ភ្នំពេញៈ អតីតសមាជិកព្រឹទ្ធសភាលោកស្រី កែវ ម៉ាលី អះអាងថា លោកស្រីបានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍មិនឲ្យលក់អចលនទ្រព្យរបស់លោកស្រីទេ ថ្វីបើសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសដាក់លក់ឡាយឡុងដើម្បីយកប្រាក់សងធនាគារ BIDC ដែលលោកស្រីបានខ្ចីប្រាក់ក៏ដោយ។ លោកស្រីបានបកស្រាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានដាក់លក់ឡាយឡុងលើអចលនទ្រព្យរបស់លោកស្រី ចំនួន ២៦ កន្លែង ក្នុងតម្លៃជាង ៧ លានដុល្លារអាមេរិក។
យោងតាមការផ្សាយលក់ឡាយឡុង ដែលប្រកាសដោយសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា តុលាការបានបង្គាប់ឲ្យអាជ្ញាសាលាលក់ឡាយឡុងលើអចលនវត្ថុរបស់ក្រុមហ៊ុន លេន ប្រផឺធី ដែលមានលោកស្រី កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ជាកម្មសិទ្ធិករ (ម្ចាស់កម្មសិទ្ធិ) ចំនួនសរុប ២៦ កន្លែង។
ក្នុងចំណោមអចលនទ្រព្យទាំង ២៦ កន្លែងនេះ មាន ២០ កន្លែង ស្ថិតនៅខុនដូវិមាន កែវចរណៃ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែក ៦ កន្លែងទៀត ស្ថិតនៅក្នុងមូលដ្ឋានដូចគ្នា តែនៅក្រៅវិមានកែវចរណៃ។
ការលក់ឡាយឡុងនេះធ្វើឡើងតាមសំណុំរឿងអនុវត្តដោយបង្ខំដែលត្រូវបានសាលាដំបូងសម្រេច កាលពីខែ ឧសភា ឆ្នាំ ២០១៨ និងតាមដីកា សម្រេចកំណត់តម្លៃលក់ឡាយឡុង ធ្វើឡើងកាលពីថ្ងៃទី ៣១ ខែ កក្កដា កន្លងទៅ។ អ្នកមានចំណាប់អារម្មណ៍អាចចូលរួមដេញថ្លៃទិញ ចាប់ពីថ្ងៃទី ១ សីហា ដល់ថ្ងៃទី ២៩ ខែ សីហា។
ជាការឆ្លើយតប លោកស្រី កែវ ម៉ាលី បានចេញលិខិតបំភ្លឺជាសាធារណៈមួយ ដោយថ្លែងថា ក្រុមហ៊ុនរបស់លោកស្រីឈ្មោះក្រុមហ៊ុន កែវ ម៉ាលី គ្រុប បានប្ដឹងទៅឧទ្ធរណ៍រួចហើយជំទាស់ទៅនឹងការសម្រេចលក់ឡាយឡុងនេះ ដូច្នេះសាលាដំបូង មិនអាចបន្តនីតិវិធីលក់ដេញថ្លៃបន្តទៀតបានទេ នៅពេលមិនទាន់មានការសម្រេចពីសាលាឧទ្ធរណ៍នោះ។
លោកស្រីថ្លែងថា ទ្រព្យសម្បត្តិរបស់លោកស្រីមានតម្លៃជាង ២០ លានដុល្លារ មិនមែនទាបរហូតដល់ជាង ៧ លានដុល្លារនោះទេ។ លោកស្រីថា ធនាគារបានរៀបចំជាសម្ងាត់ដើម្បីដាក់ដេញថ្លៃទ្រព្យសម្បត្តិរបស់លោកស្រី។
លោកស្រីបន្តថា ក្រុមហ៊ុនលោកស្រីបានសងធនាគារ BIDC ៥,៨ លានដុល្លារហើយ នៅសល់តែជាង ២,៧ លានដុល្លារប៉ុណ្ណោះ បូកទាំងការប្រាក់ ហើយក្រុមហ៊ុនលោកស្រី នឹងសងប្រាក់ដែលនៅសេសសល់ឲ្យបានឆាប់។
លោកស្រីបានថ្លែងថា ការផ្សព្វផ្សាយទម្លាយព័ត៌មានដែលពុំទាន់ជាក់លាក់ គឺក្នុងចេតនាធ្វើឲ្យប៉ះពាល់កិត្តិយសលោកស្រី និងក្រុមហ៊ុន ដើម្បីលេបយកដី និងទ្រព្យសម្បត្តិក្រុមហ៊ុនទាំង ២៦ បណ្ណ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទ លោកស្រី កែវ ម៉ាលី បានថ្លែងថា លោកស្រីទើបតែដឹងព័ត៌មាននេះ នៅពេលឃើញសារព័ត៌មានចុះផ្សាយ។ លោកស្រីរៀបរាប់ថា លោកស្រីបានខ្ចីប្រាក់ពី BIDC កាលពីឆ្នាំ ២០១៣ ចំនួន ៧ លានដុល្លារ ហើយបានបង់ការប្រាក់គិតចាប់ពីពេលនោះមក សរុបប្រមាណ ៣ លានដុល្លារ។
លោកស្រីថ្លែងថា៖ «ដីគេ ៣០ លានជាង ទៅដេញថ្លៃ ៧ លានចុះ ហើយគេនៅជំពាក់តែ ២ លានជាងសោះ»។
កាលពីម្សិលមិញភ្នំពេញប៉ុស្តិ៍បានទាក់ទងទៅកាន់សាខាមួយរបស់ធនាគារ BIDC ប៉ុន្តែអ្នកលើកទូរស័ព្ទថ្លែងថា អ្នកស្រីមិនអាចផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអតិថិជនរបស់ធនាគារបានទេ៕