ភ្នំពេញ៖ ​ការ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ ដែល​ជា​បទ​បញ្ជា​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ការ​ចម្លង​ជំងឺ​កូវីដ ​១៩ ​កាល​ពី​សប្ដាហ៍​មុន​ ក៏​បាន​​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​ និង​របួស​ ដែល​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

លោក​ ​ថៃ​ វិសាល​ អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ចុង​សប្ដាហ៍​មុន​​ថា ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ចាប់​ពី​ថ្ងៃទី ​១២ ​ដល់​ថ្ងៃទី ​១៦​ មេសា ​គឺ​បាន​ធ្វើ​ឱ្យ​​មនុស្ស​ស្លាប់​​ចំនួន ​២០ ​នាក់​ និង​របួស​ចំនួន ​១២០ ​នាក់ បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​ដែល​ពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​ហាម​ឃាត់​នោះ​ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​​ស្លាប់ ​៥៩ ​នាក់​ និង​របួស​ធ្ងន់​ស្រាល​ចំនួន ​២៣៨ ​នាក់​។​

លោក​ វិសាល​ បាន​​ថ្លែង​ថា​៖ ​«​បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​នេះ​ទៅ​ឆ្នាំ​មុន​ គឺ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ​៥៥ ​លើក ​លើ ​១៣៤ ​លើក​ ​គឺ​ថយចុះ ​៧៤ ​លើក ​ស្មើនឹង ​៥៩​%​។​ ស្លាប់​មាន​ចំនួន ​២០ ​នាក់​លើ ​៥៩ នាក់​ គឺ​ថយ​ចុះ ​៣៩ ​នាក់​ ស្មើ​នឹង ​៦៦​%​។​ ចំណែក​​របួស ​គឺ​មាន​ចំនួន ​១០២ ​នាក់​លើ ​២៣៨ ​នាក់ ​គឺ​ថយ​ចុះ ​១៣៦ ​នាក់​ ស្មើ​នឹង ​៥៧​%​»​។​

លោក​ វិសាល​ បាន​ឲ្យ​ដឹង​ទៀត​​ថា ​មូលហេតុ​ធំៗ​ចំនួន ​៣ ​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​បើកបរ​ល្មើស​ល្បឿន​កំណត់​ចំនួន ​២៥​% ​ការ​បើកបរ​មិន​ប្រកាន់​ស្ដាំ​ចំនួន ​២៤​% ​និង​ការ​បើក​បរ​មិន​គោរព​សិទ្ធិ​អាទិភាព​​ចំនួន ​១៨​%​។​ ​ ​

ការ​ថយ​ចុះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ ដោយសារ​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ និង​បាន​ចេញ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត ​១ ​ទៅ​ខេត្ត​មួយ​ ដើម្បី​រារាំង​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ​ក្នុង​គោល​បំណង​ទប់ស្កាត់​កុំ​ឱ្យ​មាន​ករណី​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នៅ​តាម​សហគមន៍​ ខណៈ​ជំងឺ​នេះ​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ក្នុង​ពិភព​លោក​។​

លោក ​ហ៊ឹម​ ​យ៉ាន​ អគ្គស្នងការ​រង ​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា ​មិន​ទាន់​អាច​បញ្ជាក់​បន្ថែម​ជុំវិញ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​បាន​ទេ​។​

លោក​ ​ចាន់​ ​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លួវ​គោក​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។​​

លោក ​គង់​ រតនៈ​ ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា ​ការ​ដាក់​បទ​បញ្ជា​មិន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​ទៅ​ខេត្ត​ ការ​ដាក់​កម្លាំង​នគរបាល​ពង្រាយ​នៅ​តាម​​ព្រំ​ប្រទល់​រវាង​ខេត្ត ​និង​ខេត្ត​ ​និង​ការ​បន្ថែម​ផាក​ពិន័យ​លើ​អ្នក​បើក​ល្មើស​ច្បាប់​ចរាចរណ៍ ​គឺ​បាន​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ច្រើន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​។​​​

លោក​ រតនៈ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ វិទ្យាស្ថាន​នៅ​តែ​​បន្ត​អំពាវនាវ​ឱ្យ​កង​កម្លាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​ប្រសិន​បើ​ឃើញ​មាន​កង​កម្លាំង​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​នៅ​តាម​ដង​ផ្លូវ​ ​នាំ​ឲ្យ​ពល​រដ្ឋ​​គោរព​ច្បាប់​បាន​ល្អ​ប្រ​សើរ​។​ ​

លោក​ រតនៈ ​ថ្លែង​ថា​៖​ «​(ខ្ញុំ)​ សំណូមពរ​ទៅ​ដល់​សមត្ថកិច្ច​ ​ជា​ពិសេស​អ្នក​រឹត​បន្តឹង​ច្បាប់​ហ្នឹង សូម​បន្ត​ឱ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ ​ដើម្បី​រឹត​បន្តឹង​ច្បាប់​ឱ្យ​បាន​ជាប់​លាប់​ ព្រោះ​ការ​សិក្សា​កន្លង​មក​បង្ហាញ​ថា​ ពលរដ្ឋ​គោរព​ច្បាប់ ​គឺ​ដោយសារ​ឃើញ​សមត្ថកិច្ច​ឈរ​នៅ​ចាំ​ពង្រឹង​នៅ​ហ្នឹង​ ហើយ​ប្រសិន​បើ​គ្មាន​សមត្ថកិច្ច​នៅ​ចាំ​ពង្រឹង​នៅ​ហ្នឹង​ គឺ​ឥរិយាបថ​របស់​ពលរដ្ឋ​មិន​ចង់​គោរព​ច្បាប់​ ឬ​គាត់​ព្យាយាម​រំលោភ​ច្បាប់ ​ឧទាហរណ៍​ ​ដូច​ជា​ការ​គោរព​ភ្លើង​ស្ដុប​ជា​ដើម​»​។​ ​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ក៏​បាន​អំពាវនាវ​​ឱ្យ​ពលរដ្ឋ​ត្រូវ​បើកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ ​ដោយសារ​ពលរដ្ឋ​អាច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ច្រើន​នៅ​តាម​ដង​ផ្លូវ​ឡើង​វិញ​​។ ​​ថ្ងៃទី​​ ១៥ អាច​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​តាម​ដង​ផ្លូវ​ ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​អ្នក​បើក​តាក់ស៊ី​ និង​ឡាន​ដឹក​ទំនិញ​ ត្រូវ​​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា​៕