ដែល​ការចោទប្រកាន់ គ្មាន​ការពិត ហើយ​បទល្មើស​ចោទ​មិន​សមហេតុផល​។

លោក​បញ្ជាក់​បន្តថា​៖ «​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ឥឡូវ​ថយ​ហើយ មិន​បាន​ធ្វើ​សកម្មភាព​ដូច​មុន​ទេ ដោយសារ​តែ​យើង​មាន​ទោស​ហ្នឹង​ផង និង​មាន​សម្ពាធ​ផង​។ ប៉ុន្តែ​យើង​មិនចោល​សកម្មភាព​សង្គម​ទេ​យើង​នៅ​តែ​បន្តធ្វើ​ខ្លះ​។ ខ្ញុំ​បាន​ងាក​មក​ជួយ​ធ្វើការ​គ្រួសារ​ខ្ញុំ ដើម្បី​ចិញ្ចឹម​ជីវិត​»​។

លោក ចាន់ ណាគ្រី តំណាង​ក្រុមហ៊ុន​ លី យ៉ុងផាត់ ​ប្រចាំ​ខេត្ត​កោះកុង អះអាង​ថា​ការ​តតាំង​រឿងក្តី​នេះ ក្រុមហ៊ុន​បាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​មេធាវី ដូច្នេះ​ដំណើរការ​ប្តឹងផ្តល់​យ៉ាងណា​ទៀត​នោះ​គឺ​អាស្រ័យ​ទៅ​លើ​មេធាវី​ជា​អ្នកចាត់ចែង​។ សម្រាប់​លោក​រឿងក្តី​នេះ បើ​សិន​ជា​បុគ្គល​ទាំង​ ២ ​រូបនេះ​ព្រម​ទទួល​កំហុស និង​ចូលខ្លួន​មកសុំ​ទោស​លោក លី យ៉ុងផាត់ នោះ​ក៏​មិនមាន​រឿង​អូស​ដំណើរ​បែប​នេះ​ដែរ ប៉ុន្តែ​ពួកគេ​ហាក់​មានះ​នឹង​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​។

លោក​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ទទួលស្គាល់​ពី​រដ្ឋាភិបាល តែ​បែរ​ជា​បុគ្គល​នោះ​ដើរ​ចុច GPS ដើរ​ថត​ស្រេច​តែ​ចិត្ត ហើយ​ឡាយ​តាម​ហ្វេសប៊ុក​បែបនេះ ដោយ​គ្មាន​ការអនុញ្ញាត​សោះ​។ យ៉ាងណា តាមពិត​ទៅ​បើ​សិន​ជា​បុគ្គល​ ២ ​នាក់​ហ្នឹង គាត់​សារភាព​ថា​គាត់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ក្រុមហ៊ុន រំលោភ​ទៅ​លើ​ក្រុមហ៊ុន ហើយ​គាត់​សុំទោស​ទៅ​ប្រហែល​ជា​លោក​ឧកញ៉ា គាត់​មាន​ការយោគយល់ ព្រោះ​គាត់​មិន​អាក្រក់​នោះទេ​។ តែ​តាម​មើល​បុគ្គល​ ២ ​នាក់​ហ្នឹង គាត់​ដូចជា​មិន​ (​ទទួលស្គាល់​) សោះ​»​។

លោក​ នៅ មុនីជោត អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តុលាការ​កំពូល​នៅ​មិន​ទាន់​ទទួល​បាន​សំណុំ​រឿងនេះ​នៅ​ឡើយ​ទេ ហើយ​ការស្នើ​ឲ្យ​តុលាការ​ជួយ​ផ្តល់​យុត្តិធម៌​ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​តុលាការ ក្រោយពី​ពិចារណា​តាម​ផ្លូវ​ច្បាប់​។ «​យើង​មាន​នីតិវិធី​របស់​យើង​តាមរយៈ​ការប្តឹង​មក​យើង​គឺ​ធ្វើ​នៅ​តុលាការ​ឧទ្ធរណ៍​ដែល​គេ​អ្នករៀបចំ​សំណុំរឿង​ហ្នឹង​បញ្ចូន​មក​នៅក្នុង​ចន្លោះ​ពេល​ហ្នឹង​យើង​អត់​កំណត់​ទេ​។ អ្វី​ផ្សេងទៀត ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ទេ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ផ្អែក​លើ​ច្បាប់​»៕