ភ្នំពេញៈ អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ជាង​ ២០ ​នាក់​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ដើម្បី​ប្រឆាំង​នឹង​ការបញ្ឈប់​ការងារ ពួកគេ​ ៣២ ​នាក់​ក្រោម​ការចោទប្រកាន់​ពី​បទ​លួច​មើល​និង​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ​ជា​អ្វី​ដែល​មន្ត្រី​ទូត​ថា ជាការ​កេងប្រវ័ញ្ច​លើ​កុមារ​ធ្ងន់ធ្ងរ​។

លោក ញឹម សុភ័ណ អាយុ​ ៤៥ ​ឆ្នាំ​ដែល​អះអាង​ថា​ធ្លាប់​បាន​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​ស្ថានទូត​នៃ​ប្រទេស​​មហាអំណាច​មួយ​នេះ​អស់​ ១៨ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ខណៈ​កំពុង​តវ៉ា​ថា​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​អ្វី​ដែល​ស្ថានទូត​អាមេរិក​បាន​បញ្ឈប់​ការងារ​ពួកគាត់​នាពេល​ថ្មីៗ​នេះ​។

លោក សុភ័ណ បាន​បញ្ជាក់​ថា​៖ «​ស្ថានទូត​បាន​ដកហូត​យក​ទូរស័ព្ទដៃ​ផ្ទាល់​ខ្លួន​របស់​យើង​ខ្ញុំ​ទៅ​ឆែក​មើល ដោយ​មើល​ទាំង Facebook Group Messenger ផ្ទាល់​ខ្លួន​ទៀត​ផង​។ បន្ទាប់មក​ស្រាប់តែ​ស្ថានទូត​បញ្ឈប់​ការងារ​ដោយ​ចោទ​យើង​ខ្ញុំ​ថា​បាន​លួច​មើល និង​ចែកចាយ​រូបភាព​អាសអាភាស​របស់​ក្មេងស្រី​ក្រោម​អាយុ​ ១០ ​ឆ្នាំ​»​។

បុគ្គលិក​សន្តិសុខ​ម្នាក់​ទៀត គឺ លោក ជួន អ៊ីម បាន​ចាត់ទុក​ទង្វើ​របស់​មន្ត្រី​ទូត​អាមេរិក​ថា កំពុង​រំលោភសិទ្ធិ​របស់​បុគ្គល​។ ​លោក​បាន​បន្ត​ថា​ស្ថានទូត​មាន​សិទ្ធិ​កាត់​រំសាយ​ការងារ​បុគ្គលិក​​តាម​ផ្នែក​ខ្លះ​ដែល​មិន​ចាំបាច់​​ដោយ​ត្រូវ​ទូទាត់​សំណង​សមរម្យ​តាម​ច្បាប់​ការងារ មិនមែន​បញ្ឈប់​ដោយ​បង្ខំ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ​។

លោក អ៊ីម បាន​ថ្លែង​ថា​៖​ «​ពាក្យ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​របស់​ស្ថានទូត​អាមេរិក​មក​លើ​យើង​ខ្ញុំ​នាពេល​នេះ​គឺ​កំពុងតែ​​សម្លាប់​ការងារ ជីវិត និង​ក្រុមគ្រួសារ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​នឹង​មិន​អាច​រក​ការងារ​ល្អៗ​ឯណា​ទៀត​ធ្វើ​សម្រាប់​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ទេ​»​។

ជុំវិញ​ករណី​នេះ​លោក សុក សំអឿន មេធាវី​នៃ​ក្រុម​មេធាវី​អមរិន្ទ​បាន​ថ្លែងថា ជាទូទៅ​នៅ​ពេល​ថ្នាក់ដឹកនាំ​អង្គភាព​ ឬ​ស្ថាប័ន​​ណាមួយ​ស្នើសុំ​ត្រួតពិនិត្យ​ទូរស័ព្ទ​ ឬ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក ​ឬ​មន្ត្រី​ខ្លួន​គឺ​ចាំបាច់​ត្រូវ​មាន​ការអនុញ្ញាត​ពី​ស្ថាប័ន​តុលាការ​មិន​អាច​សុំ​តែ​មាត់​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ «​បើ​មាន​ការ​ស្នើសុំ​យក​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ត្រួត​ពិនិត្យមើល​​គណនី​ហ្វេសប៊ុក​ ឬ អ្វី​ផ្សេង​ទៀត​ក្នុង​ទូរស័ព្ទ​អ្នក​ដោយ​មិន​មាន​ការ​បង្គាប់​បញ្ជា​ពី​តុលាការ​នោះ អ្នក​អាច​បដិសេធ​បាន បើ​ទោះ​អ្នក​ដែល​ស្នើសុំ​ជា​ថ្នាក់ដឹកនាំ​អង្គភាព​ ឬ​ស្ថាប័ន​របស់​អ្នកក្ដី​។ ​ដូច្នេះ​​បើ​គេ​មក​ចាប់​រឹបអូស​យក​ពី​ដៃ​អ្នក​ទៅ​ឆែកឆេរ​មាន​ន័យ​ថា គេ​រំលោភបំពាន​សិទ្ធិ​របស់​អ្នក​គឺ​ខុស​​ច្បាប់ អ្នក​អាច​ប្ដឹង​តវ៉ា​បាន​»​។

