មណ្ឌលគិរី: នគរបាល​ខេត្ត​មណ្ឌលគិរី​នឹង​បញ្ជូន​អតីត​សង្ឃ​អាយុ​ ៧៣ ​ឆ្នាំ​ម្នាក់​ ទៅ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​នៅថ្ងៃនេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ចាប់រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ ១២​ ឆ្នាំ​ម្នាក់ ​ជា​បន្តបន្ទាប់​អស់​រយៈពេល​ ៣ ​ខែ​មកហើយ​ បន្ទាប់ពី​ក្រុម​គណៈសង្ឃ​នាយក​ខេត្ត​បាន​ផ្សឹក ហើយ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យក​មក​សាកសួរ​កាលពី​ថ្ងៃទី​ ១ ខែ​តុលា​។

លោក​ ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​គ្រោង​នឹង​បញ្ជូន​ខ្លួន​អតីត​សង្ឃ​អាយុ ៧៣ ​ឆ្នាំ​រូបនេះ​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ៣ តុលា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវីធី​ច្បាប់ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​សាកសួរ​រួចរាល់​។

លោក​បន្តថា​ មុនពេល​ឃាត់ខ្លួន ឪពុក​កុមារី​រងគ្រោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ថា សង្ឃ​មួយអង្គ​នេះ​បាន​ចាប់​រំលោភ​កូនស្រី​របស់​គាត់​ជាច្រើន​លើក​ខណៈ​ដែល​កុមារី​វ័យ​ ១២ ​ឆ្នាំ​រូបនេះ​ បាន​ទៅ​ធ្វើ​ការងារ​ជាមួយ​ឪពុក​នៅក្នុង​វត្ត​ដែល​សង្ឃ​គង់នៅ​។ ក្រោយពី​រំលោភ​ច្រើនលើក កុមារី​រងគ្រោះ​បាន​ប្រាប់​ឪពុក​ពី​ហេតុការណ៍​ទាំងអស់​នោះ​ទើប​ឪពុក​មកប្ដឹង​សមត្ថកិច្ច​។

លោក​ សុខា ​បញ្ជាក់​ថា​៖ «​ឥឡូវនេះ​គឺ​យើង​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​រូបនេះ​ហើយ ដោយ​មន្ត្រី​ជំនាញ​យើង​បាន​និង​កំពុង​បន្ត​សាកសួរ​ហើយ​ប្រហែល​នៅ​ថ្ងៃទី​ ៣ តុលា​នេះ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ចំណែក​កុមារី​រងគ្រោះ​យើង​បាន​ប្រគល់​ជូនទៅ​អង្គការ CPU និង​មណ្ឌល​សង្គមកិច្ច​ខេត្ត​មណ្ឌលគិរី​ជា​អ្នក​ទទួល​ខុសត្រូវ​»​។

លោកស្រី សោម វឌ្ឍនា ​ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​គាំពារ​កុមារ​ទូទាំង​ប្រទេស​នៃ​អង្គភាព​ការពារ​កុមារ (CPU) បាន​ថ្លែង​ថា ខណៈ​នេះ​កុមារី​រងគ្រោះ​បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​អង្គភាព​ការពារ​កុមារ ដើម្បី​សម្រាក និង​ព្យាបាល​របួស​បន្ទាប់ពី​មន្ត្រី​ជំនាញ CPU និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ធ្វើ​កោសល្យវិច័យ ក៏ដូចជា​ពិនិត្យ​លើ​សំណុំ​រឿងនេះ​។

លោកស្រី​បន្ត​ថា ស្ថានភាព​កុមារី​រងគ្រោះ​នាពេល​នេះ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ដោយ​ស្មារតី​របស់​គាត់​មិនមាន​ការភិតភ័យ​ ឬ​តក់ស្លុត​ផងដែរ​។ លោកស្រី​បន្តថា​៖ «​កុមារី​ជា​ជនរងគ្រោះ​គឺ​យើង​បាន​យក​គាត់​មក​មើលថែ​នៅ​អង្គភាព​ការពារ​កុមារ (CPU) រួចហើយ ឥឡូវ​នេះ​គាត់​មាន​សុវត្ថិភាព គ្មាន​បញ្ហា​អ្វី​ទៀត​ទេ រីឯ​ព្រះសង្ឃ​ហ្នឹង សមត្ថកិច្ច​ចាប់​ផ្សឹក និង​កំពុង​សាកសួរ​»​។

ទាំង​មន្ត្រីនគរបាល​ខេត្ត​មណ្ឌលគិរី និង​ភ្នាក់ងារ CPU បាន​បដិសេធ​ប្រាប់​ឈ្មោះ​ជនសង្ស័យ និង​ទីកន្លែង​ដែល​ជននេះ​បាន​ស្នាក់នៅ​ដោយ​គ្រាន់តែ​ឲ្យ​ដឹងថា CPU បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី​បានធ្វើការ​ឃាត់ខ្លួន​សង្ឃ​មួយអង្គ​ព្រះជន្ម​ ៧៣ វស្សា​ពី​បទល្មើស​រំលោភ និង​បំពាន​ទៅលើ​កុមារី​ម្នាក់​អាយុ​ ១២ ឆ្នាំ អស់​រយៈពេល​ ៣ ​ខែ​មកហើយ ដោយ​ទើប​តែ​បែកការ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ចុងក្រោយ​នេះ​៕