ភ្នំពេញៈ លោក​ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ និង​បងប្រុស​បង្កើត​ឈ្មោះ​ ឡាយ ណារិទ្ធ អតីត​ស្នងការរង​ខេត្ត​នេះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១៣ ​ឆ្នាំ និង ១០ ​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ​ ចេវ សុវឌ្ឍនា ដែល​ ឡាយ វណ្ណៈ ចាត់ទុក​ជា​ស្រី​កំណាន់ ចំណែក​បក្ខពួក​ ២ ​នាក់​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ២ ​ឆ្នាំ​ ពី​បទ​លាក់បាំង​តម្រុយ​។

លោក​ចៅក្រម ហម ម៉េងសែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ ក្រៅពី​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​ ឡាយ វណ្ណៈ ឱ្យ​ជាប់​ពន្ធនាគារ​ ១៣ ​ឆ្នាំ និង​ផ្តន្ទាទោស​លោក​ ឡាយ ណារិទ្ធ ឱ្យ​ជាប់​ពន្ធនាគារ​ ១០ ​ឆ្នាំ​ ជុំវិញ​ករណី​ឃាតកម្ម​លើ​ស្ដ្រី​ឈ្មោះ ចេវ សុវឌ្ឍនា ហើយ​នោះ ចៅក្រម​ ហម ម៉េងសែ ក៏បាន​ផ្តន្ទាទោស​បុរស​ ២ ​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ២ ​ឆ្នាំ​ផងដែរ​។ បុរស​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​មាន​ឈ្មោះ​ មេន សម៉ៃ អ្នកបើកបរ​រថយន្ត និង​ឈ្មោះ​ ជុំ វុធ អ្នក​យាម​ផ្ទះ​ឱ្យ​លោក​ ឡាយ វណ្ណៈ​។ បុរស​ទាំង​ ២ ​រូប​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​តម្រុយ​។

លោក​ ឡាយ វណ្ណៈ រួមទាំង​បក្ខពួក​ចំនួន​ ៣ ​នាក់​នោះ​បាន​សម្រេច​ផ្ដិតមេដៃ​ប្ដឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍ ភ្លាមៗ​បន្ទាប់ពី​ត្រូវបាន​សាលាដំបូង​រាជធានី-ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ចំពោះ​មុខ​លើ​ពួកគេ​។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក សន គីណាល់ មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​ឈ្មោះ​ មេន សម៉ៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​។

ទោះ​យ៉ាងណា​លោក​មេធាវី សន គីណាល់ មិនបាន​ទៅ​ចូលរួម​ការប្រកាស​សាលក្រម​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ទេ ខណៈ​មេធាវី​លោក​ នី ចាន់ឌី ការពារ​ក្ដី​ឱ្យ​ ឡាយ វណ្ណៈ ក៏​មិនបាន​ចូលរួម​ដែរ​។ ដូច្នេះ​លោក​មេធាវី​ទាំង​ ២ ​ប្រាប់ថា មិន​អាច​បញ្ជាក់​លម្អិត​ជុំវិញ​ការប្រកាស​សាលក្រម​នេះឡើយ​។

លោក​ ធុយ សុគន្ធ មេធាវី​របស់​ជនជាប់ចោទ ជឹម វុធ បាន​និយាយ​ដែរ​ថា លោក​ក៏​ពុំ​បាន​ទៅ​ទាន់​ការប្រកាស​សាលក្រម​នោះដែរ​ដោយសារ​បញ្ហា​កកស្ទះ​ចរាចរណ៍​។ ប៉ុន្តែ​លោក​ថា​បាន​ទៅ​ទាន់​នៅពេល​ចប់​ការប្រកាស​សាលក្រម​ភ្លាមៗ និង​បាន​ជួបពិភាក្សា​រយៈពេល​ខ្លី​ជាមួយ​កូនក្ដី​របស់​លោក​អំពី​ការប្រកាស​សាលក្រម​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ទៅដល់​ម៉ោង​ ១០ ​ជាង​ហើយ​។ កូនក្ដី​ខ្ញុំ​គាត់​ថា អយុត្តិធម៌ ហើយ​ថា​គាត់​នឹង​ប្ដឹង​ទៅ​ឧទ្ធរណ៍​។ ខ្ញុំ​បាន​សួរ​គាត់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ខ្ញុំ​បានឃើញ​ម្នាក់​ទៀត​ (​ឈ្មោះ មេន សម៉ៃ​) ដែល​ជាប់​ដូច​កូនក្ដី​ខ្ញុំ​ដែរ យំ​ស្រែ​កនៅ​ហ្នុង​ (​នៅ​តុលាការ​)»​។

