
ក្មេងៗ កំពុងលោតទឹកលេង នៅស្រុកពារាំង ខេត្តព្រៃវែង។ ស្រេង ម៉េងស្រ៊ុន
សៀមរាបៈ អត្រាស្លាប់របស់កុមារក្រោមអាយុ ៥ ឆ្នាំនិងទារកដែលទើបនឹងកើតនៅក្នុងប្រទេស កម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែបើធៀបទៅនឹងអត្រាស្លាប់របស់កុមារដែលមានវ័យដូចគ្នានេះ រួមទាំងទារកដែលទើបនឹងកើត នៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ នៅតែស្ថិតក្នុងលំដាប់ខ្ពស់ជាងគេដដែល។ នេះបើយោងប្រសាសន៍របស់លោក Kumanan Rasanathan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។
លោក Kumananបានអះអាងនៅក្នុងការចូលរួមធ្វើបទបង្ហាញមួយនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ ដែលមានរយៈពេល ២ ថ្ងៃ (១៨-១៩ ខែធ្នូ ឆ្នាំ ២០១៨) ស្ដីពី ការត្រួតពិនិត្យឡើងវិញ អំពីសុខភាពរបស់កុមារ និងវឌ្ឍនភាពនៃការអនុវត្តការថែទាំជាសារវន្ត ទារកទើបនឹងកើត នៅប្រទេស កម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្រុងខេត្តសៀមរាប។
លោក Kumanan បានគូសបញ្ជាក់ប្រាប់ដល់អង្គសិក្ខាសាលាថា នៅក្នុងឆ្នាំ ២០១៧ អាត្រាស្លាប់របស់កុមារក្រោមអាយុ ៥ ឆ្នាំ និងអត្រាស្លាប់របស់ទារកនៅក្នុងប្រទេស កម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់ក្នុងនោះអត្រាស្លាប់របស់កុមារក្រោមអាយុ ៥ ឆ្នាំ បានធ្លាក់ចុះមកនៅត្រឹម ២៩ នាក់ ក្នុងចំណោមទារកកើតរស់ក្រោមអាយុ ៥ ឆ្នាំ ១០០០ នាក់ ខណៈកាលពីឆ្នាំ២០១៦ មានចំនួនរហូតដល់ ៣១ នាក់។ ចំណែកអត្រាស្លាប់របស់ទារក ដែលទើបនឹងកើតបានធ្លាក់ចុះមកនៅត្រឹម ១៥ នាក់ ក្នុងចំណោមទារកកើតរស់ ១០០០ នាក់ក្នុងឆ្នាំ ២០១៧។
លោកបានបន្តថា តាមរយៈរបាយការណ៍នេះវិស័យសុខាភិបាលនៃប្រទេស កម្ពុជា ត្រូវបានគេជឿថា កំពុងមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការគាំពារសុខុមាលភាពរបស់មាតា និង ទារក រួមទាំងកុមារក្រោមអាយុ ៥ ឆ្នាំ។
ទន្ទឹមនឹងនេះ គេជឿថា កម្ពុជាអាចបោះជំហានទៅរកភាពជោគជ័យ ស្របតាមគោលដៅនៅក្នុងផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអាត្រាស្លាប់របស់មាតានិងទារក និងផែនការសកម្មភាពរយៈពេល ៥ ឆ្នាំសម្រាប់ការថែទាំទារក ដែលបានកំណត់អត្រាស្លាប់របស់ទារកឲ្យថយចុះមកត្រឹម ១៤ នាក់ក្នុងចំណោមទារកកើតរស់ ១០០០ នាក់ នៅក្នុងឆ្នាំ ២០២០៕