ភ្នំពេញៈ អតីត​គណ​បក្សសង្គ្រោះ​ជាតិ​ចេញ​សេច​ក្ដី​ថ្លែងការណ៍​​ប្រាប់​ឲ្យ​រដ្ឋា​ភិបាល​បើក​លំហ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ ​ដើម្បី​សង្គ្រោះ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​​ EBA។ ​ប៉ុន្តែ​អ្ន​ក នាំពាក្យ​រដ្ឋាភិ​បាល​ថា​ មិន​ចាប់​អារម្មណ៍​លើ​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​ទេ​ ។​

​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលា​ការ​កំពូល​រំលាយ​ បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បង្ហាញ​ការ​គាំទ្រ​ជំហរ​របស់​សហ​ភាព​អឺរ៉ុប​ ​ដូច​ដែល​លោក​ស្រី ​Federica Mogherini​ អនុ​ប្រធាន​សហ​ភាព​អឺរ៉ុប​បាន​បញ្ជាក់​សា​ជា​ថ្មី ។ ​ការ​បញ្ជាក់​ជំហរ​របស់​លោកស្រី ​Federica Mogherini ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស ​ថៃ​ កាល​ពី​ដើម​ខែ​នេះ ​នៅ​ពេល​លោក​ស្រីបាន​ជួប​ជា​មួយ​លោក​ ​ប្រាក់​ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ។​

​​សេច​ក្តី​ថ្លែង​ការណ៍​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា៖​ ​«​ការ​គាបសង្កត់​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ​ ព្រម​ទាំង​ការចាប់​ និង​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​ និង​ការ​តាម​ដាន​​ឃ្លាំ​មើល​យ៉ាង​តឹង​រ៉ឹង ចំពោះ​គណនី​ក្នុងបណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​ដែល​មាន​និន្នា​ការ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញបាន ​និង​កំពុង​បង្ក​ឲ្យ​មាន​បរិយា​កាស​កាន់​តែ​ភ័យ​ខ្លាច​ក្នុង​ចំណោម​យុវជន​និង​សង្គម​ស៊ីវិល​» ​។​

​​សេច​ក្ដី​ថ្លែង​ការណ៍​​បន្ត​ថា​ ​មាន​ការ​រាយ​ការណ៍​អំពី​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ប៉ូលិស ​និង​អាវុធ​ហត្ថ​ក្នុង​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ ហើយ​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការប្រមូល​ផ្ដុំ​គ្នា​ជា​សាធារ​ណៈ​តាម​គ្រប់​រូប​ភាព។ «នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​របប​លោក​ ហ៊ុន​ សែន ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​ដែល​តម្រូវ​ដោយ​សហ​ភា​ព​អឺរ៉ុប​ ​ដើម្បី​បន្ត​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA»។​

CNRP​ ក៏​បាន​ថ្កោល​ទោស​ព័ត៌មាន​ដែល​ថា​សមា​ជិក​សភា​អឺរ៉ុប​ ៦ ​នាក់​ ត្រូវបាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​មិន​ផ្ដល់​ទិដ្ឋាការ​ ដោយ​សារ​តែ​ពួក​គេ​ប្រកាស​អម​ដំណើរ​លោក​ សម​ រង្ស៊ី​ ត្រឡប់​មក​វិញ​ ទោះ​បី​មន្ត្រី​រដ្ឋាភិ​បាល​​ធ្លាប់​បាន​​បដិសេធ​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នេះ។​ ​

សេច​ក្តី​​ថ្លែង​ការ​ណ៍រ​បស់ ​CNRP​ បាន​បញ្ចប់​ដោយ​ការសរសេរ​ថា៖ ​«​គណ​បក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​អំពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​រួប​​​រួម​គ្នា​ជុំ​វិញ​គុណ​តម្លៃ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

