ភ្នំពេញៈ អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានប្រកាសបង្កើតគណបក្សនយោបាយថ្មីដោយភ្ជាប់លោក កឹម សុខា ទៅនឹងបក្សថ្មីនេះធ្វើឲ្យជំនួយការ និងមេធាវីអតីតប្រធានគណបក្សសង្គ្រោះជាតិ មិនពេញចិត្តចំពោះក្រុមនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សចំនួន ៨ នាក់ បានចុះហត្ថលេខារួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយដោយក្នុងនោះរួមមានអតីតតំណាងរាស្ត្របក្សប្រឆាំង ២ រូបគឺលោក កង គឹមហាក់ និងលោក ជីវ កត្តា រួមទាំងលោក ស៊ីម សុវណ្ណនី។ អ្នកទាំង ៣ នាក់ជាអ្នកដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីការស្នើសុំកាលពីដើមឆ្នាំ ២០១៩ នេះបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពុងរំលាយ ហើយបានហាមប្រាមមនុស្ស ១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា អនាគតបក្សប្រឆាំងថ្មីនេះគឺជាបក្ស «បន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន»។ ក្រុមអ្នកបង្កើតបក្សថ្មីនេះអំពាវនាវឲ្យមានការចូលរួមពីសំណាក់អ្នកស្នេហាជាតិទាំងអស់ចំពោះអ្វីដែលពួកគែហៅថា ដើម្បីបុព្វហេតុជាតិ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គណបក្សប្រឆាំងថ្មីនេះជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាច ដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករកម្មការិនី រាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល»។
សមាជិកម្នាក់ដែលប្រកាសបង្កើតបក្សនេះតែសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ការបង្កើតបក្សថ្មីនេះទំនងជាត្រូវប្រកាសជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីសវនាលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ដែលសវនាការនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករាខាងមុខ។
សមាជិកដដែលនេះបញ្ជាក់ថា ការបង្កើតបក្សថ្មីនេះគឺមានគោលបំណងចង់ប្រមូលអតីតមន្ត្រី CNRP ទាំងខាងអ្នកដែលមាននិន្នាការគាំទ្រ សម រង្ស៊ី និងអ្នកគាំទ្រលោក កឹម សុខា មកនៅជាមួយគ្នា។ បក្សថ្មីនេះនឹងមិនមានប្រធានផ្លូវការទេគឺមានតែប្រធានស្ដីទីហើយតំណែងប្រធានបក្សនឹងរក្សាឲ្យនៅចំហដើម្បីទុកលទ្ធភាពក្នុងការអញ្ជើញលោក កឹម សុខា មកដឹកនាំ បើសិនបក្សនេះដំណើរការល្អ ហើយលោក កឹម សុខា រួចផុតពីការហាមប្រាមធ្វើនយោបាយ។
ប្រភពដដែលថ្លែងថា ការបង្កើតបក្សថ្មីនេះក៏ដោយសារតែជឿថា គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញបានទេ។ លោកពន្យល់ថា ការគ្រោងអញ្ជើញលោក កឹម សុខា មកដឹកនាំបក្សនេះដោយសារតែលោក កឹម សុខា ទំនងមិនត្រឡប់ទៅដឹកនាំគណបក្សសិទ្ធិមនុស្សរបស់លោកវិញទេ ពីព្រោះការធ្វើដូច្នេះ វានឹងបង្ហាញច្បាស់ថា លោក កឹមសុខា «រត់ចេញពីលោក សម រង្ស៊ី» ហើយពេលនោះអ្នកគាំទ្រលោក សម រង្ស៊ី ក៏នឹងមិនមកចូលរួមជាមួយលោកដែរ។
