ភ្នំពេញៈ មន្ត្រីនៃក្រសួង សុខាភិបាលបានឲ្យដឹងថា អត្រានៃអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៣ នេះ មានការថយចុះច្រើនគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក វេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ នៃក្រសួង សុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ គ្រុនឈាម នៅកម្ពុជាក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៣ នេះមានចំនួន ៤៥ នាក់គឺថយចុះ ៧១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១២ ដែលមានអ្នកស្លាប់ចំនួន ១៥៧ នាក់។ លោកបានថ្លែងថា៖ «ចំពោះចំនួនករណីអ្នកជំងឺក្នុងរយៈពេលនេះដែរមានចំនួន ១៥១៩៣ នាក់ គឺមានការថយចុះ ៥៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១២ ដែលមានអ្នកជំងឺចំនួន ៣៦៩ ៥៨ នាក់»។
លោក បានឲ្យដឹងទៀតថា ខេត្តដែលមានអត្រាអ្នកឈឺខ្ពស់គឺភាគច្រើនខេត្តដែលនៅជាប់ឬជិតព្រំដែនថៃ។ ទោះបីជាយ៉ាងណាក៏យើងនៅតែត្រូវបន្តប្រុងប្រយ័ត្នជានិច្ចទោះជាគ្មានផ្ទុះសញ្ញារាតត្បាតទូទាំងប្រទេសក៏ដោយព្រោះយើងកំពុងប្រឈមនឹងកត្តាពីរគឺប្រទេសកំពុងជួបប្រទះនឹងគ្រោះ ទឹកជំនន់ និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថានភាពគ្រុនឈាមឆ្នាំនេះមានសភាពអាក្រក់ជាងឆ្នាំមុនៗយ៉ាងច្រើនគួរឲ្យបារម្ភ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង សុខាភិបាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវសម្រាន្តក្នុងមុង។ លោកថ្លែងថា៖ «គ្រោះទឹកជំនន់អាចបន្សល់ទុកហានិភ័យដែលបង្កឡើងពីសត្វមូស»៕