ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ ទី ១៧ ខែមេសា នេះថា អតីតឧត្តមសេនីយ៍ទោ អ៊ុង ចាន់ ធួក និងបក្ខពួកចំនួន ២ រូបទៀត ត្រូវបានចោទប្រកាន់ និងសម្រេចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចនេះផងដែរ។
លោក គុជ គឹមឡុង បានប្រាប់នៅថ្ងៃនេះថា ក្រោយពីបានសាកសួរតាមនីតិវិធី លោកព្រះរាជអាជ្ញារង ឡុង ជាប បានសម្រេចចោទប្រកាន់ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកចំនួន ២ រូបទៀត តាមមាត្រា ៣, ៤ និង ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយអនុវត្តន៍នីតិវិធីបង្ហាញខ្លួនភ្លាម តាមមាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកបានប្រាប់ថា៖ «ក្រោយសវនាការនារសៀលនេះ លោកចៅក្រមជំនុំជម្រះ អ៊ុក សុវណ្ណារិទ្ធ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំង ៣ នាក់នេះ ជាបណ្តោះអាសន្នសិន»។
លោក គុជ គឹមឡុង បានបន្ថែមថា នៅក្នុងពេលសវនាការ ជនជាប់ចោទបានស្នើសុំសិទ្ធិពឹងពាក់រកមេធាវី។ ដូចនេះដំណើរការនៃសវនាការសួរដេញដោលជាបណ្តោះអាសន្ន ដោយផ្អែកទៅតាមនីតិវិធីច្បាប់ត្រូវទុកពេល ២ សប្តាហ៍ ដើម្បីឱ្យពួកគាត់រកមេធាវីដើម្បីការពារសិទ្ធិ។
លោកថា សវនាការសំណុំរឿងនេះនឹងបើកដំណើរការជាថ្មីម្តងទៀតនៅពីរសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ជនជាប់ចោទ អ៊ុង ចាន់ធួក និងបក្ខពួកចំនួន ២ រូបទៀត ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែមេសា ដោយសារអ្នកទាំងនេះបានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅជាមួយនឹងអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ទៀតផង។
នៅថ្ងៃនេះដែរ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ដែលបានល្មើសនឹងបម្រាមនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលកាលពីយប់មិញ៕