ឧត្តរមានជ័យៈ អតីតអភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ិច សុខិន ដែលទើបតែត្រូវបានដកចេញពីតំណែងកាលពីខែឧសភា បានទទួលមរណភាពនៅមន្ទីរពេទ្យក្នុងខេត្តសូរិនប្រទេសថៃកាលពីម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃចន្ទម្សិលមិញដោយសារជំងឺក្នុងជន្មាយុ ៦១ឆ្នាំ។
សពត្រូវបានក្រុមគ្រួសារដង្ហែមកកាន់លំនៅឋានដើម្បីធ្វើបុណ្យ។
លោក ធន់ ណុល អភិបាលស្រុកសំរោង បានឲ្យដឹងថា លោក សុខិន ដែលធ្លាប់ធ្វើជាអភិបាលខេត្តឧត្ដរមានជ័យចាប់តាំងពីឆ្នាំ២០០៦ មកនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ កាលពីថ្ងៃទី២២ខែមិថុនា នៅពេលដែលសុខភាពរបស់លោកមានសភាពធ្ងន់ធ្ងរ។
ខណៈកំពុងចូលរួមពិធីបុណ្យសពលោកសុខិននោះ លោក ធន់ ណុល បានថ្លែងឲ្យដឹងថា៖«នៅពេលគាត់ក្អួតធ្លាក់ឈាមគ្រូពេទ្យបានខិតខំជួយសង្គ្រោះគាត់តែនៅតែមិនអាចជួយជីវិតគាត់បានទៀត»។ បើតាមលោក ធន់ ណុល ពិធីបុណ្យសពរបស់លោក ប៉ិច សុខិន កំពុងតែប្រារព្ធធ្វើនៅគេហដ្ឋានរបស់គាត់ស្ថិតនៅក្នុងភូមិឈូក ឃុំសំរោង ហើយពិធីបុណ្យនេះនឹងបន្តធ្វើរហូតដល់ថ្ងៃទី៣០ ខែមិថុនា។
សុខភាពរបស់លោកសុខិន បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរអស់រយៈពេលមួយឆ្នាំមកហើយតែលោកនៅតែធ្វើការនៅក្នុងការិយាល័យរបស់លោកហើយជួនកាលលោកធ្វើដំណើរទៅកាន់ ខេត្តសូរិនប្រទេសថៃ ដើម្បីពិនិត្យសុខភាព។ លោកទើបតែត្រូវបានដកពីតំណែងពីអភិបាលខេត្តឧត្តរមានជ័យកាលពីខែឧសភាដោយសារតែបញ្ហាសុខភាព។ អតីតអភិបាលរងខេត្តព្រះវិហារ ដែលនៅជាប់ខេត្តនោះ គឺលោក សរ ថាវី ត្រូវបានតែងតាំងឲ្យជំនួសតំណែងលោកជាអភិបាលខេត្ត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការស្លាប់របស់លោក ប៉ិច សុខិន នេះគឺជាការបាត់បង់ដ៏ធំធេងនៅពេលដែលលោកប៉ិច សុខិនកំពុងបម្រើការងារដល់ក្រសួងមហាផ្ទៃរយៈពេលជាច្រើនឆ្នាំ។ លោក ខៀវ សុភ័គ បានបញ្ជាក់ថា៖«ក្នុងនាមក្រសួងមហាផ្ទៃយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោក ប៉ិច សុខិន។ ចំពោះក្រសួងមហាផ្ទៃវិញ លោកគឺជាមនុស្សដ៏ល្អមួយរូប»៕