
លោកស្រី ថាក់ ឡានី កាលពីឆ្នាំ ២០១៧ ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្ស សម រង្ស៊ី ដែលជាប់ទោស ១ ឆ្នាំកន្លះ ត្រូវបានប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី ៣ មីនា តាមការក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមព្រះរាជក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
ព្រះរាជក្រឹត្យបានចែងថា៖ «ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិត ថាក់ ឡានី ភេទស្រី កើតថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៥៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៥ ចុះថ្ងៃ ២៦ កុម្ភៈ ២០១៨ របស់តុលាការកំពូល»។
លោកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ១ ឆ្នាំកន្លះ និងពិន័យប្រាក់ ៨ លានរៀល កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើឧក្រិដ្ឋបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការផ្តន្ទាទោសនេះធ្វើឡើង បន្ទាប់ពីលោកស្រីបានថ្លែងក្នុងវេទិកាមួយនៅស្រុកលំផាត់ ខេត្តរតនគិរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពីក្រោយឃាតកម្មអ្នកវិភាគសង្គមលោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោកស្រី ថាក់ ឡានី ដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងកាលពីម្សិលមិញថា តាមច្បាប់ស្ដីពីពន្ធនាគារ នាយករដ្ឋមន្ត្រីអាចស្នើសុំលើកលែងដល់ទណ្ឌិតណាម្នាក់ទៅព្រះមហាក្សត្រដោយពិនិត្យទៅលើការស្នើសុំរបស់ទណ្ឌិតរូបនោះ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រខេត្តតាកែវនៃអតីតគណបក្សសង្គ្រោះជាតិបានឱ្យដឹងពីម្សិលមិញថា លោកស្រី ថាក់ ឡានី កំពុងរស់នៅនិរទេសខ្លួននៅប្រទេសស៊ុយអែត។ លោកបានឮព័ត៌មានកាលពីប៉ុន្មានខែមុននេះថា លោកស្រី ថាក់ ឡានី មានបំណងចង់មករស់នៅកម្ពុជាវិញ ដោយសារតែលោកស្រីបានរត់ចោលគ្រួសារជាយូរមកហើយ។
លោកថ្លែងដូច្នេះថា៖ «កាលពី ២-៣ ខែមុន ខ្ញុំឮថាលោកជំទាវចង់ស្នើសុំព្រះមហាក្សត្រលើកលែងទោស ដើម្បីវិលចូលមកប្រទេសវិញព្រោះការរស់នៅប្រទេសគេឯនោះ លោកជំទាវចាស់ហើយព្រាត់ប្រាសគ្រួសារ ស្វាមីអីនៅក្នុងប្រទេសចាស់ៗអស់ហើយ។ ដូច្នេះការវិលត្រឡប់មកវិញនេះ មិនមានអីខុសទេ គួរតែអនុគ្រោះដែរហើយ»។
លោកបានបន្តថា៖ «គាត់ក៏អំពាវនាវដែរ សុំអ្នកដែលគាំទ្រនិន្នាការគណបក្សប្រឆាំងកុំមានការជេរប្រមាថគាត់ គាត់បានតស៊ូមួយជីវិតហើយ លើលទ្ធិប្រជាធិបតេយ្យ ហើយការតស៊ូនោះស្វិតស្វាញមែនទេ។ ខ្ញុំយល់ថា ការវិលត្រឡប់មកវិញនេះមិនមានអីខុសទេ»។ យ៉ាងណាក៏ដោយលោកមិនដឹងថា លោកស្រី ថាក់ ឡានី នឹងប្រឡូកក្នុងឆាកនយោបាយម្ដងទៀត ឬអត់នោះទេ ៕