ភ្នំពេញៈ អតីតបុគ្គលិកបើកបររថយន្តក្រុងនៅក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយាបួននាក់ក្នុងចំណោមបុគ្គលិក ១៧នាក់ ដែលបានធ្វើការតវ៉ានៅមុខក្រុមហ៊ុនស្ថិតក្នុង ខណ្ឌដូនពេញ បានរងរបួសស្រាលកាលម្សិលមិញ ក្នុងអំឡុងពេលប៉ះទង្គិចជាមួយនឹងកងសន្តិសុខ។
លោក វន សម្បត្តិ ប្រធានសហជីពថ្មីដែលបន្ទាប់ពីបង្កើតសហជីពនេះរួច រូបគាត់ក៏ត្រូវក្រុមហ៊ុនបណ្តេញចេញពីការងារជាអ្នកបើកបរបានថ្លែងកាលម្សិលមិញថា មានបុគ្គលិកមកតវ៉ាបីនាក់និងបុគ្គលិកសហភាពការងារកម្ពុជា (CLC) បានទទួលរងរបួសស្រាលនៅក្នុងការប៉ះទង្គិចគ្នាជាមួយសន្តិសុខមុខក្រុមហ៊ុន កាលពីម្សិលមិញនេះ។
លោក វន សម្បត្តិ និយាយបន្តថា៖ «យើងនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងសន្តិសុខក្រុមហ៊ុន ដែលបានប្រើហិង្សាមកលើពួកយើង។ កងសន្តិសុខបានដេញយើងឲ្យទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែ យើងមិនទៅទីនោះទេ ពីព្រោះយើងត្រូវក្រុមហ៊ុនបណ្តេញចេញពីការងារ ដូច្នេះយើងត្រូវតវ៉ានៅនឹងក្រុមហ៊ុន»។
វិវាទរវាងអតីតអ្នកបើករថយន្តក្រុង ១៧នាក់ និងក្រុមហ៊ុនបានចាប់ផ្តើមឡើងកាល ខែមេសា នៅពេលដែលពួកគេត្រូវបានបណ្តេញចេញពីការងារដោយសារព្យាយាមបង្កើតសហជីព។ ក្រោយមកក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ឲ្យក្រុមហ៊ុនទទួលយកអ្នកបើករថយន្ត ១៥នាក់ ឲ្យចូលធ្វើការវិញនិងបើកប្រាក់រំឭកដល់ពួកគេផង ប៉ុន្តែក្រុមហ៊ុនមិនបានគោរពតាម។
នៅក្នុងការតវ៉ាកាលពីម្សិលមិញ សមាជិកប្រហែល ៥០ នាក់ពីសហជីពចំនួនបីទៀតបានចូលរួមជាមួយអ្នកបើករថយន្តក្រុង និងបានបិទផ្លូវនៅមុខក្រុមហ៊ុនភ្នំពេញសូរិយា ដោយព្យាយាមរារាំងរថយន្តក្រុងមិនឲ្យចេញចូលចំណត។
អ្នកដំណើរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ការតវ៉ានេះបានធ្វើឲ្យគាត់បង្ខំចិត្តជិះតាក់ស៊ីទៅ ខេត្តកំពង់ឆ្នាំង វិញ។ អ្នកនាងបន្តថា៖ «ខ្ញុំមិនខឹងក្រុមហ៊ុនទេ ប៉ុន្តែខ្ញុំខឹងអ្នកតវ៉ាដែលមករារាំងដល់អ្នកដំណើរ។ ពួកគេគួរតែអនុគ្រោះឲ្យអ្នកធ្វើដំណើរបើទោះបីជាពួកគេខឹងម្ចាស់ក្រុមហ៊ុនក៏ដោយ»។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភ្នំពេញសូរិយា លោក ចាន់ សុផាន់ណា បានថ្លែងកាលម្សិលមិញថា លោកកំពុងរៀបចំដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះឬថ្ងៃស្អែកទាក់ទិននឹងសកម្មភាពរបស់ក្រុមតវ៉ា។
លោក សុផាន់ណា និយាយថា៖ «ខ្ញុំគិតថា ពួកគេបានប្រើសិទ្ធិធ្វើការតវ៉ា ប៉ុន្តែមិនអាចធ្វើការបិទផ្លូវនិងរំខានដល់អាជីវកម្មរបស់ខ្ញុំបានទេ។ អ្វីដែលពួកគេធ្វើ គឺជាទង្វើខុសច្បាប់»។ លោកបន្ថែមថា បុគ្គលិកសន្តិសុខម្នាក់បានរងបួសធ្ងន់ផងដែរដោយសារក្រុមអ្នកតវ៉ា។
អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ ក៏បានមកកន្លែងតវ៉ាផងដែរ កាលពីម្សិលមិញ ហើយប្រាប់ក្រុមអ្នកតវ៉ាឲ្យចេញពីទ្រូងផ្លូវដែលស្ទះចរាចរណ៍៕