ភ្នំពេញៈ អតីតអ្នកបើកបរឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយាបានធ្វើបាតុកម្មជាថ្មីនៅថ្ងៃនេះដោយមានកាន់បដានៅមុខក្រុមហ៊ុននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញដើម្បីជំរុញឲ្យក្រុមហ៊ុនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបង្គាប់ឲ្យទទួលយកពួកគេចូលធ្វើការវិញ។
លោក យឹម គុយបា អនុប្រធានសហជីពអ្នកបើកឡានដែលទើបតែបង្កើតបាននិយាយកាលពីថ្ងៃម្សិលមិញថា កិច្ចចរចារវាងបុគ្គលិក និងក្រុមហ៊ុនកាលពីថ្ងៃសុក្រមិនមានលទ្ធផលទេ ហើយក្រុមហ៊ុនមិនមានបំណងចរចាបញ្ចប់ជម្លោះដែរ។
លោកថ្លែងថា៖ «ក្រុមហ៊ុនបានព្យាយាមពន្យារការចរចាច្រើនដងមកហើយ ហើយជារឿយៗយើងធ្វើតាមពួកគេ ប៉ុន្តែសម្រាប់ពេលនេះយើង មិនអាចធ្វើតាមពួកគេទៀតទេ ព្រោះពួកគេតែងតែពន្យារការចរចាពីមួយថ្ងៃទៅមួយថ្ងៃទៀតរហូត»។
ករណីតវ៉ានេះ បានចាប់ផ្តើមកាលពីខែមេសា នៅពេលដែលបុគ្គលិក១៧នាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារព្យាយាមបង្កើតសហជីពក្នុងក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយានេះ។ ក្រុមអ្នកតវ៉ាបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមេសាដដែល ប៉ុន្តែបណ្តឹងនោះត្រូវបានគេបញ្ជូនទៅឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីធ្វើការកាត់សេចក្តី។
លោក យឹម គុយបា បានថ្លែងបន្តទៀតថា៖ «ម្ចាស់ក្រុមហ៊ុន ត្រូវតែធ្វើតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
ភ្លាមៗនៅពេលដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់នោះដែរ ក្រុមហ៊ុនបានបដិសេធធ្វើតាមការបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយាលោកចាន់ សុផាន់ណា ថ្លែងថា វាជាសិទ្ធិពួកគេក្នុងការធ្វើបាតុកម្ម ប៉ុន្តែលោកបារម្ភថា សកម្មភាពរបស់ពួកគេនឹងប៉ះពាល់ដល់ភ្ញៀវ និងបុគ្គលិកដែលកំពុងតែបម្រើការងារក្នុងក្រុមហ៊ុនរបស់លោក។ លោកថា៖«យើង នៅតែចង់ចរចាជាមួយពួកគេដើម្បីស្វែងរកដំណោះស្រាយតាមច្បាប់ ប៉ុន្តែពួកគេ មិនទទួលយកសំណើរបស់យើង»។
លោកថា៖ «យើង មិនហាមឃាត់សិទ្ធិពួកគេទេ ហើយវាជាសិទ្ធិរបស់ពួកគេក្នុងការធ្វើបាតុកម្ម ប៉ុន្តែពួកគេគួរគិតអំពីកម្មករ៤០០នាក់ផ្សេងទៀតដែលកំពុងតែធ្វើការក្នុងក្រុមហ៊ុននេះ បើការតវ៉ាប៉ះពាល់គេ តើអ្នកណាទទួលខុសត្រូវ?»៕