ភ្នំពេញៈ ​អតីត​អគ្គលេខាធិការរង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក​ សួង ផល្លី បាន​សម្រេច​ប្ដឹង​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥ ​រូប​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទារ​ជំងឺ​ចិត្ដ​ចំនួន​ ១០០០ ​លាន​រៀល​ពី​បទ​ចោទ​ថា​បាន​ផ្តួចផ្តើម និង​សមគំនិត​ធ្វើ​លិខិត​រដ្ឋបាល​ទុច្ចរិត​មិន​ស្រប​តាម​លក្ខន្ដិកៈ និង​បញ្ចប់​សមាជិកភាព​លោក​ពី​បក្ស​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មន្ដ្រី​ទាំង​ ៥ ​រូប​ដែល​លោក​ប្ដឹង​កាលពី​ថ្ងៃ​ ១៣ ​សីហា​នោះ​រួមមាន លោក យូ ហុកគ្រី​, លោក ប៉ោ ប៊ុន​ស្រ៊ឺ​, លោក ញ៉េប ប៊ុនជិន​, លោក​ នុត សុខុម និង​លោក យឹម សាវី ដែល​ជា​គណៈកមា្មធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

លោក ផល្លី អះអាង​ថា​៖ «​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​នេះ​ព្រោះ​ពួកគាត់​ចាត់​តាំង​ការងារ​មិន​ត្រូវ​ស្ដង់ដារ​តាម​គោលការណ៍​ និង​លក្ខន្ដិកៈ​របស់​បក្ស​។ មនុស្ស​មិន​ដែល​ធ្វើ​​ការងារ​អី​ផង​ស្រាប់​តែ​ជ្រើសរើស​តំណាងរាស្ដ្រ​...​វា​ធ្វើឲ្យ​បាត់បង់​កិត្ដិយស​សេចក្ដី​ថ្លៃថ្នូរ​ដែល​យើង​ខំ​ធ្វើ​ការងារ​តាំងពី​យូរ​មក​ហើយ​ជា​រឿង​អយុត្ដិធម៌​សម្រាប់​ខ្ញុំ​»​។

លោក​ថា​៖ «​ខ្ញុំ​ប្ដឹង​គណៈកម្មាធិការ​ទាំង​ ៥ ​ដែល​បាន​ចាត់ចែង​ខ្ញុំ អ៊ីចឹង​អ្នក​ប្រឹងប្រែង​ធ្វើការ​មិន​បាន​អី​បែរ​ជា​អ្នក​មិន​ធ្វើការ​មក​ចាំ​ត្រង​យក​។ អ៊ីចឹង​ខ្ញុំ​ប្ដឹង​ទារ​ជំងឺ​ចិត្ដ​ ១០០០ ​លាន​រៀល​»​។

លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​រង​ការប្ដឹង​ម្នាក់​ដែរ​នោះ​​បាន​ថ្លែង​ថា លោក​មិន​យល់​ពី​អ្វី​ដែល​លោក ផល្លី កំពុង​ធ្វើ​នេះ​ទេ ដោយ​លោក​ថា​ជា​ការ​រំខាន ប៉ុន្តែ​លោក​ថា​នឹង​រៀបចំ​មេធាវី​ធ្វើការ​ករណី​នេះ​។

លោក​ថា​៖ «​ខ្ញុំ​មិន​សប្បាយ​ចិត្ដ​ចំពោះ​មនុស្ស​ម្នាក់​ហ្នឹង​មក​ដើរ​រំខាន​គេ រំខាន​ឯង​។ ខ្ញុំ​កំពុង​​រក​មេធាវី​ដើម្បី​គិតគូរ​ចំពោះ​ការរំខាន​នេះ​»​។

លោក ញ៉េប ប៊ុនជិន បាន​លើក​ឡើង​ថា​លោក​មិន​បាន​ដឹង​ចំពោះ​ការតែងតាំង​ ឬ​ការដកចេញ​អ្វី​ទេ ករណី​ប្ដឹង​នេះ​លោក​មិន​បាន​ដឹងឮ​ទេ​៕