អតីត​សន្តិសុខ​ទូត​អាមេរិក​ពេល​តវ៉ា​កាលពី​ម្សិលមិញ​។ផា លីណា

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ដឹង​អំពី​ព្រឹត្តិការណ៍​នោះ​ទេ​។ ប៉ុន្តែ​ជាធម្មតា​នៅពេល​គេ​រក​​ឃើញ​ថា មាន​រូបភាព​ខុស​ច្បាប់​គឺ​គេ​អាច​ចោទប្រកាន់​យើង​បាន ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​គឺ​គេ​អាច​បណ្ដេញ​យើង​ពី​ក្របខ័ណ្ឌ​ការងារ​​ដោយ​មិន​ផ្ដល់​សំណង​ ឬ​អត្ថប្រយោជន៍​ការងារ​អ្វី​ទាំងអស់​»​។

ក្រៅពី​អតីត​បុគ្គលិក​សន្តិសុខ​ជាង​ ២០ ​នាក់​ដែល​មក​តវ៉ា​នោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​ក្រុម​គ្រួសារ​របស់​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ផង​ដែរ​ដោយ​ពួកគាត់​បាន​កាន់​​បដា ទង់ជាតិ​ប្រទេស​ទាំង​ ២ និង​​រូប​ប្រធានាធិបតី​អាមេរិក លោក​​ ដូណាល់ត្រាំ និង​រូបភាព លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

អ្នកស្រី សយ ស៊ីវញៀត អាយុ​ ៤២ ​ឆ្នាំ​ដែល​ថា​មក​គាំទ្រ​ប្ដី​ឈ្មោះ​​ ឡុង សេងគឹមហុង អាយុ​ ៥២ ​ឆ្នាំ​បាន​ចូលរួម​ទាមទារ​ឲ្យ​លោក​ ដូណាល់ ត្រាំ ​ជួយ​ផ្ដល់​យុត្តិធម៌ និង​ដំណោះស្រាយ​បញ្ហា​បញ្ឈប់​បុគ្គលិក​សន្តិសុខ​ទាំង​ ៣២ ​នាក់​ឲ្យ​បាន​សមស្រប​។

អ្នកស្រី​បន្ត​ថា​៖ «​ប្ដី​ខ្ញុំ គាត់​មិន​ចូលចិត្ត​ថតរូប​ ឬ​មើល​រឿង​អាសអាភាស​ស្អី​គេ​នោះ​ទេ​។ ខ្ញុំ​ជឿជាក់​​លើ​គាត់ ខ្ញុំ​សំណូមពរ​ឲ្យ​ស្ថានទូត​ទទួល​យក​ប្ដី​ខ្ញុំ​ចូល​បម្រើ​ការងារ​ឡើង​វិញ ពីព្រោះ​ជីវភាព​គ្រួសារ​​របស់​ខ្ញុំ​ពឹង​តែ​លើ​ប្រាក់ខែ​ប្ដី​ខ្ញុំ​ម្នាក់​គត់​»​។

បើ​តាម​លោក ឡុង សេងគឹមហុង ការតវ៉ា​នេះ​គឺ​ពួកគាត់​ទាមទារ​ឲ្យ​ស្ថានទូត​បង្ហាញ​ភ័ស្ដុតាង​ និង​ប្រភព​ពិតប្រាកដ​នៃ​រូបភាព​អាសអាភាស​នោះ និង​ទាមទារ​​ឲ្យ​ស្ថានទូត​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ការងារ​ស្រប​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​។

នៅក្នុង​អំឡុង​ពេល​តវ៉ា​នោះ​មាន​មន្ត្រី​សន្តិសុខ​ស្ថានទូត​ជនជាតិ​អាមេរិក​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា ប៉ុន្តែ​បាន​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​។

យ៉ាង​ណា​ក្ដី​នៅ​ពេល​ទទួល​យក​ញត្តិ​រួច​ភ្លាម មន្ត្រី​សន្តិសុខ​ជនជាតិ​អាមេរិក​រូប​នោះ​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​ថា គាត់​នឹង​នាំ​ញត្តិ​នោះ​ទៅ​ដាក់​ជូន​ថ្នាក់​លើ​ដើម្បី​ពិនិត្យ និង​សម្រេច​។

អ្នក​នាំពាក្យ​សា្ថនទូត​អាមេរិក​លោក David Josar បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​កាលពី​ព្រឹក​ម្សិលមិញ​ថា​រដ្ឋាភិបាល​អាមេរិក​ចាត់​វិធានការ​​ទាក់ទង​នឹង​រូបភាព​អាសអាភាស​​របស់​កុមារ ប៉ុន្តែ​គោរព​ការ​ទាមទារ​ដោយ​សន្តិវិធី​។

លោក​ថា​៖ «​យើង​គោរព​សិទ្ធិ​អ្នក​ដែល​មក​តវ៉ា​ទាមទារ​អ្វី​មួយ​ដោយ​សន្តិវិធី​រួម​ទាំង​អតីត​បុគ្គលិក​សន្តិសុខ​ទាំង​នេះ​ផង​។ រដ្ឋាភិបាល​អាមេរិក​ចាត់​វិធានការ​ពាក់ព័ន្ធ​នឹង​រូប​អាសអាភាស​របស់​កុមារ និង​ការកេងប្រវ័ញ្ច​យ៉ាង​ធ្ងន់ធ្ងរ​លើ​កុមារ​។ យើង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​បុគ្គលិក​ផ្ទៃក្នុង​ទេ​»៕