កាលពីដើមឆ្នាំនេះអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៩ នាក់ ក្នុងចំណោម ១១៨ នាក់ ត្រូវបានផ្ដល់នីតិសម្បទានយោបាយតាមការស្នើសុំ។ ក្នុងនោះក៏មានអតីតតំណាងរាស្ត្រល្បីឈ្មោះមួយរូបគឺលោក អ៊ូ ច័ន្ទរ័ត្ន។ ការបង្កើតបក្សថ្មីនេះត្រូវបានប្រភពមួយចំនួនយល់ថា មានលោក អ៊ូ ច័ន្ទរ័ត្ន នៅពីក្រោយ។ ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន បានបដិសេធការលើកឡើងដូច្នេះ។
លោកថ្លែងកាលពីម្សិលមិញថា លោកធ្លាប់បានស្នើសុំការពិគ្រោះយោបល់ពីសំណាក់អ្នកដែលបង្កើតបក្សថ្មីនេះ តែលោកបានផ្ដល់ជាយោបល់ទៅពួកគេថា ការបង្កើតបក្សនេះ វាហាក់ដូចជាលឿនពេក។
លោកថ្លែងថា៖ «ការសម្រេចចិត្តចុងក្រោយនេះគឺពួកគាត់ប៉ុន្មាននាក់ហ្នឹងសម្រេចចិត្តធ្វើដោយខ្លួនឯង ហើយខ្ញុំអត់បានពាក់ព័ន្ធក្នុងការសម្រេចចិត្តហ្នឹងទេ។ ខ្ញុំយល់ថាការប្រកាសនៅពេលនេះមិនត្រូវនឹងកាលៈទេសៈថ្មីទេដោយសារយើងកំពុងតាមដានដំណោះស្រាយពីសវនាការដែលកាត់ទោសលោកប្រធាន កឹម សុខា ហើយម្យ៉ាងទៀតយើងកំពុងតាមដានប្រព័ន្ធអនុគ្រោះពន្ធ EBA តើវាអាចដាច់ឬអាចនៅ?»។
លោកបន្តថា គណបក្សថ្មីនេះប្រហែលជាពិបាកទទួលបានជោគជ័យ ដោយសារតែសមាជិកមិនមែនជាអ្នកដែលជាឥស្សរជននយោបាយល្បីល្បាញដែលមានការទុកចិត្តពីប្រជាពលរដ្ឋ។ លោកថា៖ «ដូច្នេះខ្ញុំមិនជឿថា មានការចាប់អារម្មណ៍ប៉ុន្មានទេ»។
ទោះយ៉ាងណាការប្រកាសបង្កើតបក្សនេះក៏ទទួលរងនូវការរិះគន់ផងដែរ ជាពិសេសពីសំណាក់ជំនួយការលោក កឹម សុខា និងមេធាវីរបស់លោក។
លោក មុត ចន្ថា ទីប្រឹក្សារបស់លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «អ្នកមានបំណងបង្កើតបក្សថ្មី គួរលើកពីគោលការណ៍ និងគោលនយោបាយជួយជាតិ កុំព្យាយាមភ្ជាប់ជាមួយឈ្មោះរបស់អ្នកដទៃ!»។ លោកក៏បានសរសេរបញ្ឆិតបញ្ឆៀងថា អ្នកធ្វើនយោបាយគួរតែមានគុណធម៌ដែលចេះស្គាល់បុណ្យ និងស្គាល់បាបចំពោះទង្វើទាំងឡាយមកលើបុព្វការីជនរបស់ខ្លួន។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោម ៤ រូបដែលការពារក្ដីលោក កឹម សុខា ថ្លែងថាលោកមានការសោកស្ដាយដែលក្រុមការងារបង្កើតបក្សថ្មីនេះ ភ្ជាប់កូនក្ដីលោកទៅនឹងការបង្កើតបក្សរបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំក៏សម្ដែងការសោកស្ដាយទៅដល់សហសេវិកដែលធ្លាប់ធ្វើការងារជាមួយគ្នា។ ទី ២ ការទៅបង្កើតបក្សថ្មី គឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែមិនត្រូវយកឈ្មោះអ្នកដទៃ ដើម្បីទៅភ្ជាប់ជាមួយក្នុងគោលបំណងចំណេញនយោបាយរបស់ខ្លួនទេ»៕
វីដេអូ៖