The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត CNRP និង​បក្ស​ ១ ​ទៀត​ប្រកាស​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ ខណៈ​បក្ស​កាន់អំណាច​ថា​ជា​ការ​ឈ្នានីស

អតីត CNRP និង​បក្ស​ ១ ​ទៀត​ប្រកាស​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ ខណៈ​បក្ស​កាន់អំណាច​ថា​ជា​ការ​ឈ្នានីស

Content image - Phnom Penh Post
ការរាប់​សន្លឹកឆ្នោត​កាលពី​ការបោះឆ្នោត​ឃុំ សង្កាត់ នា​ខែ​មិថុនា​ឆ្នាំ ២០១៧​។ ហុង មិនា

អតីត CNRP និង​បក្ស​ ១ ​ទៀត​ប្រកាស​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ ខណៈ​បក្ស​កាន់អំណាច​ថា​ជា​ការ​ឈ្នានីស

ភ្នំពេញៈ អតីត​គណបក្ស​ប្រឆាំង និង​គណបក្ស​មួយ​ទៀត​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រឆាំង​ដែរ​នោះ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​មិន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ទេ ដោយ​ចាត់ទុក​ជា​ «​ការបោះឆ្នោត​ក្លែងក្លាយ​» ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ និង​ជា​ការ​រៀបចំ​ដើម្បី​ប្រគល់​អំណាច​បន្ត​ឲ្យ​បក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​បក្ស​កាន់​អំណាច​អះអាង​ថា​ជា​ការ​ឈ្នានីស​ និង​លាប​ពណ៌​។

ការប្រកាស​របស់​បក្ស​នយោបាយ​ទាំង​ ២ ​គឺ​អតីត​បក្ស​សង្គ្រោះជាតិ​ដែល​ជា​គូប្រជែង​នយោបាយ​ដ៏ស័ក្តិសម​នឹង​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ និង​មួយ​ទៀត គឺ​គណបក្ស​អំណាច​ខ្មែរ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បង្ហាញ​ពី​គណបក្ស​នយោបាយ​ចំនួន​ ២០ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ឈ្មោះ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​។ ទោះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​គណបក្ស​ទាំងនោះ​មាន​គណបក្ស​តែ​ ៤ ​ប៉ុណ្ណោះ​ដែល​ គ.ជ.ប. ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​។ ដោយឡែក​គណបក្ស​ជាង ១០ ​ផ្សេង​ទៀត គ.ជ.ប. កំពុង​ពិនិត្យ​។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​បាន​ថ្កោលទោស​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ គ.ជ.ប ដោយ​អះអាង​ថា បាន​ដក​ជម្រើស​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាមរយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​អតីត​គណបក្ស​របស់​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អតីត​ប្រធាន​បក្ស​នេះ​លោក​ កឹម សុខា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ជិត​ព្រំដែន​កម្ពុជា-វៀតណាម ក៏​បាន​ព្យាករ​ទុក​ជា​មុន​ថា ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​ជា​ «​ការបោះឆ្នោត​ក្លែងក្លាយ​» ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ «​ការសម្លាប់​ប្រជាធិបតេយ្យ​» ​នៅ​កម្ពុជា​ជាដើម​។ ជាង​នេះ​ទៀត​អតីត​គណបក្ស​មួយ​នេះ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដោយ​បើក​ចំហ​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ទៅ​បោះឆ្នោត​។

សេចក្ដី​ថ្លែងការណ៍​មាន​ខ្លឹមសារ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​កុំ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​។ ការមិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ ហើយ​មិន​មាន​ទោស​កំហុស​អ្វី​នោះ​ទេ ព្រោះ​មិន​មាន​ច្បាប់​ណា​តម្រូវ ឬ​បង្ខំ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ទៅ​បោះឆ្នោត​ឡើយ​។ ការមិន​ទៅ​បោះឆ្នោត​គឺ​មាន​ន័យថា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដឹកនាំ​ប្រទេស ដើម្បី​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​»​។

អតីត​បក្សប្រឆាំង​ដែល​បាន​ឈ្នះ​កៅអី​តំណាងរាស្ត្រ​ ៥៥ ​ក្នុង​រដ្ឋសភា​កាលពី​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ ក៏​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ «​កុំ​ទទួល​ស្គាល់​លទ្ធផល​» ​នៃ​ការបោះឆ្នោត​ដោយ​អះអាង​ថា​ជា​ការបោះឆ្នោត​ «​មិន​ត្រឹមត្រូវ និង​មិន​ស្រប​ច្បាប់​» ​ដោយ​លើក​ពី​ស្មារតី​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ប្រទេស​ចំនួន ៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែ​មីនា​។