តាម​មេធាវី​គឺ​ជនជាប់ចោទ​ទាំង​ ៤ មិន​ត្រូវបាន​បង្គាប់​ឱ្យ​បង់ប្រាក់​ជា​រដ្ឋប្បវេណី​ឡើយ​ដោយសារ​គ្មាន​ពាក្យបណ្ដឹង​ពី​សាច់ញាតិ​ជនរងគ្រោះ​។

អ្នកនាង ចែវ សុវឌ្ឍនា ដែល​លោក​ ឡាយ វណ្ណៈ ទទួល​ស្គាល់​ថា​ជា​ស្ដ្រី​កំណាន់​របស់​ខ្លួន​គឺ​ដំបូង​ឡើយ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​តាកែវ​រកឃើញ​ថា​ស្លាប់​ដោយសារ​ការចងក​ធ្វើអត្តឃាត​កាលពី​ថ្ងៃទី​ ២៦ ខែ​មករា ឆ្នាំ​ ២០១៨ ស្ថិតនៅ​ផ្ទះជួល​មួយ​កន្លែង​ក្នុងភូមិ​ផ្សារ​តាកោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ​។

ប៉ុន្តែ​ក្រោយមក​ទៀត​ករណី​អត្តឃាត​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ចាត់​ឱ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ​ឡើងវិញ​ដល់​ខេត្ត​តាកែវ ហើយ​ក៏បាន​រកឃើញ​ថា​គឺជា​ករណី​ឃាតកម្ម​ទៅវិញ​។

លោក​ ឡាយ វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១ ខែ ​មេសា ឆ្នាំ​ ២០១៨ គឺ​មួយថ្ងៃ​បន្ទាប់ពី​លោក​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដកតំណែង​ពី​អភិបាល​ខេត្តតាកែវ​។ ការចាប់​ខ្លួន​លោក​ ឡាយ វណ្ណៈ កាលនោះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នកធ្វើការ​ឱ្យ​លោក​ ឡាយ វណ្ណៈ មួយ​ចំនួន​ត្រូវបាន​ហៅ​ទៅ​សាកសួរ​ករណី​ឃាតកម្ម​នេះ​។

លោក​ ឡាយ វណ្ណៈ តែង​ឆ្លើយ​បដិសេធ​នៅ​តុលាការ​ថា​លោក​មិនបាន​សម្លាប់​អ្នកនាង​ ចេវ សុវឌ្ឍនា ឡើយ ប៉ុន្តែ​ជា​ករណី​អត្តឃាត​កើតឡើង​ពី​ការគិត​ខ្លី​ប៉ុណ្ណោះ ដោយសារ​អ្នកនាង​បាន​ខឹងសម្បា​ចំពោះ​លោក​ដែល​សុំ​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​។

ចំណែក​ជន​ឈ្មោះ​ ជឹម វុធ និង​ មេន សម៉ៃ ក៏​ធ្លាប់​បាន​លើកឡើង​ក្នុង​តុលាការ​ដោយ​បដិសេធ​វិញ​នូវ​ចម្លើយសារភាព​របស់​ពួកគេ​ឆ្លើយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​ថា​លោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ សម្លាប់​នាង ចេវ សុវឌ្ឍនា ហើយ​បាន​បញ្ជា​ឱ្យ​ពួកគេ​សែង​សព​ធ្វើ​ជា​ចងក​នៅ​ចម្រឹង​បង្អួច​នោះ​គឺ​ការឆ្លើយ​ដោយសារ​បង្ខិតបង្ខំ​។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ ដោយសារ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​៕