កំពង់ស្ពឺៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ផ្អាក​ការងារ​ ជា​បណ្តោះអាសន្ន​ លោក​អនុសេនីយ៍​ឯក អុឹង ឡាយ​ឆាយ អធិការ​រង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោសពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​និង​មាស​ដែល​ត្រូវ​បាន​រឹប​អូស​ នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​កន្លង​មក​។

បើ​យោងតាម​​សេ​ចក្តី​សម្រេច របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃទី ១៩ ខែ កក្កដា ២០១៩ បាន​សម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ ចំពោះ​លោក​អនុសេនីយ៍ឯក​ អឹុង ឡាយ​ឆាយ អធិការ​​រង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ចោទ​ប្រកា​ន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស រំលោភ​លើ​លំនៅឋាន​មាន​ស្ថាន​ទម្ងន់ទោស ចាប់​ឃុំ​ឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​ មាន​ស្ថាន​ទម្ងន់​ទោស និង​គំរាម​កំហែង។

កាលពី​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១ រំលង​អ្រធាត្រ កម្លាំង​គណៈ​​​បញ្ជាការ​ឯកភាព​ខេត្ត ស្រុក ដែល​ក្នុងនោះ​ មាន​លោក​អនុសេនីយ៍ឯក ​អឹុង ឡាយ​ឆាយ ផង​ដែរ​​បាន​ចូលរួម​បង្ក្រាបក្លិប​កម្សា​ន្ត ​«គិរី​រម្យ» ស្ថិតនៅ​ភូមិ ៤ ក្នុង​ឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​នៅ​ថ្ងៃទី ១ មេសា ឆ្នាំ ២០១៩ ឈ្មោះ​ទិ​ត្យ ស៊ី​ណាត​ ម្ចាស់​ក្លិប​កម្សាន្ត​គិរី​រម្យ​ បានដាក់​ពាក្យ​បណ្តឹ​​ង​ទៅកាន់​ក្រសួងមហាផ្ទៃ​ ប្តឹង​លោក អឹុង ឡាយ​ឆាយ​ថា​ បាន​រំលោភ​លើ​លំនៅឋាន​មាន​ស្ថាន​ទម្ងន់ទោស ចាប់​ឃុំ​ឃាំ​ង​​និង​បង្ខាំ​ង​ដោយ​ខុសច្បាប់​ មាន​ស្ថាន​ទម្ង​ន់​ទោស និង​គំរាម​កំហែង​ទៅលើ ប្តី​របស់​អ្នក​ស្រី​កាល​ពី​ខែ​មីនា​ ឆ្នាំ ២០១៩។

សេចក្តី​សម្រេច​នោះ បាន​បញ្ជាក់​ដូច្នេះ​ថា៖ ​«ត្រូវបាន​ផ្អាក​ការងារ បណ្តោះ​អាស​ន្ត​ ចំពោះ​អនុសេនីយ៍ឯក អឹុង ឡាយ​ឆាយ មូល​ហេតុ៖សាមីខ្លួន ត្រូវ​បានប្រជាពលរដ្ឋ​ចោទប្រកាន់​ពី​ប​ទ លួចមាន​ស្ថាន​ទម្ងន់​​ទោស​រំលោភ​លើ​លំនៅឋាន​មាន​ស្ថាន​ទម្ង​ន់​​​ទោស​ ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់​ មាន​ស្ថាន​ទម្ងន់​ទោស​ និង​បទ​គំរាម​កំហែង»។

សេចក្តី​សម្រេច​បាន​បញ្ជា​ឲ្យ​លោក​អនុសេនី​យ៍​ឯក អឹុង ឡាយ​ឆាយ ត្រូវ​មក​បង្ហាញ​ខ្លួន​រៀងរាល់​ម៉ោង​ការងារ​នៅ​ការិយា​ល័យ បុគ្គលិក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ។

