ភ្នំពេញៈ អតីតប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញពីភូមិសំបុកចាបក្នុងសង្កាត់ទន្លេបាសាក់ ឲ្យទៅរស់នៅភូមិអណ្ដូង សង្កាត់គោករកា កាលពីជាង៧ឆ្នាំមុនបានសម្ដែងក្ដីកង្វល់ អំពីការបណ្ដេញចេញជាថ្មីទៀតបន្ទាប់អាជ្ញាធរសង្កាត់នេះ នៅតែបន្តចាត់ទុកពួកគាត់ជាជនអនាធិបតេយ្យរស់នៅលើដីរដ្ឋ។
អ្នកស្រី យ៉ង់ សោភ័ណ្ឌ អាយុ ៥៧ឆ្នាំ និងប្រជាពលរដ្ឋក្រីក្ររាប់រយគ្រួសារទៀតត្រូវបានបណ្ដេញចេញពីភូមិសំបុកចាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦ ដោយអាជ្ញាធររាជធានី ឲ្យមកកាន់តំបន់ដែលពួកគាត់កំពុងរស់នៅនាពេលបច្ចុប្បន្នបានថ្លែងថា អាជ្ញាធរទំនងជាមានផែនការបណ្ដេញពួកគាត់ឲ្យទៅរស់នៅតំបន់ផ្សេងទៀត។ អ្នកស្រីបន្តថា៖«យើងត្រូវបានគេជម្លៀសឲ្យមករស់នៅទីនេះជាង៧ឆ្នាំហើយ ប៉ុន្តែពួកយើងនៅតែមិនត្រូវបានគេផ្ដល់ប្លង់កម្មសិទ្ធដីធ្លីឲ្យទៀត ហើយអាជ្ញាធរក៏មិនបានធ្វើអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន និងសៀវភៅគ្រួសារឲ្យនោះដែរ»។
អតីតអ្នកភូមិសំបុកចាបម្នាក់ទៀត អ្នកស្រី មិត្ត នាង អាយុ៥១ ឆ្នាំ និយាយថា ជារឿយៗពួកគាត់ត្រូវបានអាជ្ញាធរជំទាស់ក្នុងការចូលរួមនៅក្នុងកិច្ចការងារផ្សេងៗ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ថ្មីៗនេះអាជ្ញាធរសង្កាត់គោករកា បានហាមឃាត់ពួកគាត់ជួសជុលផ្ទះដែលបាក់ទ្រុឌទ្រោម និងបានចោទប្រកាន់ពួកគាត់ថា ជាជនឱកាសនិយមចូលចាប់ដីរដ្ឋរស់នៅបែបអនាធិបតេយ្យ។ អ្នកស្រីនិយាយថា៖«យើងខ្ញុំពិតជាឈឺចាប់ណាស់នៅពេលដែលឮពាក្យនេះ»។ អ្នកស្រីបន្តថា៖«នេះជាពាក្យរើសអើងនឹងមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ»។
លោក ស្រី រតនៈ អាយុ៣០ឆ្នាំ និយាយថា ផ្ទះពួកគាត់ពុកបាក់សសរ និងរបារជញ្ជាំងមួយចំនួនដែលចាំបាច់ត្រូវធ្វើការជួសជុលប៉ុន្តែមិនមានលុយសម្រាប់ការទិញឈើមកជួសជុលនោះទេ ទើបពួកគាត់នាំគ្នាធ្វើលិខិតស្នើសុំ លោក អាប្រា ហាំ ដែលជាប្រធានអង្គការអភិវឌ្ឍន៍ប្រជាជនកម្ពុជា ជាអង្គការគ្រីស្ទានមួយ ដែលបានជួយសាងសង់ផ្ទះជូនពួកគាត់ កាលពី៦ឆ្នាំមុន ឲ្យជួយជួសជុល។
លោកថ្លែងថា៖«លោកអាប្រា ហាំ បានផ្ដល់នូវសម្ភារសំណង់ជូនពួកយើង ដែលរួមមានឈើ ឥដ្ឋ ស៊ីម៉ងត៍ និងក្រួសខ្សាច់មួយចំនួន ដើម្បីដំណើរការជួសជុល និងធ្វើបង្គន់អនាម័យ ប៉ុន្តែពេលពួកគាត់ចាប់ផ្ដើមធ្វើក៏ត្រូវបានអាជ្ញាធរសង្កាត់គោករកាជំទាស់ ដោយលើកឡើងថា ពួកគាត់ធ្វើការចាប់ដីសាងសង់ផ្ទះបែបអនាធិបតេយ្យនៅលើដីរដ្ឋទៅវិញ»។
លោកបន្តថា៖«យើងត្រូវបានជម្លៀសឲ្យមករស់នៅតំបន់នេះជាង៧ ឆ្នាំហើយប៉ុន្តែពួកយើងនៅតែគ្មានសិទ្ធិនិងមិនទទួលបានកម្មសិទ្ធិអ្វីទាំងអស់»។
ទោះជាបែបណាក្ដី លោកភី ណុប ចៅសង្កាត់គោករកា បានបដិសេធចំពោះការចោទថា អាជ្ញាធរមិនមានផែនការណាមួយបណ្ដេញអ្នកភូមិទាំងនោះទេ ហើយក៏មិនបានហាមឃាត់នោះដែរ គឺគ្រាន់តែណែនាំប្រាប់ពួកគាត់ឲ្យសង់ពីឈើកុំបាច់រៀបឥដ្ឋដែលនាំតែខាតបង់ថវិកាព្រោះតាមគម្រោងរបស់សាលារាជធានី ដែលសហការជាមួយអង្គការ People for Care and Learning នឹងបន្តសាងសង់អគារផ្ទះល្វែងតាមស្តង់ដារតែមួយនឹងរៀបចំតភ្ជាប់បណ្ដាញទឹកស្អាត អគ្គិសនី និងបន្ទប់អនាម័យជាស្រេច សម្រាប់ពួកគាត់ ទៅតាមដំណាក់កាលនីមួយៗ។
លោកថ្លែងថា៖«ខ្ញុំប្រាប់ពួកគាត់ពីបញ្ហានេះ ដោយបារម្ភខ្លាចពួកគាត់ខាតបង់ថវិកាច្រើន ព្រោះផ្ទះរបស់ពួកគាត់អាចនឹងត្រូវរុះរើចេញក្នុងពេលណាមួយដើម្បីសាងសង់ជាអគារថ្មតាមគំរូប្លង់របស់សាលារាជធានី គឺមិនឲ្យពួកគាត់សាងសង់តាមរបៀបអនាធិបតេយ្យនោះទេ»។
លោកបានឲ្យដឹងថា កាលពីមុនសាលារាជធានីបានសង់អគារផ្ទះល្វែងក្នុងស្តង់ដារខាងលើ បានជាច្រើនរយបន្ទប់ នឹងបានប្រគល់ជូនប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរលំនៅឋានមកកាន់ តំបន់នេះជាច្រើនរយគ្រួសារ ដោយតម្រូវឲ្យពលរដ្ឋបង់រំលស់ក្នុងរយៈពេលពី ៥ទៅ ១០ ឆ្នាំ តាមលទ្ធភាពដែលពួកគាត់អាចបង់ជូនបានក្នុងតម្លៃសរុប ១២០០ ដុល្លារ ប៉ុន្តែសម្រាប់គម្រោងថ្មីនេះ ទំនងជាតម្រូវឲ្យបង់ត្រឹមតែ៥០ភាគរយប៉ុណ្ណោះ៕