លោក​ស្រី ​មូរ​ សុខ​ហួរ ​បាន​ថ្លែង​ពី​ម្សិ​មិញ​ថា ​លិខិត​ដែល​ចេញ​ផ្សាយ​នេះ​ ជា​លិខិត​ពិត​របស់ CNRP​។​​ ​ប៉ុន្តែ​លោក ​ផៃ​ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​បាន​ថ្លែង​ថា ​លោក​មិន​ចាប់​អារម្មណ៍​លើ​សេចក្តី​ថ្លែង​ការណ៍​នេះ​ទេ។​ ​

លោក​ថ្លែង​ដូច្នេះ​ថា៖​ ​«យើង​មិន​ចាប់​អារម្មណ៍​លើ​គណ​បក្ស​ដែល​ត្រូវ​បាន​រំលាយ​ ហើយ​ក្លាយ​ជា​ក្រុម​ឧទ្ទាម​ទេ។​ វា​មិន​មាន​តម្លៃ​អ្វី​ដែល​យើង​គួរ​មើល​វា​ ហើយ​ទៅ​ចាប់​អារម្មណ៍​វា​ទេ។ ​គណ​បក្ស​នោះ​បាន​ក្លាយ​ជា​បក្ស​ខ្មោច​ទៅ​ហើយ» ​។​

​​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នៃ​សមាជិក​សហ​ភាព​អឺរ៉ុប ​៦ ​រូប អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន ​បាន​ថ្លែង​ថា ​មាន​តែ​ជន​បរទេស​ដែល​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ហាមមិន​ឲ្យ​ចូល​កម្ពុជា ​តាម​រយៈ​ការ​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ពួក​គេ ។​

​លោក ​គិន​ ភា ​អគ្គ​នាយក​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា ​សេច​ក្ដី​ថ្លែងការណ៍​របស់​ CNRP​ ពាក់​ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សេរីភាព​ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​ទេ។​ លោក​ថា​ វា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​រដ្ឋាភិ​បាល​មិន​គួរ​ចាប់​អាម្មណ៍​លើ​សេចក្ដី​ថ្លែង​ការណ៍​នេះ ​ពី​ព្រោះ​វា​គ្រាន់​តែ​ជា​សេចក្ដីថ្លែង​ការណ៍​ដើម្បី​ទាក់​ទាញ​ការចាប់​អារម្មណ៍​ប៉ុណ្ណោះ។​

​លោក​និយាយ​ថា៖​ ​«​ពួក​គេ​ចង់​ឃើញ​ EBA​ ត្រូវ​បាន​ដក​ពី​កម្ពុជា​ ដូច្នេះ​ពួក​គេ​ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជាបាត់​បង់​ EBA​ ហើយ​ជា​លទ្ធផល​អ្វី​ដែល​គេបាន​មក​វិញ ​គឺ​​កម្មករ​បាត់​បង់​ការងារ​ ហើយ​សេដ្ឋ​កិច្ច​កម្ពុជា​ធ្លាក់​ចុះ ។ ​បន្ទាប់​មក​ពួក​គេ​នឹង​លើក​ឡើង​ថា អ្វី​គ្រប់យ៉ាង​គឺ​ដោយ​សារ​តែ​ការ​រឹត​ត្បិត​របស់​រដ្ឋាភិ​បាល​លើ​លម្ហនយោ​បាយ ​និង​លម្ហ​របស់​សង្គម​ស៊ីវិល​»​​ ។​ ​

លោក​ ឡៅ ​ម៉ុង​ហៃ ​អ្នក​វិភាគ​នយោ​បាយ​ថ្លែង​ថា ការ​អំពាវ​នាវ​របស់​ CNRP​ ដែល​មាន​ន័យ​សម​ហេតុ​ផល​នោះ​ ស្ទើរ​តែ​គ្មាន​អ្វី​ទាល់​តែ​សោះ ​«​គឺ​ត្រឹម​តែ​ជា​​សម្រែក​មួយ​​នៅ​ក្នុង​វាល​រហោ​ឋាន​»​ ប៉ុណ្ណោះ​ ៕​