សេចក្ដី​ថ្លែងការណ៍​សង្កត់ធ្ងន់​ថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះជាតិ​ក៏​អំពាវនាវ​ដល់​ប្រទេស​ជប៉ុន បញ្ឈប់​ជំនួយ និង​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បាន​បាត់បង់​ឯករាជ្យភាព និង​សុក្រឹតភាព មិន​អាច​រៀបចំ​ការបោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ជឿជាក់​បាន​ឡើយ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​គណបក្ស​អំណាច​ខ្មែរ​ដែល​ស្ថាបនិក​គណបក្ស​នេះ​គឺ​លោក សួន សេរីរដ្ឋា កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ និង​ធ្លាប់​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​ដោយ​លើក​ហេតុផល​ពី​ស្ថានភាព​នយោបាយ​នោះ កាលពី​ម្សិលមិញ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​នឹង​ «​មិន​ទទួល​ស្គាល់​លទ្ធផល​» ​នៃ​ការបោះឆ្នោត​នាពេល​ខាង​មុខ​ផង​ដែរ​។ គណបក្ស​នេះ​បាន​ចាត់ទុក គ.ជ.ប. បច្ចុប្បន្ន​ថា​ «​គ្មាន​ភាព​ឯករាជ្យ អព្យាក្រឹត និង​ត្រឹមត្រូវ​»​។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​អំណាច​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ប្រធាន​ថ្មី​គឺ​លោក សួង សុភ័ណ្ឌ មាន​ខ្លឹមសារ​ថា​៖ «​គណបក្ស​អំណាច​ខ្មែរ មិន​ចូលរួម​ដាច់​ខាត​ចំពោះ​ការរៀបចំ​បោះឆ្នោត​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ការរៀបចំ​បោះឆ្នោត​ប្រគល់​អំណាច​បន្ត​ឲ្យ​ភាគី​គណបក្ស​ប្រជាជន​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លាប់​ទៅ​ហើយ​នៅ​តែ​មិន​ទទួល​ស្គាល់​ការពិត ហើយ​ពួកគេ​គ្មាន​សិទ្ធិ​អ្វី​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​នាពេល​ខាង​មុខ​នោះ​ដែរ​។

លោក​ថ្លែង​ថា​៖ «​តាំងពី​គាត់​នៅ​រស់ ធ្វើ​សកម្មភាព​នយោបាយ​មក គាត់​មិន​ដែល​ទទួលខុស​ត្រូវ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ឯណា គាត់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹង​ការស្រែក​ឈ្នះៗ​រហូត​ដល់​ពេល​ចាញ់​ទៅ​ឡាំប៉ា​ទាត់​ចោល​លទ្ធផល​ឆ្នោត​គ្រប់​អាណត្តិ ប៉ុន្តែ​ឥឡូវ​គាត់​ស្លាប់​ទៅ​ហើយ​នៅ​តែ​ខ្លួនឯង​ខ្លាំង​ទៀត​។ ខ្លួនឯង​ស្លាប់​បាត់​ទៅ​ហើយ​គ្មាន​សិទ្ធិ​នយោបាយ គ្មាន​សិទ្ធិ​ពលរដ្ឋ​អី​មក​ឈរ​ប្រកួតប្រជែង​ជាមួយ​គេ ទៅ​ច្រណែន​គេ អ៊ីចឹង​មក​វ៉ៃ​ប្រហារ ធ្វើ​ខ្លួនឯង​គ្រាន់​បើ​។ បើ​អត់​ពី​ខ្លួនឯង​ទៅ​គេ​ធ្វើ​មិន​កើត​ ឬ​?»​។

លោក​បន្ត​ថា​៖ «​លទ្ធិ​ប្រជាធិបតេយ្យ​នៅតែ​មាន​ការរីកចម្រើន​នៅ​តែ​មាន​សុពលភាព នៅ​តែ​មាន​និរន្តរភាព​។ គណបក្ស​នយោបាយ​ទូទៅ​ដែល​គេ​មិន​ល្មើសច្បាប់ គេ​នៅ​តែ​ធ្វើ​សកម្មភាព​ដោយ​សេរី​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ អ៊ីចឹង​ការនិយាយ​របស់​អតីត​គណបក្ស​ប្រឆាំង ខ្ញុំ​យល់​ថា​វា​គ្រាន់​តែ​ជា​ការ​ច្រណែន​ឈ្នានីស ហើយ​យក​វប្បធម៌​លាប​ពណ៌​ដែល​គាត់​តែង​អនុវត្ត​កន្លង​ទៅ​មក​ពូន​ផ្សំ​នៅ​ពេល​នេះ​តែ​ប៉ុណ្ណោះ​»​។

លោក​ថា​បើ​ទោះបី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខិតខំ​ធ្វើការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ឬ​ប្រទេស​ជប៉ុន កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ឬ​បញ្ឈប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ​។ លោក​បន្ថែម​ថា​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ​។

លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស អំណាច​ខ្មែរ និង​ចាត់ទុក​ការធ្វើ​អត្ថាធិប្បាយ​របស់​ពួកគេ​គឺជា​ចេតនា​ «​បំផ្លិច​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​» ​នៅ​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ទាំង​​ ២ ​គឺជា​សេចក្ដី​ថ្លែងការណ៍​ដើម្បី​បំផ្លិច​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង ការបោះឆ្នោត​នៅ​កម្ពុជា​។ គ.ជ.ប មិន​អាច​ទទួល​យក​បាន​ទេ​»​។

លោក​ថា គ.ជ.ប. កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​ទាំងនោះ​ថា តើ​មាន​ការ​បំពាន​ចំពោះ​ច្បាប់​ឬ​យ៉ាង​ណា ប៉ុន្តែ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា [​ការអំពាវនាវ​របស់​ពួកគេ​] មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ចរន្ត​សង្គម​កំពុង​តែ​ដើរ​ទៅ​ស្របច្បាប់ ហើយ​ប្រជាពលរដ្ឋ​កំពុង​ត្រៀម​ទៅ​បោះឆ្នោត​ហើយ​គណបក្ស​នយោបាយ​ក៏​បាន​ចុះបញ្ជី និង​បាន​ដាក់​បេក្ខជន​ព្រោងព្រាត​ហើយ​ដែរ​។ អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មាន​ហើយ ដូច្នេះ​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ ហើយ​ឥទ្ធិពល​នៃ​ការឃោសនា​រារាំង មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​មិន​មាន​ឥទ្ធិពល​សម្រាប់​សង្គម​កម្ពុជា​នោះ​ទេ​»​។

លោក​ Phil Robertson នាយករង​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​នៅ​តំបន់​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​និម្មិតកម្ម​ដែល​មើល​ទៅ​សាមញ្ញ តែ​តាមពិត​សាំញ៉ាំ​របស់​រដ្ឋាភិបាល​ដែល​ថា​ឲ្យ​តែ​មាន​គណបក្ស​ច្រើន​គឺ​មាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​។ គ្រប់​គ្នា​ដឹង​ថា ការទិញ​ការគាំទ្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ងាយស្រួល​ទិញ​ប៉ុណ្ណា​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជំនាញ​ធ្វើ​បែប​នេះ​យូរ​មក​ហើយ​។ ហ៊ុន សែន ​យល់​ថា​ប្រសិន​ជា​និម្មិត​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ត្រូវ​ព័ទ្ធ​ជុំវិញ​ដោយ​និម្មិត​សញ្ញា​គណបក្ស​ជាច្រើន​ទៀត​នៅ​លើ​សន្លឹកឆ្នោត​មាន​ន័យ​ថា គាត់​បាន​ពង្រីក​លទ្ធិប្រជាធិបតេយ្យ ខណៈ​ដែល​លោក​បាន​អនុវត្ត​ផ្ទុយ​ស្រឡះ​នៅពេល​ដែល​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អយុត្តិធម៌​»​។

លោក​បន្ត​ថា​៖ «​បញ្ហា​ស្តីពី​ការឧបត្ថម្ភ​របស់​ជប៉ុន​នៅ​ក្នុង​ការបោះឆ្នោត​ដែល​គ្មាន​សោះ​នូវ​ក្តីសង្ឃឹម​នេះ​គឺ​ថា​រដ្ឋាភិបាល​តូក្យូ​សុខចិត្ត​បូជា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ដើម្បី​ឈ្នះ​សមរភូមិ​ស្រដៀង​នឹង​សង្គ្រាម​ត្រជាក់​ទៅលើ​ប្រទេស​ចិន​ដើម្បី​ដណ្តើម​ឥទ្ធិពល​ក្នុង​តំបន់​។ គោលនយោបាយ​ការបរទេស​របស់​ជប៉ុន​កំពុង​តែ​ត្រូវ​បាន​គំរាមកំហែង​សេចក្តី​ភ្លើតភ្លើន​របស់​ប្រទេស​ចិន ដែល​ក្បត់​ការយក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​សិទ្ធិ​មនុស្ស​ និង​គោលនយោបាយ​ការបរទេស​ប្រកប​ដោយ​សីលធម៌​។ ក្រុម​ការិយាល័យ​និយម​នៅ​ក្រសួង​ការបរទេស​ជប៉ុន គួរ​តែ​ពិចារណា​ឡើង​វិញ ហើយ​ញែក​ឲ្យ​ដាច់​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​ជា​ជាង​យក​គំរូ​មិន​ល្អ​តាម​ការ​ជះ​លុយ​លើ​រដ្ឋាភិបាល​ផ្តាច់ការ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។