ភ្នំពេញៈ លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ត្រូវបានអតីតចៅសង្កាត់ពន្សាំងអ្នកស្រី ឌី សារៀម និងស្វាមីដាក់ពាក្យប្ដឹងដោយចោទលោកថាបាននាំបក្ខពួកប្រើហិង្សាលើពួកគាត់ជាប្ដីប្រពន្ធបណ្ដាលឱ្យរងរបួសលើផ្ទៃមុខ ដងខ្លួន និងក្បាលពាក់ព័ន្ធនឹងរឿងបែងចែកលុយលក់ដី និងកម្រៃ ជើងសាមិនត្រូវគ្នា។
តាមពាក្យបណ្ដឹងរបស់លោក សេត សឹម ជាប្តី និងអ្នកស្រី ឌីសារៀម អតីតចៅសង្កាត់ពន្សាំងជាប្រពន្ធចុះថ្ងៃទី ១៦ ខែមិថុនាបានបង្ហាញថា សុំប្តឹងឈ្មោះ អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ ឆ្នាំមុខរបរជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ថាបានវាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួនរងរបួសហើម។
ពាក្យបណ្តឹងបានបញ្ជាក់ថានៅមុនពេលកើតហេតុម៉ោងប្រមាណជាង ១០ ព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ ប្ដីប្រពន្ធដែលជាដើមបណ្ដឹងបាននាំគ្នាទៅសាលាសង្កាត់ពន្សាំងដើម្បីដោះស្រាយជាមួយឈ្មោះ យី សុខជា ពាក់ព័ន្ធរឿងលុយកម្រៃជើងសាទិញលក់ដីធ្លីរបស់ពួកគាត់។
ខណៈជនរងគ្រោះ និងឈ្មោះ សុខជា កំពុងដោះស្រាយគ្នាស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់ ឈ្មោះ យី សុខជា ដែលមិនជាប់ពាក់ព័ន្ធនៅក្នុងរឿងនោះសោះបានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែងជនរងគ្រោះទើបជនរងគ្រោះយកទូរស័ព្ទថតរូបក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តង។
ពាក់ព័ន្ធនឹងរឿងលុយកម្រៃជើងសានេះលោក សេត សឹម និងអ្នកស្រី ឌី សារៀម បានអះអាងថាពួកគាត់បានលក់ដីមួយកន្លែងដោយគ្មានឈ្មោះ យី សុខជា ជាអ្នកគួកជេទេ ហើយពួកគាត់ក៏បានកាត់ ៣ ភាគរយនៃថ្លៃដីឲ្យក្រុមអ្នកនាំម៉ូយមកទិញដីពួកគាត់រួចហើយដែរ បន្ទាប់មកស្រាប់តែលេចមុខ ឈ្មោះ យី សុខជា និងបក្ខពួកឈ្មោះ អ៊ូ ពៅ ទៅទាមទារលុយ ៣ ភាគរយទៀត និងបានគំរាមពួកគាត់ដល់ផ្ទះរហូតតាមវាយពួកគាត់នៅមុខអាជ្ញាធរមានសមត្ថកិច្ចទៀតផង។
អ្នកស្រីថា៖ «ពេលប្រើហិង្សាមកលើរូបខ្ញុំ ២ នាក់ប្ដីប្រពន្ធរួច លោកអធិការរងហ្នឹងបានបោះពាក្យសម្ដីថាទៅប្ដឹងដល់ណាប្ដឹងទៅគាត់អត់ខ្លាចទេ ។ គាត់ជាប្រុស ហើយមន្ត្រីមានអំណាចទៀតមកវាយខ្ញុំទាំងកំរោលបែបនេះ ខ្ញុំសូមឲ្យអាជ្ញាធរជួយរកយុត្តិធម៌ឲ្យខ្ញុំផង»។
លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករាទទួលបន្ទុកអន្ដោប្រវេសន៍រហស្សនាម ០៦ និងអ្នកជាប់ពាក់ព័ន្ធកាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេ។ ចំណែកលោក នេត ស៊ីថុន អធិការខណ្ឌ៧មករាក៏មិនអាចសុំការបញ្ជាក់ពាក់ព័ន្ធករណីលោក អ៊ូ ពៅ គំរាមកំហែង និងប្រើហិង្សាលើពលរដ្ឋនេះដែរ៕