លោក សាយ ប៊ុនថន​ អធិការ​ស្រុក​ភ្នំស្រួច​បាន​ថ្លែង​ថា លោក អឹុង ឡាយឆាយ​ បាន​នឹង​កំពុងស្ថិត នៅក្រោម​ការត្រួតពិនិត្យ​និង​ស៊ើប​អង្កេត​ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ហើយ​ការផ្អាក​នេះ​ គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​ពាក្យ​បណ្តឹង​របស់ឈ្មោះ​ ទិ​ត្យ ស៊ី​ណាត​ ​ដែល​ត្រូវ​​ជា​ម្ចាស់​ក្លិប​កម្សាន្ត​ «គិរី​រម្យ»។ លោក​ ប៊ុន​ថន មានការ​សោក​ស្តាយ នៅ​ពេល​មន្ត្រី​របស់លោក​​ត្រូវបាន​ផ្អាកការងារ​ជា​បណ្តោះ​អាសន្ន។

លោក​បញ្ជាក់ថា៖ «រឿងនេះ ​វា​ពាក់ព័ន្ធ​ទៅនឹង​ការដែល​យើ​ង​ចុះទៅ​បង្ក្រាបការ​ជួញ​ដូរ​គ្រឿង​​ញៀន​ហើយ​ការផ្អាកនេះ​ពាក់​​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋឥឡូវ​គេ​កំពុង​ស្រាវ​ជ្រាវ»។

ក៏ប៉ុន្តែ​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរ​​បាល​ជាតិបាន​បដិសេធថា​ ការ​ផ្អាកការងារ​បណ្តោះ​អាស​ន្ន​​មន្ត្រី​រូបនេះ​ មិនបាន​ពាក់ព័ន្ធ​ទៅ​នឹង​ការចុះ​បង្ក្រាបក្លិប​កម្សាន្ត​ «គិរី​រម្យ» នោះទេហើ​យ​ចាត់​ទុ​ក​​​ការ​លើក​ឡើង​នេះ​មិនសម​​ហេតុផល។

លោក​បញ្ជាក់ថា៖ «វា​មាន​បញ្ហា​ទាក់ទង​នឹង​ការប្តឹង​របស់​ប្រជាពលរដ្ឋ​ហើយ​គេ​ផ្អាកការ​ងារ​បណ្តោះ​អាស​ន្ន​ គឺដើម្បី​ធ្វើការ​ស៊ើប​អង្កេត។ ​នៅ​ពេល​ដែល​ស៊ើប​អង្កេត​ឃើញ​ថា​ពាក់ព័ន្ធ​ យើង​នឹង​ធ្វើ​ការពិន័យ​ទៅ​តាម​បទ​បញ្ជារបស់​កងក​ម្លាំ​ងវា​មិន​មែន​មកពី​ការ​បង្ក្រាបក្លិប​ហ្នឹង​ទេ»។

ទន្ទឹម​នឹង​នេះដែរ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់​​ស្ពឺ ​ក៏បាន​បដិសេធ​​ផង​ដែរ​ថា ការ​ផ្អាកការ​ងារ លោក​ អឹុង ឡាយ​ឆាយ នេះ គឺ​មិនបាន​ជាប់​​ពាក់​ព័ន្ធ​នឹង​ការបង្ក្រាបទៅលើ​ក្លិប​កម្សាន្ត «គិរី​រម្យ» នោះទេ​ តែ​វា​ពាក់ព័ន្ធ​ទៅ​នឹងការដែលមន្ត្រី​រូបនេះ​ បានធ្វើ​ឲ្យ​បាត់បង់​នូវ​ថវិកា និង​មាស​ដែល​មន្ត្រី​រូប​នេះ​ បាន​រឹបអូសពីការ​បង្ក្រាប​​បទ​ល្មើស​​កាលពី​កន្លង​ទៅ។

លោក​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា​​៖ «គេ​សុំ​ដក​គាត់​យូ​រហើយ ​តែដោយសារ​នីតិវិធី​វា​យឺ​ត​យ៉ាវ។ វា​ចំពេល​​​ដែល​យើង​ហៅ​គាត់​ទៅ​បង្ក្រាប​ករណី​ផ្សេង​ទៀត​ គេ​ភ្ជាប់​វា​ទៅ​ករណី​ហ្នឹង​ តែ​តាមពិត​គឺ​គាត់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​មុន​នោះ​ទេ»៕